មេដឹកនាំ​បក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា​អាមេរិក​ជំទាស់​នឹង​ការ​​ស៊ើបអង្កេត​ថ្មី​លើ​ការ​វាយ​ប្រហារ​វិមានសភា​កាល​ពី​ថ្ងៃ ​៦ ​មករា 

លោក Kevin McCarthy មេដឹកនាំ​នៃ​គណបក្ស​សាធារណរដ្ឋ​ក្នុង​​រដ្ឋសភា​អាមេរិក​ដែល​​តំណាង​រដ្ឋ California ពេល​កំពុង​​ជួបជុំ​មន្ត្រី​​រួម​បក្ស​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ​ដើម្បី​​​រក​អ្នក​ជំនួស​តំណាងរាស្ត្រ​អ្នកស្រី Liz Cheney ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​ដឹកនាំ​ក្នុង​បក្ស។

លោក Kevin McCarthy ដែល​ជាសមាជិក​សភា​តំណាងរាស្ត្រ​ខាងគណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ California បាននិយាយ​ថា​លោក​ជំទាស់​នឹង​ការ​ស៊ើបអង្កេតថ្មី​អំពីចលាចលនៅ​វិមាន Capitol ដែលបាន​បណ្តាល​ឱ្យ​មនុស្សប្រាំ​នាក់​ស្លាប់និង​មនុស្ស​រាប់​សិបនាក់​ទៀត​ត្រូវ​របូស មួយ​ផ្នែក​ពីព្រោះលោកមាន​ជំនឿថាការ​ស៊ើបអង្កេតណាមួយ​គួរ​តែពិនិត្យ​មើល​អំពើ​ហិង្សានយោបាយឯទៀតៗ​ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពីប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ដែរ។

មនុស្ស​ប្រមាណ​៨០០​នាក់​ដែលជា​ច្រើន​នាក់មាន​ពាក់មួក​និង​អាវបង្ហាញ​ការ​គាំទ្រ​លោក Trump បាន​ទម្លាយ​ខ្សែ​ការពារ​របស់​ពួក​ប៉ូលិសចូល​ក្នុង​វិមានសភា​ Capitol នៅ​ពេល​សមាជិក​សភា​ទើប​ចាប់ផ្តើម​រាប់​សន្លឹកឆ្នោត​របស់​អង្គបោះឆ្នោត​ដែល​បញ្ជាក់ថា​លោក Biden បាន​ឈ្នះ​លោក Trump។ ពីរសប្តាហ៍​បន្ទាប់​មក លោក​ Biden បាន​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី៤៦​នៃ​សហរដ្ឋ​អាមេរិក។

ពួកកុបករ​ខ្លះបាន​បំបែក​កញ្ចក់ទ្វារ​និង​បង្អួចហើយ​បានកាន់កាប់សាល​ប្រជុំទាំង​ពីរ​របស់​សភា​និង​ការិយាល័យសមាជិក​សភា​នៅ​ជិត​ខាង។​កុបករ​ជាង៤០០​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​ហើយ​ពួក​រដ្ឋអាជ្ញា​កំពុងតែ​ធ្វើការស៊ើបអង្កេតត​ទៅ​ទៀត។

សមាជិក​សភា​តំណាងរាស្ត្រ​មួយក្រុម​ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​បាន​យល់​ស្រប​គ្នាកាល​ពី​ពាក់កណ្តាល​ខែឧសភាអំពី​ទម្រង់​និង​ទំហំ​នៃ​គណៈកម្មការ​ស៊ើបអង្កេត​អំពី​មូលហេតុនិង​វិធី​បះបោរ​នោះ។ លោកស្រី​ Nancy Pelosi ប្រធានសភា​តំណាង​រាស្ត្រអាមេរិកាំង​និង​ជាមេដឹកនាំ​ក្រុម​ភាគ​ច្រើនខាង​គណបក្ស​ប្រជាធិបតេយ្យក្នុង​រដ្ឋសភា​បាន​ទទួល​សំឡេងឆ្នោត​គាំទ្រគ្រប់គ្រាន់​ដើម្បី​បង្កើត​គណៈកម្មការ​នេះ​នៅក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ។ ប៉ុន្តែ​សេចក្តី​ព្រាងច្បាប់​នេះ​មិន​ប្រាកដ​ជា​មានការ​យល់ព្រម​ក្នុង​ព្រឹទ្ធសភា​ដែល​មានការ​ខ្វែងគំនិតគ្នា​ខ្លាំង​ខាង​នយោបាយនោះទេ។

លោក McCarthy បាននិយាយ​ថា​គណៈកម្មាធិការ​សភា​មួយចំនួនបានស៊ើបអង្កេត​ហើយ​អំពី​ព្រឹត្តិការណ៍​ជុំវិញ​ថ្ងៃទី​៦​មករា​នៅ​ពេល​ដែល​លោកTrump បានអំពាវនាវ​ក្រុមអ្នកគាំទ្រ​លោក នៅក្នុងការ​ប្រមូលផ្តុំ​នយោបាយ​មួយ​នៅ​ជិតសេតវិមាន​ ឱ្យ​ដើរទៅកាន់វិមានសភា Capitol ដើម្បីប្រឈមនឹង​ក្រុម​សមាជិក​សភា។ អតីតប្រធានាធិបតីរូប​នេះ​នៅ​តែ​និយាយ​ទទូច​ត​ទៅ​ទៀតថា​លោក​បានជាប់​ឆ្នោត​នៅ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ថ្មីហើយមិន​ដែលបានហៅ​ទូរស័ព្ទ​ទៅ​លោក Biden ដើម្បីទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ឡើយ។

លោក McCarthy បាន​ថ្លែង​ថា​របៀបវារៈ​របស់គណៈកម្មការ​ណាមួយ​គួរ​មាន​រួម​បញ្ចូលការ​ស៊ើបអង្កេតអំពីអំពើហិង្សានយោបាយ​ឯ​ទៀតៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក McCarthy បាននិយាយ​ថា៖ «ការផ្តោត​ការ​យក​ចិត្តទុកដាក់​ជា​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យនៅ​ពេល​នេះ​ដើម្បីបង្កើត​គណៈកម្មការបន្ថែម​មួយ​ទៀតមិន​បាន​អើពើ​ដល់អំពើ​ហិង្សា​នយោបាយដែល​បានកើត​ឡើង​ក្នុង​ទីក្រុង​នានា​នៃ​ប្រទេស​អាមេរិកដូចជា​ការវាយប្រហារ​លើសមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋដែល​កំពុង​ហ្វឹកហ្វឺន​កីឡា​baseball កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ និង​ការ​វាយប្រហារ​លើ​ប៉ូលិសវិមាន​សភា​Capitol កាល​ពី​ថ្ងៃទី២​ខែ​មេសាឆ្នាំ​២០២១ដែល​បណ្តាល​ឲ្យ​ប៉ូលិស​ម្នាក់​ស្លាប់​ជាដើម។ លោកMcCarthy​ថ្លែងថា​មិន​អាច​មាន​ការ​អត់​ឱន​ចំពោះ​អំពើ​ហិង្សា​ខាង​នយោបាយក្នុង​សង្គម​អាមេរិកាំង​ទេ​ហើយ​មិនត្រូវ​មើល​រំលង​ទេ»។

ខណៈ​ដែល​ការ​រាយការណ៍​ព័ត៌មាន​ប្រចាំ​ថ្ងៃ​មិន​បាន​និយាយច្រើន​ដូចមុន​អំពី​ព្រឹត្តិការណ៍​ពី​ថ្ងៃ​ទី​៦ ខែ​មករា សមាជិក​គណបក្ស​សាធារណរដ្ឋ​ខ្លះមិន​បានផ្តល់​សារៈ​សំខាន់​ដល់​ភាព​ធ្ងន់ធ្ងរ​នៃ​ហេតុការណ៍​នោះ​ទេ។ កាលពី​ពាក់​កណ្តាល​ខែ​ឧសភា ​សមាជិកសភា​ម្នាក់បាន​ហៅ​ពួក​អ្នក​លុក​ចូលក្នុងវិមាន​សភា​Capitol ថាដូចជាពួក​ទេសចរដែល​ទៅទស្សនា​អគារ​នោះដែរ។

ក៏​ប៉ុន្តែ​ក្រុម​អ្នក​ប្រឆាំង​ខាង​នយោបាយ​នឹង​លោក Trump និយាយ​ថា​ពួក​គេយល់​ឃើញ​ថា​ការ​វាយ​ប្រហារ​នោះ​ជាការ​វាយ​លុកប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​ហើយ​សង្ឃឹម​ថា​ការ​ស៊ើបអង្កេត​របស់​គណៈកម្មការ​នេះ​នឹងរក​ឱ្យ​ឃើញ​មុខនាទី​របស់​លោក Trump ក្នុង​ការ​បង្ក​អំពើ​ហិង្សានោះ៕

ប្រែសម្រួលដោយ​លោក ឈឹម សុមេធ