ក្រុង​តូក្យូ​រាយការណ៍​ពី​ករណី​ឆ្លង​កូវីដ១៩​​ថ្មី​​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​២​ខែ​

មនុស្ស​ម្នា​ដើរ​លើ​គំនូស​ថ្មើរ​ជើង​ក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃព្រហស្បតិ៍​ទី​២ កក្កដា ឆ្នាំ២០២០។

ក្រុម​មន្ត្រី​នៅ​រាជធានី​តូក្យូ​របស់​ជប៉ុន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ពី​ករណី​ឆ្លង​កូវីដ១៩​ថ្មី​ចំនួន​១០៧​ករណី ដែល​ជា​ចំនួន​ករណី​ឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃ​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​២​ខែ។

អភិបាល​ក្រុង​តូក្យូលោកស្រី Yuriko Koike បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ការ​ឆ្លង​ថ្មី​ជា​ច្រើន​មាន​ចំពោះ​មនុស្ស​អាយុជាង​២០ឆ្នាំ​និង​៣០​ឆ្នាំ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​តាម​កន្លែង​កម្សាន្ត​ពេល​រាត្រី។

អភិបាល​ក្រុង​រូប​នេះ​បាន​ទទូច​ឲ្យ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​កម្សាន្ត​ទៅ​ធ្វើ​តេស្ត​និង​ឲ្យ​ពលរដ្ឋ​តូក្យូ​ផ្អាក​ការ​ទៅ​កម្សាន្ត​នៅ​តាម​ក្លឹមកម្សាន្ត​ពេល​រាត្រី​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​កូរ៉ូណា។

មន្ត្រី​ជប៉ុន​និយាយ​ថា កន្លង​មក​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​តូក្យូ​មាន​ចំនួន​ទាប​រហូត​មក​ដល់​សប្តាហ៍​មុន​នៅ​ពេល​ដែល​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ចាប់​ផ្តើម​កើន​លើស​៥០​ករណី​ថ្មី​ក្នុង​មួយ​ថ្ងៃ។

នៅ​ជុំ​វិញ​ពិភព​លោក គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង​១០​លាន​៧​សែន​នាក់​ហើយ ដោយ​មាន​មនុស្ស​ជាង​៥១៧.០០០​នាក់​បាន​ស្លាប់​ពី​ជំងឺ​កូវីដ១៩៕