នៅឆ្នាំទី៣នៃសង្គ្រាមនៅអ៊ុយក្រែន អូតង់គ្រោងនឹងពង្រឹងទំនាក់ទំនងជាមួយដៃគូឥណ្ឌូប៉ាស៊ីហ្វិកចំនួន៤របស់ខ្លួនឱ្យកាន់តែស៊ីជម្រៅ ដែលបើទោះជាមិនមែនជាផ្នែកនៃសម្ព័ន្ធមិត្តយោធាក៏ដោយ ក៏កំពុងកាន់តែលេចធ្លោ ខណៈរុស្ស៊ីនិងចិនមានទំនាក់ទំនងកាន់តែជិតស្និតដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយប្រទេសកូរ៉េទាំងពីរគាំទ្រភាគីជម្លោះផ្ទុយគ្នានៅអឺរ៉ុប។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់សារព័ត៌មាន AP។
មេដឹកនាំនូវែលសេឡង់ ជប៉ុន និងកូរ៉េខាងត្បូងនឹងចូលរួមកិច្ចប្រជុំកំពូលអូតង់ក្នុងឆ្នាំទី៣ជាប់ៗគ្នា ដែលចាប់ផ្តើមនៅថ្ងៃអង្គារ ទី៩ ខែកក្កដា នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលអូស្ត្រាលីនឹងបញ្ជូនឧបនាយករដ្ឋមន្ត្រីរបស់ខ្លួនទៅចូលរួម។ ចិននឹងតាមដានកិច្ចប្រជុំកំពូលនេះយ៉ាងដិតដល់ ដោយបារម្ភថា ក្រុមសម្ព័ន្ធមិត្តនេះបង្កើនចំណាប់អារម្មណ៍លើសពីតំបន់អឺរ៉ុបនិងតំបន់លោកខាងលិច។
លោក Antony Blinken រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិកបានថ្លែងកាលពីសប្តាហ៍មុននៅឯវិទ្យាស្ថាន Brookings ថា៖«ប្រទេសជាដៃគូនានានៅអឺរ៉ុបមើលឃើញបញ្ហាប្រឈមកាន់តែច្រើនឡើងនៅអាស៊ីមានជាប់ពាក់ព័ន្ធនឹងពួកគេ ដូចទៅនឹងប្រទេសជាដៃគូនៅអាស៊ីផងដែរដែលមើលឃើញបញ្ហាប្រឈមនៅអឺរ៉ុបក៏មានជាប់ពាក់ព័ន្ធនឹងពួកគេផងដែរ»។
មន្ត្រីការទូតកំពូលរបស់អាមេរិករូបនេះបានថ្លែងថា សហរដ្ឋអាមេរិកបាននិងកំពុងធ្វើការដើម្បីបំបែករបាំងរវាងសម្ពន្ធមិត្តអឺរ៉ុប ក្រុមចម្រុះអាស៊ីនិងដៃគូដទៃទៀតនៅទូទាំងពិភពលោក។ លោកបានថ្លែងថា៖ «នោះជាផ្នែកនៃទស្សនីយភាពថ្មី ធរណីមាត្រថ្មីដែលយើងដាក់ចេញ»។
បណ្តាប្រទេសនានាដែលមានការព្រួយបារម្ភផ្នែកសន្តិសុខរួមកំពុងពង្រឹងទំនាក់ទំនងជាមួយគ្នា ខណៈមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងចិន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមទប់មហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីប្រជែងនឹងសណ្តាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលចិនច្រានចោលថាជាផ្នត់គំនិតពីសម័យសង្គ្រាមត្រជាក់មានគោលបំណងទប់ស្កាត់ការកើនឡើងដែលមិនអាចជៀសបានរបស់ចិន។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលក្រុងប៉េកាំងបានឆ្លើយតបយ៉ាងខឹងសម្បាទៅកាន់របាយការណ៍ដែលមិនត្រូវបានបញ្ជាក់ថា អូតង់និងដៃគូឥណ្ឌូប៉ាស៊ីហ្វិកទាំង៤របស់ខ្លួនត្រូវបានគេរំពឹងថា នឹងបញ្ចេញឯកសារមួយបង្ហាញពីទំនាក់ទំនងនិងសមត្ថភាពរបស់ពួកគេដើម្បីឆ្លើយតបរួមគ្នាទៅនឹងការគំរាមកំហែងនានាពីការវាយប្រហារតាមអ៊ីនធឺណិតនិងព័ត៌មានមិនពិត។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានចោទប្រកាន់អង្គការអូតង់ ថា «បំពានព្រំដែន ពង្រីកអាណត្តិ និងឈានហួសតំបន់ការពាររបស់ខ្លួនហើយអុចអាលឱ្យមានការប្រឈមដាក់គ្នា»។
សង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឱ្យប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ីនិងសម្ព័ន្ធមិត្តនោះ បានជំរុញឱ្យមានការជជែកវែកញែកឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងសហរដ្ឋអាមេរិក អឺរ៉ុប និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់សភាសហរដ្ឋអាមេរិកកាលពីខែមេសាថា៖ «អ៊ុយក្រែនសព្វថ្ងៃនេះអាចជាអាស៊ីខាងកើតនៅថ្ងៃស្អែក»។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានចោទប្រកាន់រដ្ឋាភិបាលកូរ៉េខាងជើងថា បានផ្គត់ផ្គង់រុស្ស៊ីនូវគ្រឿងផ្ទុះ ខណៈប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើដំណើរទៅកាន់កូរ៉េខាងជើងកាលពីខែមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដែលចង់បានជំនួយយោធារួម។
ស្របពេលជាមួយគ្នានេះ កូរ៉េខាងត្បូងនិងជប៉ុនកំពុងបញ្ជូនគ្រឿងផ្គត់ផ្គង់យោធានិងជំនួយទៅកាន់អ៊ុយក្រែន។ សហរដ្ឋអាមេរិកក៏បានថ្លែងដែរថា ចិនកំពុងផ្តល់ឱ្យរុស្ស៊ីនូវឧបករណ៍ម៉ាស៊ីននានា គ្រឿងមីក្រូអេឡិចត្រូនិច និងបច្ចេកវិទ្យាផ្សេងៗដែលអនុញ្ញាតឱ្យខ្លួនអាចផលិតជាអាវុធដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol នឹងនាំមកអាមេរិកនូវ «សារដ៏រឹងមាំមួយពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ីនិងកូរ៉េខាងជើង និងពិភាក្សាពីវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសម្ពន្ធមិត្តអូតង់និងដៃគូឥណ្ឌូប៉ាស៊ីហ្វិក»។ នេះបើយោងតាមទីប្រឹក្សារងទី១សន្តិសុខជាតិលោក Kim Tae-hyo ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ។
កិច្ចប្រជុំកំពូលអូតង់នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកនិងក្រុមសម្ពន្ធមិត្តអឺរ៉ុបនិងឥណ្ឌូប៉ាស៊ីហ្វិកកាន់តែប្រឆាំងនឹងចិន រុស្ស៊ី កូរ៉េខាងជើងនិងអ៊ីរ៉ង់។ នេះបើយោងតាមលោក Luis Simon នាយកមជ្ឈមណ្ឌលសម្រាប់សន្តិសុខការទូតនិងយុទ្ធសាស្ត្រនៅឯសាកលវិទ្យាល័យ Vrije Universiteit Brussel។
លោក Zhu Feng ព្រឹទ្ធបុរសនៃសាលាសិក្សាអន្តរជាតិនៅឯសាកលវិទ្យាល័យ Nanjing នៅភាគខាងកើតប្រទេសចិនបានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំងព្រួយបារម្ភចំពោះដំណើរងាកទៅរកទ្វីបអាស៊ីរបស់អូតង់។ រដ្ឋាភិបាលក្រុងប៉េកាំងទទូចថា អូតង់មិនលូកដៃក្នុងកិច្ចការសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយថា អូតង់គួរផ្លាស់ប្តូរទស្សនៈដែលចាត់ទុកចិនជាសត្រូវយុទ្ធសាស្ត្រនោះ។
អូតង់និងចិនពីមុនមានជម្លោះតិចតួចប៉ុណ្ណោះ រហូតដល់ពេលភាពតានតឹងកើនឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១៩ ឆ្នាំតែមួយដែលកិច្ចប្រជុំកំពូលអូតង់នៅទីក្រុងឡុងដ៍បានលើកឡើងថា ចិនជា«បញ្ហាប្រឈម»មួយដែល «យើងត្រូវដោះស្រាយរួមគ្នាក្នុងនាមជាសម្ពន្ធភាពមួយ»។ ២ឆ្នាំក្រោយមក អូតង់បានចាត់ទុកចិនជា «បញ្ហាប្រឈមជាប្រព័ន្ធ» មួយ ហើយថា រដ្ឋាភិបាលក្រុងប៉េកាំង «កំពុងមានកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី»។
បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅឆ្នាំ២០២២ មេដឹកនាំជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ បានចូលរួមកិច្ចប្រជុំកំពូលអូតង់ជាលើកដំបូង ទីដែលសេចក្តីថ្លែងការណ៍បានកត់សម្គាល់ពីបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយបង្កឡើងដោយចិន។ រដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់អូតង់ថាបាន «ធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីព្រួតគ្នាគាបសង្កត់ចិន»។
បច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងប៉េកាំងព្រួយបារម្ភថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងបង្កើតក្រុមសម្ពន្ធមិត្តមានទម្រង់ដូចអូតង់នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា