ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​កោះ​តៃវ៉ាន់​ផ្តោត​លើ​ការ​ប្រឆាំង ​ឬ​ការ​បង្រួប​បង្រួម​ជាមួយ​នឹង​ចិន

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​មួយ​ នៅ​ក្នុង​ក្រុង Kaohsiung កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

លោកស្រី​ប្រធានាធិបតី Tsai Ing-wen ដែល​ត្រូវ​គេ​រំពឹងថា​នឹង​ឈរឈ្មោះ​បោះឆ្នោត​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​កាន់អំណាច​នៅ​កោះ​តៃវ៉ាន់​ នឹង​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​សម្រាប់​អាណត្តិ​ទីពីរ​របស់​លោកស្រី​ពី​សបា្តហ៍​នេះ​ត​ទៅ។

លោកស្រី Tsai នឹង​មិន​ចរចា​ជាមួយ​ក្រុម​មន្រ្តី​នៅក្នុង​ទីក្រុង​ប៉េកាំង​ទេ​ រហូត​ទាល់​តែ​រដ្ឋាភិបាល​កុម្មុយនិស្ត​នេះ​ទម្លាក់​ចោល​ការ​ទាមទារ​របស់​ខ្លួន ​ដែល​ចង់ឲ្យ​លោកស្រី ​Tsai ប្រកាស​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​ថា​ ជា​ផ្នែក​មួយ​របស់​ប្រទេសចិន។

លោកស្រី Tsai វ័យ៦២ឆ្នាំ​ ដែល​បាន​ជាប់ឆ្នោត​លើក​ទីមួយ​កាល​ពី​ឆ្នាំ២០១៦​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់អាណត្តិ​ទីពីរ ​ខាងគណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ ​ឬ ​Democratic Progressive Party ប្រជែង​ជាមួយ​នឹង​បេក្ខជន​មកពី​ខាងគណបក្ស​ជាតិនិយម​ ឬ Nationalist Party ដែល​ជា​គណបក្ស​ប្រឆាំង​មាន​ទំនោរ​ទៅខាង​រដ្ឋាភិបាល​ក្រុងប៉េកាំង។ បេក្ខជន​ឈរ​ឈ្មោះឆ្នោត​នឹង​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ​រហូត​ដល់​ថ្ងៃបោះឆ្នោត​នៅក្នុង​ខែ​មករា​ ឆ្នាំ​ក្រោយ។

ប្រទេសចិន​បាន​ទាមទារ​ឲ្យ​ដាក់​កោះតៃវ៉ាន់​ជា​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ចាប់តាំង​ពី​សម័យ​សង្រ្គាម​ស៊ីវិល​ចិន​ កាល​ពី​ទសវត្សរ៍​១៩៤០មក​ម៉្លេះ។ ប្រទេស​ចិន​បាន​ទទូច​ឲ្យ​ដែនដី​ទាំងពីរ​បង្រួបបង្រួម​គ្នា។ កោះតៃវ៉ាន់​បាន​ក្លាយ​ជា​ដែន​កោះ​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ទសវត្សរ៍ ១៩៨០ ​ហើយ​តាមរយៈ​ការ​ស្ទង់មតិ​មួយ​ កាល​ពី​ខែ​មករា​ បង្ហាញ​ថា ​ប្រជាពលរដ្ឋ​តៃវ៉ាន់​៨០ភាគរយ​ប្រឆាំង​ទៅ​នឹង​ការបង្រួបបង្រួម​ជាមួយ​នឹង​ទីក្រុង​ប៉េកាំង។

ក៏ប៉ុន្តែ ​អ្នកបោះឆ្នោត​ភាគច្រើន​ក៏​ចង់​ឲ្យ​តៃវ៉ាន់​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​រឹងមាំ​ជាមួយ​នឹង​ប្រទេសចិន​ដែរ។ គណបក្ស​របស់​លោកស្រី Tsai តែងតែ​រក្សា​ជំហរ​ប្រឆាំង​នឹង​ចិន​ និង​មិន​ដែល​យល់​ព្រម​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុងប៉េកាំង​ឡើយ ខណៈ​គណបក្ស​ជាតិ​និយម​មានប្រវត្តិ​សន្ទនា​ជាមួយ​នឹង​ចិន​ ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ការវិនិយោគ៕