ការចាប់ដៃជាលក្ខណៈមិត្តភាពរវាងលោកស្រី អោង សានស៊ូជីនៃប្រទេសមីយ៉ាន់ម៉ា និងលោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនដែលកំពុងទស្សនកិច្ចប្រទេសនេះ នៅសប្តាហ៍នេះ បានត្រូវពណ៌នានៅក្នុងប្រទេសចិនថា ជាការចាប់ផ្តើមដ៏ល្អនៃចំណងទាក់ទងរវាងប្រទេសចិន និងមីយ៉ាន់ម៉ា។
ក៏ប៉ុន្តែ ទំនាក់ទំនងដ៏យូរអង្វែងរបស់ប្រទេសជិតខាងនេះនឹងអាស្រ័យថាតើរដ្ឋាភិបាលស៊ីវិលថ្មីរបស់មីយ៉ាន់ម៉ា ឆ្លើយតបការព្រួយកង្វល់របស់ចិនអំពីសន្តិសុខព្រំដែនហើយនិងការខ្វែងគំនិតគ្នាខាងពាណិជ្ជកម្មយ៉ាងដូចម្តេច។
ការពិចារណាការពឹងផ្អែកសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាលើប្រទេសចិននោះ ពួកអ្នកវិភាគនិយាយថា ការណ៍នេះនឹងក្លាយជាការលំបាកសម្រាប់លោកស្រី អោង សានស៊ូជីហើយនិងរដ្ឋាភិបាលថ្មីដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់មហាអំណាចជិតខាងរបស់ខ្លួនលើសេដ្ឋកិច្ចក្នុងស្រុកនោះ។
ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកវិភាគនោះ និយាយទៀតថា ចិននឹងត្រូវធ្វើការសម្របសម្រួលដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា។
ក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ លោករដ្ឋមន្រ្តីការបរទេសចិនបានបន្តសំណើសន្តិភាពជាមួយមីយ៉ាន់ម៉ា។
លោករដ្ឋមន្រ្តីការបរទេសចិនបានប្រាប់លោកស្រី អោង សានស៊ូជីនៅក្នុងរដ្ឋធានីណៃពិដោ កាលពីថ្ងៃអង្គារថា «ខ្ញុំបានមកបញ្ជូនសារយ៉ាងច្បាស់លាស់ដល់សហគមន៍អន្តរជាតិថា ចិនពេញចិត្តជួយមីយ៉ាន់ម៉ាហើយនិងបន្តធ្វើជាប្រទេសជិតខាងដ៏ល្អ ជាមិត្តភក្តិ និងដៃគូដ៏ល្អ ឥឡូវនេះគឺថា មីយ៉ាន់ម៉ាបានបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយនៅក្នុងសាវតារបស់ខ្លួន»។
ដំណើរបំពេញទស្សនកិច្ចរបស់មន្រ្តីចិនធ្វើឲ្យប្រាកដពីចំណងទាក់ទងដ៏ជិតស្និទ្ធជាមួយអតីតរដ្ឋាភិបាលដែលដឹកនាំពួកយោធាមីយ៉ាន់ម៉ានឹងបន្តនៅពេលឥឡូវនេះដែលលោកស្រី អោង សានស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ កំពុងកាន់អំណាចនៅពេលឥឡូវនេះ។
លោក Wang Yi ក៏បានសម្តែងនូវទំនុកចិត្តថា ការពិគ្រោះអាចដោះស្រាយការខ្វែងគំនិតខាងពាណិជ្ជកម្មសំខាន់ៗរវាងប្រទេសទាំង២៕