ដំណើរ​ទស្សនកិច្ច​របស់​អ្នកការទូត​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ផ្តោត​ពី​សម្ព័ន្ធភាព​ដ៏​ខ្លាំង​មួយ

លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​នឹង​លោក​ស្រី​រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌា Sushma Swaraj បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្រសួង​ការបរទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។

សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​គោរព​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​ឥណ្ឌា​នៅពេល​ដែល​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson បាន​ជួប​ជាមួយ​មេដឹកនាំ​ឥណ្ឌា​រួម​មាន​នាយករដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi ​នៅ​ក្នុង​រដ្ឋ​ធានី​ញូវដេលី​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សន កិច្ច​របស់​លោក​ដែល​ផ្តោត​លើ​សម្ព័ន្ធ​ភាព​ដ៏​ខ្លាំង​របស់​ប្រទេស​ទាំង២។

ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ​ហើយ​និង​តួនាទី​របស់​ឥណ្ឌា​ក្នុង​ការ​ជួយ​ការ​អភិវឌ្ឍ​ប្រទេស​អាហ្វហ្គានីស្ថាន​ជា​បញ្ហា​សំខាន់ៗ​ដែល​ត្រូវ​បាន​ពិភាក្សា​ដោយ​លោក Sushma Swaraj ​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌា​ និង​លោក Tillerson ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកដែល​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋ​ធានី​នោះ​បន្ទាប់​ពី​ការ​ឈប់​សំចត​នៅ​រដ្ឋ​ធានី​កាប៊ុល​ប្រទេសអាហ្វហ្គានីស្ថាន​ និង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​នៃ​ប្រទេស​ប៉ាគីស្ថាន។

ក្រសួងការ​បរទេស​ឥណ្ឌា ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi បាន​ស្វាគមន៍គន្លង​ជឿនលឿន​ទៅ​មុខ​ដ៏​រឹងមាំ​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​ក្នុង​អំឡុង​នៃ​ជំនួប​របស់​លោក​ជាមួយ​លោករដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Tillerson ​ហើយ​បាន​និយាយ​ទៀត​ថា ​ប្រទេស​ទាំង២​មាន​គោល​ដៅ​រួម​នៃ​ការ​លុប​បំបាត់​ហេដ្ឋារចនាសម្ព័ន្ធ​ភេរវកម្ម​ខណៈ​ដែល​នាំ​សន្តិភាព​ និង​ស្ថិរភាព​ដល់​ប្រទេសអាហ្វហ្គានីស្ថាន។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មេដឹកនាំ​ទាំង​២​បាន​បញ្ជាក់​ថា ការ​ពង្រឹង​ភាព​ជាដៃគូ​រវាង​ឥណ្ឌា ​និង​សហរដ្ឋ​អាមេរិក​មិនត្រឹម​តែ​ផ្តល់​ផល​ប្រយោជន៍ទៅវិញ​ទៅ​មក​ដល់​ប្រទេស​ទាំង​២​ទេ ​ក៏ប៉ុន្តែ ​មាន​ផល​ជា​វិជ្ជមាន​យ៉ាង​ខ្លាំង​សម្រាប់​ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​និង​ពិភពលោក។

​នៅឯ​សន្និសីទ​កាសែត​បន្ទាប់​ពីការ​ចរចា លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក Tillerson បាន​ធ្វើ​ការ​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ឈរ​ប្រកៀក​ស្មា​គ្នា​ជាមួយ​ឥណ្ឌា​នៅ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម។ ទីជម្រក​សុខសាន្ត​របស់​ភេរវជន​នឹង​មិន​ត្រូវ​អនុគ្រោះ​ជា​ដាច់​ខាត៕