សារព័ត៌មានអន្តរជាតិ Reuters បានចុះផ្សាយថា រដ្ឋាភិបាលចិនមិនបានអនុម័តប្រាក់កម្ចីណាមួយដល់កម្ពុជាក្នុងឆ្នាំ ២០២៤ ឡើយ បើទោះបីជាប្រទេសមហាអំណាចមួយនេះបានក្លាយជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។
បើតាមសារព័ត៌មាន Reuters ដែលបានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ដោយយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ចកម្ពុជា ការដួលរលំនៃមូលនិធិអាចជាសញ្ញាបង្ហាញពីវិធីសាស្រ្តប្រុងប្រយ័ត្នបន្ថែមទៀតរបស់ប្រទេសចិន ចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធមិនជោគជ័យជាបន្តបន្ទាប់នៅក្នុងបណ្តាប្រទេសនានានៃតំបន់អាស៊ីអាគ្នេយ៍។
ចិនគឺជាម្ចាស់បំណុលធំជាងគេនៃបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាដែលមានចំនួន ៣៤% នៃបំណុលសាធារណៈសរុបក្រៅប្រទេសប្រមាណជា ១១,៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ២០២៤។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលកម្ពុជាចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។ ទិន្នន័យកាលពីប៉ុន្មានឆ្នាំមុនបង្ហាញថា បំណុលកម្ពុជាជំពាក់ចិនមានទៅដល់ប្រមាណ ៥០% នៃបំណុលសរុប។
បើតាម Reuters ការមិនមានកម្ចីថ្មីពីចិនចាប់ពីខែមករា ដល់កញ្ញា ឆ្នាំ ២០២៤ គឺធ្លាក់ចុះទឹកប្រាក់ចំនួន ២១២ លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក មាស សុខសេនសាន អ្នកនាំពាក្យ ក្រសួងសេដ្ឋកិច្ច និងលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បាននៅឡើយទេ។ ដោយឡែក លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បដិសេធមិនផ្តល់ការអត្ថាធិប្បាយ។
គេមិនទាន់ដឹងនៅឡើយទេថា តើរដ្ឋាភិបាលចិននឹងផ្តល់កម្ចីដល់កម្ពុជាសម្រាប់ឆ្នាំ ២០២៥ ខាងមុខឬក៏យ៉ាងណា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិងជាសមាជិកព្រឹទ្ធសភាមួយរូប លោក សុខ ឥសាន ប្រាប់វីអូអេថា ការផ្តល់កម្ចីរបស់ចិនគឺជាសិទ្ធិសម្រេចនិងទៅតាមលទ្ធភាពរបស់ចិននៅក្នុងការឲ្យកម្ពុជា។ លោកថា សេចក្តីសម្រេចចិត្តនេះអាចបណ្តាលមកពីបញ្ហាផ្ទៃក្នុង ឬក៏ការគណនាពីគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្រោមគម្រោង Belt and Road Initiatives (BRI) ឬហៅថា ខ្សែក្រវាត់ពាណិជ្ជកម្ម។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យរូបនោះថា ចិន«មិនអាចបោះបង់ចោល»កម្ពុជាឡើយ។
លោក សុខ ឥសាន ថ្លែអថា៖ «ក៏ប៉ុន្តែបើផ្អែកទៅលើទំនាក់ទំនងទ្វេភាគីកម្ពុជាចិននេះ ខ្ញុំយល់ថា ចិនមិនអាចបោះបង់ចោលការយកចិត្តទុកដាក់ចំពោះកម្ពុជាបានទេ ព្រោះប្រែក្លាយមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ រហូតដល់មានលក្ខណៈជាដែកថែប ចំណងសាមគ្គីភាព មិត្តភាពជាដែកថែប ហើយជាកិច្ចសហប្រតិបត្តិការរឹងមាំ ជាត្បូងពេជ្រទៀត ខ្ញុំយល់ថា ចិនលោកមិនបោះបង់ចោលកម្ពុជាទេ»។
បើតាមអ្នកនាំពាក្យរូបនេះ ស្ថានភាពពិភពលោកកំពុងមានការប្រែប្រួល។ លោក សុខ ឥសាន ថា បើទោះបីជាលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកនឹងមកកាន់អំណាចនាពេលមុខនេះដែលអាចធ្វើឲ្យមានការប្រែប្រួលបែបណាក៏ដោយ ក៏លោកនៅតែយល់ថា ចិនមិនចោលកម្ពុជាឡើយ។
លោក សុខ ឥសាន ថ្លែងបន្តថា រដ្ឋាភិបាលកម្ពុជាមាន«ភាពឈ្លាសវៃ»នៅក្នុងការស្វែងរកថវិកាដើម្បីអនុវត្តផែនការឲ្យបានជោគជ័យ។
បើតាមរបាយការណ៍ដដែលរបស់សារព័ត៌មាន Reuters ការមិនមានកម្ចីថ្មីពីចិនមិនបានប៉ះពាល់ដល់កម្ចីជារួមរបស់កម្ពុជាទេ ដោយសារតែម្ចាស់បំណុលផ្សេងទៀតបានឈានជើងចូលដោយផ្តល់កម្ចីមកដល់កម្ពុជា។ ក្នុងនោះរួមមានធនាគារពិភពលោក (World Bank) ដែលបានចុះហត្ថលេខាលើប្រាក់កម្ចីដែលមានទឹកប្រាក់ ៥៦៤ លានដុល្លារអាមេរិក រហូតមកដល់ពេលនេះ ដែលបានក្លាយជាអ្នកផ្តល់ប្រាក់កម្ចីកំពូលរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២៤ បន្ទាប់មកគឺប្រទេសជប៉ុនដែលបានផ្តល់កម្ចីជាទឹកប្រាក់ ២៦២ លានដុល្លារអាមេរិក។
អ្នកជំនាញភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី ប្រាប់វីអូអេថា ការផ្អាកកម្ចីរបស់ចិនមកកម្ពុជានឹងធ្វើឲ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ច និងផែនការនយោបាយដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ។
បើតាមអ្នកជំនាញរូបនេះ គម្រោងធំៗរបស់ចិននៅកម្ពុជាមិនបង្កើតផលចំណេញច្រើនដល់ចិនឡើយ។
លោក សេង វណ្ណលី ថ្លែងថា៖ «ចិនគាត់វិនិយោគ គាត់ចង់ឃើញ Profit (ផលចំណេញ) ធម្មតាគេវិនិយោគ គេចង់ឃើញផលចំណេញ។ ក៏ប៉ុន្តែការវិនិយោគកន្លងមកនេះ វាមិនបានទទួលផលចំណេញច្រើន បើប្រៀបធៀបជាមួយនឹងទំហំវិនិយោគដែលចិនគាត់បានដាក់វិនិយោគនៅវៀតណាម នៅឥណ្ឌូណេស៊ី នៅថៃ នៅប្រទេសផ្សេងទៀត នៅក្រៅតំបន់ ដូចជានៅអាហ្វ្រិក។ ដោយឡែក នៅកម្ពុជានេះហាក់ដូចជាចំណាយច្រើន ប៉ុន្តែគ្រាន់តែលទ្ធផលបានមកវិញតិច»។
លោកសេង វណ្ណលី យល់ថា ដើម្បីទាក់ទាញការវិនិយោគក្រៅពីកម្ចី រដ្ឋាភិបាលកម្ពុជាគួរតែធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅដោយចាត់វិធានការឲ្យតឹងរ៉ឹងលើអំពើទុច្ចរិត ជាពិសេសប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចល្អ ដើម្បីទប់ស្កាត់អំពើពុករលួយ។
គួរបញ្ជាក់ថា នៅអំឡុងពេលទស្សនកិច្ចនៅប្រទេសចិនកាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានលើកឡើងផងដែរអំពីការពង្រឹងទំនាក់ទំនងជឿជាក់ និងទំនុកចិត្តខាងនយោបាយ ដោយបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស និងរវាងរដ្ឋទាំងពីរ។ លោក ហ៊ុន សែន ក៏បានស្នើសុំឲ្យចិនបន្តផ្តល់ជំនួយឥតសំណងនិងកម្ចីឥណទាន និងជំរុញការវិនិយោគ ដែលលោកថា មិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។
ទោះជាយ៉ាងណា គេមិនទាន់ឃើញមានការផ្សព្វផ្សាយព័ត៌មានថា តើរដ្ឋាភិបាលចិននឹងសម្រេចផ្តល់កម្ចីឲ្យកម្ពុជាសម្រាប់ឆ្នាំ ២០២៥ ឬយ៉ាងណានោះទេ៕