ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួននឹងបើកពាក្យបណ្ដឹងឡើងវិញនៅអង្គការពាណិជ្ជកម្មពិភពលោក ប្រឆាំងនឹងប្រទេសជប៉ុន ទាក់ទិននឹងការគ្រប់គ្រងតឹងតែងរបស់ជប៉ុនលើការនាំចេញវត្ថុធាតុដើមសំខាន់ៗដែលប្រើនៅក្នុងវិស័យបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង។
រដ្ឋាភិបាលក្រុងសេអ៊ូល ដំបូងបានដាក់ពាក្យបណ្ដឹងនេះកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលក្រុងតូក្យូដកកូរ៉េខាងត្បូងចេញពីបញ្ជីដៃគូពាណិជ្ជកម្មដ៏ទុកចិត្តរបស់ខ្លួន ដែលនេះជាវិធានការមួយដែលបញ្ចប់នូវដំណើរការលឿន និងពន្យឺតដល់ការនាំចេញសារធាតុគីមីសំខាន់ ៣ ប្រភេទ ដែលប្រើនៅក្នុងការផលិតបន្ទះ chip និងរូបភាពអេក្រង់កុំព្យូទ័រ។
ជប៉ុនបានលើកឡើងថា ខ្លួនរារាំងដូច្នេះ ដោយសារតែមានការព្រួយបារម្ភផ្នែកសន្តិសុខ។
កូរ៉េខាងត្បូងបានផ្អាកពាក្យបណ្ដឹងនេះកាលពីខែវិច្ឆិកា ឆ្នាំមុន ដែលជាផ្នែកមួយនៃកាយវិការក្នុងឆន្ទៈល្អ ក្នុងគោលបំណងដោះស្រាយបញ្ហាតាមរយៈការចរចាដោយផ្ទាល់។
ប៉ុន្តែ លោក Na Seung Sik ដែលជាមន្ត្រីនៃក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារម្សិលមិញថា ការពិភាក្សាមិនបានផ្ដល់លទ្ធផលជាផ្លែផ្កាអ្វីនោះទេ ដោយសារតែរដ្ឋាភិបាលជប៉ុនគ្មានឆន្ទៈនៅក្នុងការដោះស្រាយជម្លោះ។
លោកបានបន្ថែមទៀតថា គ្មានបញ្ហាសន្តិសុខណាមួយកើតឡើងនោះទេ ពាក់ព័ន្ធនឹងវត្ថុធាតុដើមទាំងនេះ នៅក្នុងរយៈពេល ១១ ខែកន្លងមកនេះ។
ពាក្យបណ្ដឹងនេះស្នើឲ្យអង្គការពាណិជ្ជកម្មពិភពលោកបើកគណៈកម្មាធិការដោះស្រាយជម្លោះ ដែលជាដំណើរការមួយដែលអាចត្រូវការពេលជាងមួយឆ្នាំដើម្បីដោះស្រាយបញ្ហា៕