ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​និង​ប្រធានាធិបតី​ចិន​ពិភាក្សា​​ពី​កូរ៉េខាងជើង


យន្តហោះ​ B-1B Lancer មកដល់បន្ទាយអាកាស​ Andersen នៅកោះ Guam កាលពីថ្ងៃទី២៦ កក្កដា ២០១៧។
យន្តហោះ​ B-1B Lancer មកដល់បន្ទាយអាកាស​ Andersen នៅកោះ Guam កាលពីថ្ងៃទី២៦ កក្កដា ២០១៧។

សេតវិមាន​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថាប្រធានាធិបតី​ស.រ.អា.
Donald Trump និង​ប្រធានាធិបតី​ចិន​ Xi Junping បាន​បញ្ជាក់​ជា​ថ្មី​ទៀត​អំពី​ការប្តេជ្ញា​ទៅ​វិញ​ទៅមក​របស់​អស់លោក​ក្នុង​ការ​ធ្វើ​មិន​ឱ្យ​មាន​អាវុធ​បរមាណូ​ក្នុង​ឧបទ្វីបកូរ៉េ​នៅ​ក្នុង​ការ​និយាយ​គ្នា​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​សុក្រ។​

សេចក្តី​ថ្លែងការណ៍​នេះ​ចែង​ថា​មេដឹកនាំ​ទាំង​ពីរ​នាក់នេះ​បានបញ្ជាក់ថា​ការអនុម័ត​កាល​ពីពេល​ថ្មីៗនេះនៃ​សេចក្តី​សម្រេចចិត្ត​ថ្មី​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.ស្តី​ពី​ប្រទេស​កូរ៉េខាង​ជើង​ជា​វិធានការ​សំខាន់​និង​ចាំបាច់​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើឱ្យ​មាន​សន្តិភាព​និង​ស្ថិរភាពនៅ​លើ​ឧបទ្វីប​កូរ៉េ។​ សេចក្តី​ថ្លែងការណ៍​នេះ​របស់​សេតវិមាន​បាន​និយាយ​ថា​ប្រធានាធិបតី​ទាំង​ពីរ​នាក់​នេះ​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ដែរ​អំពី​ការ​ប្តេជ្ញា​ទៅ​វិញ​ទៅ​មក​របស់​អស់​លោក​ក្នុង​ការ​ធ្វើកុំឱ្យ​មាន​អាវុធ​បរមាណូ​ក្នុង​ឧបទ្វីប​កូរ៉េ​ហើយ​បាន​យល់​ស្របគ្នា​ថា​ប្រទេស​កូរ៉េខាង​ជើង​ត្រូវ​តែ​បញ្ឈប់​អាកប្បកិរិយា​បង្ករឿង​និង​បង្កើន​ភាពតានតឹង​របស់ផង​ខ្លួន។

កាលពី​ថ្ងៃ​សុក្រ Trump បាន​ចេញ​ផ្សាយ​ការព្រមានថ្មី​មួយ​ដល់កូរ៉េខាង​ជើង​ដោយ​និយាយ​ថា​កង​យោធា​ស.រ.អា.«ប្រុងប្រៀប»​រួច​ស្រេច​ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង បាន​បង្កើន​ការចោទ​ប្រកាន់​ថា​មេដឹកនាំ​ស.រ.អា.​រូប​នេះ​រុញ​ច្រាន​ឧបទ្វីបកូរ៉េឱ្យ​ចូលក្នុង​ភ្លើងសង្គ្រាម​បរមាណូ។

ប្រធានាធិបតី​ Trump បាន​និយាយ​ជា​ថ្មី​ទៀត​អំពី​ការព្រមាន​កាល​ពី​ពេល​មុនៗ​របស់​គាត់​ដល់​ប្រទេសកូរ៉េខាង​ជើងប្រឆាំង​នឹងការ​គំរាមកំហែង​ឬ​ការ​ធ្វើ​សកម្មភាព​លើកោះ Guam ដោយ​គាត់​បាននិយាយ​ថា​ «ប្រសិនបើ​មាន​អ្វីកើត​មាន​ឡើង​ដល់កោះ​ Guam ការណ៍​នេះ​នឹង​នាំ​ឱ្យមាន​បញ្ហា​ធំក្នុង​ប្រទេស​កូរ៉េខាង​ជើង»។ រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង បាន​គំរាម​កំហែង​ថា​នឹង​បាញ់​កាំជ្រួច​មីស៊ីល ទៅ​កាន់​កោះ Guam ដែល​ជា​ដែនដី​ស.រ.អា.នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​មាន​មូលដ្ឋាន​យោធា​ស.រ.អា.ធំៗ​នៅ​ទីនោះ៕

XS
SM
MD
LG