មេដាយ​កីឡា​អូឡាំពិក​នៅ​តូក្យូ​នឹង​ផលិត​ឡើង​ពី​ទូរស័ព្ទ​ដៃ​ចាស់ៗ

កីឡាករ​ហែល​ទឹក​អូឡាំពិក​របស់​អាមេរិក​ឈរ​ថត​រូប​ជាមួយ​នឹង​មេដាយ​មាស​របស់​ខ្លួន។

មេដាយ​សម្រាប់​កីឡា​អូឡាំពិក​និង​ប៉ារ៉ាឡាំពិក​ឆ្នាំ​២០២០​នៅ​ទីក្រុង តូក្យូ នឹង​ផលិត​ឡើង​ពី​លោហធាតុ​ដែល​ចម្រាញ់​ចេញ​ពី​ទូរស័ព្ទ​ដៃ​ចាស់ៗ​ដែល​គេ​បោះចោល។

គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​និយាយ​ថា ពួកគេ​កំពុង​តែ​ស្នើ​ដល់​សាធារណជន​ជប៉ុន​ឲ្យ​បរិច្ចាគ​ទូរស័ព្ទ​ដៃ​ចាស់ៗ​ឬ​គ្រឿង​អេឡិចត្រូនិច​ចាស់ៗ​ដទៃ​ទៀត ដើម្បី​ប្រមូល​លោហធាតុ​ប្រមាណ​៨​តោន​សម្រាប់​ផលិត​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​ចំនួន​៥០០០គ្រឿង សម្រាប់​ផ្តល់​ជូន​ដល់​ជ័យលាភី​នៅ​ក្នុង​ការប្រកួត​កីឡា​ទាំង​២​នេះ។

ចាប់​ផ្តើម​ពី​ខែ​មេសា​នេះ​ទៅ ប្រអប់​ពិសេស​មួយ​សម្រាប់​បរិច្ចាគ​ទូរស័ព្ទដៃ​ចាស់ៗ​នឹង​ត្រូវ​ដាក់​នៅ​តាម​ការិយាល័យ​និង​ហាង​លក់​ទូរស័ព្ទ​ដៃ​នានា។

យោង​តាម​សារព័ត៌មាន BBC លោក Koji Murofushi ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​និង​ប៉ារ៉ាឡាំពិក​ទីក្រុង​ តូក្យូ​ ឆ្នាំ ២០២០​នេះ បាន​មាន​ប្រសាសន៍​ថា «គម្រោង​ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជប៉ុន​អាច​ចូលរួម​នៅ​ក្នុង​ការ​ផលិត​មេដាយ​នេះ​បាន គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់។ ធនធាន​នៅ​លើ​ផែនដី​យើង​មាន​កម្រិត ដូច្នេះ​ការ​កែច្នៃ​ធនធាន​ទាំង​នេះ​ឡើង​វិញ​នឹង​ធ្វើ​ឲ្យ​យើង​គិតគូរ​ដល់​បរិស្ថាន»។

វិធានការ​នេះ​ត្រូវ​បាន​ទទួល​ការគាំទ្រ​ពី​អតីត​កីឡាករ​ទទួល​បាន​មេដាយ​មាស​របស់​អាមេរិក លោក Ashton Eaton។ លោក​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Tweeter ថា លោក​ចង់​ឈប់​ចូលនិវត្តន៍ ហើយ​មក​ប្រកួត​ដណ្តើម​យក​មេដាយ​មួយ​ក្នុង​ចំណោម​មេដាយ​ផលិត​ពី​សំណល់​កែច្នៃ​ទាំង​នេះ។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​សំណល់​កែច្នៃ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផលិត​មេដាយ​អូឡាំពិក​នោះ។ នៅ​ក្នុង​ការប្រកួត​កីឡា​អូឡាំពិក​កាល​ពី​ឆ្នាំ២០១៦​នៅ​ទីក្រុង Rio មេដាយ​សំរឹទ្ធ​និង​មេដាយ​ប្រាក់​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្នែក ពី​ផលិតផល​កែច្នៃ​ឡើង​វិញ៕