ឧត្ដមសេនីយ៍កំពូលសហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់ឧបទ្វីបកូរ៉េ ស្របពេលដែលមានការគំរាមកំហែងដែលមិនដែលមានពីមុនមក រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងស្របពេលដែលការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងអាចបណ្ដាលឲ្យភាពតានតឹងកាន់តែកើនឡើងថែមទៀត។
ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលធ្វើដំណើរទៅកាន់ឧបទ្វីបកូរ៉េ លោកឧត្ដមសេនីយ៍ Joe Dunford ប្រធាននាយអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក បាននិយាយថា ការផ្ដោតជាចម្បងរបស់យោធាសហរដ្ឋអាមេរិក គឺការគាំទ្រចំពោះយុទ្ធនាការការទូត និងសេដ្ឋកិច្ចរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្នុងការធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ ហើយស្របពេលជាមួយគ្នានោះដែរ គឺត្រៀមនូវជម្រើសយោធាផ្សេងៗក្នុងករណីដែលយុទ្ធនាការនេះបរាជ័យ។
លោកបានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ឧបទ្វីបកូរ៉េនៅក្នុងសប្ដាហ៍នេះ គឺមានគោលបំណងធ្វើឲ្យប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក មានការទុកចិត្តចំពោះសហរដ្ឋអាមេរិក ហើយក្នុងពេលនោះដែរ គឺមានគោលបំណងកសាងទំនាក់ទំនងយោធាជាមួយនឹងប្រទេសចិន ដើម្បីការពារការប៉ាន់ស្មានខុសណាមួយ។
លោក Dunford បាននិយាយថា៖ «យើងទាំងអស់គ្នាចង់គេចចេញពីស្ថានការណ៍នៃការគំរាមកំហែងរបស់កូរ៉េខាងជើង ដោយមិនមានការធ្វើសង្គ្រាម។ ក្នុងនាមជាមេដឹកនាំយោធាមួយរូប ខ្ញុំត្រូវតែធ្វើយ៉ាងណាឲ្យបានច្បាស់ថា លោកប្រធានាធិបតី Donald Trump មានជម្រើសយោធានានាដែលអាចធ្វើទៅបាន នៅក្នុងករណីដែលយុទ្ធនាការដាក់សម្ពាធខាងការទូត និងសេដ្ឋកិច្ច មិនទទួលបានជោគជ័យ»។
លោក Dunford បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Osan នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅយប់ថ្ងៃអាទិត្យនេះ។ លោកមានគម្រោងជួបជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In និងប្រធាននាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង នៅថ្ងៃចន្ទស្អែក មុនពេលលោកធ្វើដំណើរទៅកាន់ប្រទេសចិន និងជប៉ុន នៅចុងសប្ដាហ៍នេះ៕