កីឡាអូឡាំពិកនៅទីក្រុង Rio ប្រទេសប្រេស៊ីល កំពុងដំណើរការហើយ ដោយគេឃើញមានកីឡាផ្សេងៗចាប់ផ្ដើមប្រកួតដូចជា កីឡាប្រណាំងកង់ កីឡាបាល់ទះនៅឆ្នេរខ្សាច់ កីឡាប្រដាល់ និងកីឡាហែលទឹក ក្នុងចំណោមការប្រកួតកីឡាផ្សេងៗជាច្រើនទៀត បានប្រព្រឹត្តិទៅកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
កីឡាការនី Ginny Thrasher វ័យ ១៩ ឆ្នាំ ទទួលបានមេដាយមាសនៅក្នុងការប្រកួតកីឡាបាញ់កាំភ្លើងវែងស្ត្រី ដោយយកឈ្នះគូប្រកួតជនជាតិចិនពីរនាក់ផ្សេងទៀត គឺកីឡាការនី Du li និងកីឡាការនី Yi Siling។ មេដាយមាសនេះជាមេដាយមាសទទួលបានដំបូងគេបង្អស់នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០១៦ នេះ។
រីឯក្រុមកីឡាហែលទឹកវិញ កីឡាការនី Katie Ledecky ទទួលបានមេដាយប្រាក់នៅក្នុងការប្រកួតហែលទឹកសេរីចម្ងាយ ១០០ ម៉ែត្រ ៤ ត្រឡប់។ កីឡាការនីជនជាតិអូស្ត្រាលីបានបំបែកឯកគទ្ទកម្មពិភពលោក ដោយឈ្នះក្នុងថេរវេលា ៣ នាទី ៣០,៦៥ វិនាទី។
ប្រធានាធិបតីស្តីទីប្រទេសប្រេស៊ីលលោក Michel Temer បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកប្រកួតកីឡាអូឡាំពិកនេះ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋផ្សេងៗទៀតដូចជាលោកប្រធានាធិបតីបារាំង Francois Hollande និងលោកនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi ជាដើម។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerryនិងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon រួមទាំងអ្នកតំណាងរដ្ឋាភិបាលប្រទេសជាង ២០ ផ្សេងទៀត ក៏មានវត្តមាននៅក្នុងពិធីបើកនោះដែរ៕