រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងប្រធាននាយអគ្គសេនា ធិការចម្រុះយោធាអាមេរិកលោកឧត្តមសេនីយ CQ Brown Jr. បានធ្វើសក្ខីកម្មនៅសភាកាលពីថ្ងៃអង្គារទី៩ ខែមេសាអំពីថវិកាក្រសួងការពារជាតិចំនួន៨៥០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៥នៅពេលមានសំណួរថាតើពួកសមាជិកសភានឹងគាំទ្រការចំណាយបច្ចុប្បន្នសម្រាប់អ៊ីស្រាអែលឬអ៊ុយក្រែនឬទេ។
សវនាការរបស់ព្រឹទ្ធសភានេះជាសវនកម្មលើកដំបូងដែលពួកសមាជិកសភានៃគណបក្សទាំងពីរអាចសាកសួរមេដឹកនាំស៊ីវីលនិងយោធាកំពូលនៃក្រសួងការពារជាតិអំពីយុទ្ធសាស្ត្ររបស់រដ្ឋបាលស្តីពីអ៊ីស្រាអែលនៅក្រោយការវាយប្រហារដ៏ប្រល័យរបស់រដ្ឋាភិបាលក្រុង Tel Aviv លើក្រុមអ្នកធ្វើការខាងជំនួយមនុស្សធម៌នៃអង្គការ World Central Kitchen នៅក្នុងតំបន់ហ្កាហ្សា។ សវនកម្មនេះក៏មានធ្វើឡើងនៅក្រោយមានការអង្វរករដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថាបើសហរដ្ឋអាមេរិកមិនជួយឆាប់ៗទេ រដ្ឋាភិបាលក្រុងកៀវនឹងចាញ់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍នៅពេលបើកសវនាការនេះ លោក Austin និងលោក Brown បានគូសបញ្ជាក់ថាថវិការបស់លោកទាំងពីរសម្រាប់ឆ្នាំ២០២៥ត្រូវបានចាត់ចែងឱ្យសមស្របនឹងគោលដៅយុទ្ធសាស្ត្ររយៈពេលយូររបស់កងយោធាគឺប្រុងប្រៀបកងកម្លាំងនិងអាវុធសម្រាប់សង្គ្រាមក្នុងពេលអនាគតដែលអាចមានជាមួយប្រទេសចិន។ ទឹកប្រាក់ប្រមាណ១០០ពាន់លានដុល្លារនៃសំណើសុំថវិកានៅឆ្នាំនេះត្រូវចាត់ទុកសម្រាប់ប្រព័ន្ធអាវុធថ្មីក្នុងអវកាស អាវុធនុយក្លេអ៊ែរនិងសង្គ្រាម cyber ដែលក្រុមយោធាថាត្រូវវិនិយោគនៅពេលនេះនៅមុនរដ្ឋាភិបាលប៉េកាំងមានសមត្ថភាពលើសអាមេរិក។
តែសង្គ្រាមនៅអ៊ុយក្រែននិងអ៊ីស្រាអែលជាឧបសគ្គនៅក្នុងសភាមានការខ្វែងគំនិតគ្នាខ្លាំងហើយនាំឱ្យមានការពន្យារពេលច្រើនខែក្នុងការអនុម័តថវិកាការពារជាតិសម្រាប់ឆ្នាំទៅ ដែលត្រូវបានអនុម័តដោយក្រុមសមាជិកសភាកាលពីពីរបីសប្តាហ៍មុននេះ។
សេចក្តីថ្លែងបើកសវនាការរបស់លោក Austin ត្រូវបានបង្អាក់បណ្តោះអាសន្នដោយពួកបាតុករលើកទង់ជាតិប៉ាឡេស្ទីននិងស្រែកដាក់លោកឱ្យឈប់បញ្ជូនអាវុធទៅឱ្យអ៊ីស្រាអែល។ ពួកគេនិយាយថា«ចូរបញ្ឈប់ការសម្លាប់ប្រល័យពូជសាសន៍»នៅពេលពួកគេលើកដៃទៅលើ ដែលមានលាបពណ៌ក្រហម ។
ក្រសួងការពារជាតិអាមេរិកបានប្រមូលគ្រាប់រំសេវមានទឹកប្រាក់ប្រមាណ៣០០លានដុល្លារបញ្ជូនទៅឱ្យរដ្ឋាភិបាលក្រុងកៀវកាលពីខែមីនា តែមិនអាចបញ្ជូនថែមទៀតទេដោយគ្មានការគាំទ្ររបស់សភា ហើយសេចក្តីព្រាងច្បាប់បន្ថែមជំនួយ៦០ពាន់លានដុល្លារដាច់ដោយឡែកដែលអាចផ្តល់ប្រាក់សម្រាប់ការប្រឹងប្រែងទាំងនោះបានជាប់គាំងច្រើនខែមកហើយ។
លោក Austin បាននិយាយប្រាប់ពួកសមាជិកព្រឹទ្ធសភាថា«តម្លៃនៃភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិកជាការពិត។ តែវាទាបជាងតម្លៃនៃការបោះបង់ចោលរបស់សហរដ្ឋអាមេរិក»។
ប្រសិនបើរដ្ឋាភិបាលក្រុងកៀវរលំ ការណ៍នេះអាចនាំឱ្យមានគ្រោះថ្នាក់ដល់ពួកប្រទេសសមាជិកអូតង់ក្នុងតំបន់បាល់ទិកជិតខាងប្រទេសអ៊ុយក្រែនហើយនាំឱ្យក្រុមទាហានអាមេរិកជាប់ដៃក្នុងសង្គ្រាមយូរមួយក្នុងទ្វីបអឺរ៉ុប។ ប្រសិនបើមនុស្សរាប់លាននាក់ស្លាប់នៅហ្កាហ្សាដោយសារការស្រេកឃ្លាន ការណ៍នេះអាចឱ្យពួកប្រទេសអារ៉ាប់នៅជិតខាងអ៊ីស្រាអែលខឹងសម្បាហើយនាំឱ្យមានសង្គ្រាមធំជាងមុននិងមានមនុស្សស្លាប់ច្រើនជាងមុននៅមជ្ឈឹមបូព៌ា-ដែលជាសង្គ្រាមមួយនាំឱ្យមានគ្រោះថ្នាក់ដល់ក្រុមទាហានអាមេរិកាំងនិងដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកក្នុងតំបន់ជាច្រើនទសវត្សរ៍ផងដែរ។
ក្រសួងការពារជាតិអាមេរិកបានសុំសភាឱ្យគាំទ្រដល់ការផ្តល់ជំនួយថ្មីដល់អ៊ុយក្រែនសម្រាប់ពេលច្រើនខែ តែមិនបានជោគជ័យទេ។ ក្រសួងនេះក៏បានប្រកាន់គោលជំហរមួយដោយការពារអ៊ីស្រាអែលជាសម្ព័ន្ធមិត្តនិងរក្សាចំណងទាក់ទងជាមួយពួកដៃគូអារ៉ាប់សំខាន់ៗក្នុងតំបន់។ សកម្មភាពរបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សាត្រូវបានប្រើសម្រាប់ការប្រមូលក្រុមជនសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ រួមមានពួក Houthis នៅយេម៉ែននិងក្រុមតស៊ូអ៊ិស្លាមនៅទូទាំងអ៊ីរ៉ាក់និងស៊ីរី ឱ្យវាយប្រហារលើផលប្រយោជន៍អាមេរិកក្នុងតំបន់។
នាវាយោធាអាមេរិក៦គ្រឿងមានបុគ្គលិកនិងសម្ភារៈសម្រាប់កសាងសំណង់ផែក្នុងទឹកខាងមនុស្សធម៌មួយ កំពុងធ្វើដំណើរទៅហ្កាហ្សា តែនៅមានសំណួរថាតើស្បៀងអាហារដែលទៅដល់កំពង់ផែនេះនឹងត្រូវចែកចាយដោយសុវត្ថិភាពបែបណានៅក្នុងដែនដីខ្ទេចខ្ទាំនេះ។
ក្រុមសមាជិកសភាក៏ឃើញមានការទាមទារនៅក្នុងប្រទេសដែរ។ ជាច្រើនខែមកហើយ សមាជិកសភាស្តាំនិយមជ្រុលមួយចំនួនតូចបានរារាំងសភាមិនឱ្យយល់ព្រមផ្តល់ប្រាក់កាសឬអាវុធថែមទៀតទៅឱ្យអ៊ុយក្រែន រហូតដល់សេចក្តីត្រូវការក្នុងប្រទេសដូចជាការទប់នឹងលំហូរជនអន្តោប្រវេសន៍នៅព្រំដែនខាងត្បូងអាមេរិកជាដើមត្រូវបានដោះស្រាយសិន។ ប្រធានរដ្ឋសភាខាងបក្សសាធារណរដ្ឋលោក Mike Johnson ប្រឈមស្រេចហើយជាមួយការអំពាវនាវឱ្យដកលោកចេញពីតំណែងប្រធានដោយលោកស្រី Marjorie Taylor Greene តំណាងរាស្ត្រសាធារណរដ្ឋប្រចាំរដ្ឋ Georgia ពីព្រោះលោក Johnson ប្រឹងប្រែងឱ្យមានការសម្របសម្រួលមួយសម្រាប់ជំរុញជំនួយដល់អ៊ុយក្រែនឱ្យទៅមុខ។
ស្តីពីប្រទេសអ៊ីស្រាអែល ការវាយប្រហារលើអង្គការ World Central Kitchen នាំឱ្យលោកប្រធានាធិបតី Joe Biden ប្តូរឥរិយាបថអំពីថាតើអ៊ីស្រាអែលត្រូវធ្វើបែបណាដើម្បីការពារជនស៊ីវីលនៅហ្កាហ្សា ហើយបានជំរុញពួកប្រជាធិបតេយ្យរាប់សិបនាក់ រួមទាំងលោកស្រី Nancy Pelosi អតីតប្រធានរដ្ឋសភាផង ឱ្យអំពាវនាវដល់លោក Biden ឱ្យបញ្ឈប់ការផ្ទេរអាវុធទៅឱ្យអ៊ីស្រាអែល។
ចំនួនពាក់កណ្តាលនៃប្រជារាស្ត្រនៅហ្កាហ្សាកំពុងស្រេកឃ្លានហើយជិតមានទុរ្ភិក្សដោយសារការរឹតត្បិតតឹងរ៉ឹងរបស់អ៊ីស្រាអែលលើការអនុញ្ញាតឱ្យឡានធំៗដឹកជញ្ជូនជំនួយចូលក្នុងតំបន់នោះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ