លោក Yoshitake Yokokura ប្រធានសមាគមវេជ្ជសាស្ត្រជប៉ុន បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងពិបាកធ្វើការរៀបចំការប្រកួតកីឡាអូឡាំពិកនៅឆ្នាំក្រោយតាមកាលបរិច្ឆេទដែលខ្លួនបានកែប្រែណាស់ ប្រសិនបើគ្មានវ៉ាក់សាំងការពារជំងឺកូវីដ១៩ នោះទេ។
លោក Yoshitake Yokokura លើកឡើងដូច្នេះថា៖ «ខ្ញុំមិនមែននិយាយថា ប្រទេសជប៉ុនគួរ ឬមិនគួររៀបចំកីឡាអូឡាំពិកនោះទេ ប៉ុន្តែចង់បញ្ជាក់ថា វានឹងមានការពិបាកនៅក្នុងការរៀបចំ ប្រសិនបើគ្មានវ៉ាក់សាំងដ៏មានប្រសិទ្ធភាពដើម្បីការពារជំងឺកូវីដ១៩ បង្កើតឡើងទាន់ពេលវេលានោះទេ»។
ការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នេះ បានបង្ខំឲ្យអ្នករៀបចំកីឡាអូឡាំពិកផ្អាកគម្រោងរៀបចំកីឡានេះនៅខែកក្កដា ឆ្នាំនេះ ដោយពន្យារពេលព្រឹត្តិការណ៍ដែលមានការចូលរួមពីកីឡាកររាប់ពាន់នាក់មកពីជុំវិញពិភពលោកនេះរហូតដល់ឆ្នាំក្រោយ។
នៅពេលបច្ចុប្បន្ននេះ ប្រទេសជាច្រើនកំពុងធ្វើការផលិតវ៉ាក់សាំងការពារជំងឺនេះ ប៉ុន្តែអ្នកជំនាញនានាបានជំរុញឲ្យមានការប្រយ័ត្នប្រយែងថា ដំណើរការសាកល្បងទាំងសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង រួមទាំងបរិមាណនៃវ៉ាក់សាំង អាចត្រូវការពេលពី ១២ ទៅ ១៨ ខែ។
ករណីឆ្លងជំងឺកូវីដ១៩ នេះនៅលើពិភពលោកបានកើនលើស ៣ លាននាក់ និងការស្លាប់ដោយសារជំងឺនេះបានកើនលើស ២ សែន ១ ម៉ឺន ១ ពាន់នាក់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins៕