ពួកមន្ត្រីស៊ើបការណ៍សម្ងាត់កំពូលសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃអង្គារម្សិលមិញថា រុស្ស៊ីបានប្តេជ្ញាថា នឹងចូលជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិក្នុងសហរដ្ឋអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។
លោក Dan Coats ប្រធានស្ថាប័នស៊ើបការណ៍សម្ងាត់ជាតិ បានប្រាប់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាថា រុស្ស៊ីមើលឃើញថាការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ គឺជាគោលដៅយ៉ាងសំខាន់មួយរបស់ពួកគេក្នុងការជះឥទ្ធិពលរបស់ពួកគេ»។
លោក Coats បានលើកឡើងថា «ការបោះឆ្នោតនៅក្រៅប្រទេសគឺជាឱកាសដ៏ពិសេសមួយ សម្រាប់រុស្ស៊ីក្នុងការពន្លឿនការស្វែងរកអត្ថប្រយោជន៍របស់ពួកគេមិនថាដោយការបើកចំហរ និងដោយសម្ងាត់នោះទេ»។
លោកបានបន្ថែមទៀតថា «យ៉ាងហោចណាស់ ក៏យើងដឹងថារុស្ស៊ីនឹងបន្តប្រើប្រាស់ការឃោសនា បណ្តាញសង្គម ចារកម្ម អ្នកនាំពាក្យដែលពូកែនិយាយឲ្យគេអាណិត និងវិធីសាស្ត្រផ្សេងៗទៀត ដើម្បីព្យាយាមធ្វើឲ្យមានស្ថានភាពវឹកវរ និងជាប់គាំងនយោបាយនៅក្នុងសហរដ្ឋអាមេរិក»។
លោក Coats បានព្រមានបន្តថា «ការជះឥទ្ធិពល» តាមរយៈការប្រើប្រាស់បណ្តាញសង្គមគឺជាគោលដៅមួយរបស់ពួកគេ។ ដោយសារតែវិធីសាស្ត្រដែលចំណាយតិចនេះនឹង «នៅតែជាការគម្រាមកំហែងយ៉ាងខ្លាំងដល់អត្ថប្រយោជន៍របស់សហរដ្ឋអាមេរិក»។
លោក Coats បាននិយាយបន្តថា ប្រទេសរុស្ស៊ី ចិន កូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់គឺជាប្រទេសដែលគម្រាមកំហែងតាមប្រព័ន្ធអ៊ិនធឺណិតដល់សហរដ្ឋអាមេរិក។
លោក Mike Rogers ប្រធានទីភ្នាក់ងារសន្តិសុខជាតិនិយាយថា ការតាំងចិត្តរបស់រុស្ស៊ីក្នុងការជ្រៀតជ្រែកទៅក្នុងស្ថាប័នប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកគឺនឹង «មិនផ្លាស់ប្តូរ ឬមិនបញ្ឈប់នោះទេ»៕