ស.រ.អា.​​រិះគន់​រុស្ស៊ី និង​ចិន​ដែល​ប្រឆាំង​សេចក្ដី​សម្រេច​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​បញ្ជូន​ជំនួយ​ទៅ​ស៊ីរី

ដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែង​សុន្ទរកថា​ ក្រសួង​ការបរទេស​ កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ជំទាស់​ទៅ​នឹង​ប្រទេស​រុស្ស៊ី និង​ចិន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ឆ្លង​ព្រំដែន​ចូល​ទៅ​កាន់​ប្រទេស​ស៊ីរី។

លោក Pompoe បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា៖ «ការណ៍​ដែល​ប្រទេស​រុស្ស៊ី និង​ចិន​ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​ប្រជាពលរដ្ឋ​ស៊ីរី​រាប់​លាន​នាក់ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់»។

លោក Pompeo បាន​អះអាង​ថា៖ «សម្រាប់​ប្រទេស​រុស្ស៊ី និង​ចិន​ដែល​បាន​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ គឺ​ពួក​អ្នក​មាន​បាត​ដៃ​ប្រឡាក់​ឈាម»។

សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​រុស្ស៊ី និង​ចិន​រារាំង​នេះ មាន​គោល​បំណង​បន្ថែម​ពេល​មួយ​ឆ្នាំ​ទៀត​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​ឆ្លង​ព្រំដែន​ពី​ប្រទេស​តួកគី និង​អ៊ីរ៉ាក់​ចូល​ទៅ​ប្រទេស​ស៊ីរី ដើម្បី​ជួយ​ជន​ស៊ីវិល​ស៊ីរី ៤ លាន​នាក់ ដែល​បាន​រងគ្រោះ​ដោយសារ​ជម្លោះ​នៅ​ក្នុង​ប្រទេស​នេះ​ដែល​បាន​ចាប់ផ្ដើម​តាំង​ពី​ឆ្នាំ ២០១១ មក៕