កាល​វិភាគ​សកម្មភាព​​របស់​លោក​ប្រធានាធិបតី​ Trump ​មុន​ពេល​ឆ្លង​ជំងឺ​កូវីដ១៩

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានមកដល់សេតវិមានវិញ បន្ទាប់ពីបានធ្វើដំណើរវិលត្រឡប់ពីរដ្ឋ New Jersey នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២០ មុនពេលលោកត្រូវបានធ្វើតេស្តរកឃើញថា បានឆ្លងជំងឺកូវីដ១៩ នាពេលយប់ថ្ងៃព្រហស្បតិ៍រំលងអធ្រាត្រចូលព្រឹកថ្ងៃសុក្រ។

ក្នុង​ពេល​ជាង​មួយ​ខែ​បន្តិច​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឈាន​ចូល​មក​ដល់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក ​Donald Trump​ មាន​ភាព​មមា​ញឹក​ខ្លាំង​ក្នុង​អំឡុង​សប្តាហ៍​ដែលជំងឺ​កូវីដ១៩​ បាន​ឆ្លង​លើរូបលោក។​ លោក ​Trump ​បាន​ថ្លែង​ក្នុង​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម ​Twitter​ កាលពី​រំលង​អាធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សុក្រ​ថា ​លោក​និង​ភរិយា​គឺ​លោកស្រី Melania Trump​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​ បាន​ឆ្លង​ជំងឺ​កូវីដ១៩។​

តទៅ​នេះ​គឺជា​កាល​វិភាគ​នៃ​សកម្មភាព​នានា​របស់​លោក​ប្រធានាធិបតី Trump មុន​លោក​បាន​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​នេះ៖​

ថ្ងៃច័ន្ទ​ ទី២៨ ​ខែ​កញ្ញា​

លោក​ Trump​ បាន​ពិនិត្យ​មើល​រថយន្ត​មួយ​ដែល​ផលិតដោយ​ក្រុមហ៊ុន ​Lordstown Motors នៅ​ក្នុង​បរិវេណ​សួន​ខាង​ត្បូង​សេតវិមាន​ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​អាមេរិក​ពីរនាក់ ​និង​តំណាង​បី​នាក់​ពីរោងចក្រ ​Lordstown ​នៃ​រដ្ឋ Ohio។​

លោក​ Trump​ បាន​ចូលរួម​កម្មវិធី​មួយ​នៅ​សេតវិមាន ​ដើម្បី​ប្រកាស​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ ក្នុងការ​ចែកចាយ​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ​រាប់​លាន​ដល់​រដ្ឋ​នានា។ ​នៅ​ក្នុង​កម្មវិធី​នេះ​ មាន​មន្ត្រី​រដ្ឋបាល​របស់​លោក ​Trump ​ជាច្រើន​នា ក់​រួម​ទាំង​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Mike Pence​ និង​សមាជិក​រដ្ឋ​សភា​និង​មន្ត្រី​ប្រចាំ​រដ្ឋ​នានា​ផ្សេង​ទៀត។

ថ្ងៃ​អង្គារ ទី​២៩ ខែ​កញ្ញា​

លោក Trump ធ្វើដំណើរទៅកាន់ទីក្រុង Cleveland រដ្ឋ Ohio ដើម្បីចូលរួមការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតី រយៈពេល ៩០ នាទី តទល់ជាមួយនឹងគូប្រជែងរបស់លោកគឺលោក Joe Biden ខាងគណបក្សប្រជាធិបតី។ ទាំងលោក Trump និងលោក Biden ត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ មុននឹងចូលរួមការជជែកដេញដោលនេះ ហើយអ្នកទាំងពីរបានឈរនៅដាច់ដោយឡែកពីគ្នា ក្នុងពេលថ្លែងជជែកដេញដោល ក៏ប៉ុន្តែអ្នកទាំងពីរមិនបានពាក់ម៉ាស់ទេ ពេលជជែកគ្នានោះ។

ជំនួយ​ការ​សេតវិមាន​ជាន់​ខ្ពស់​ម្នាក់​គឺ​អ្នកស្រី ​Hope Hicks​ បាន​ធ្វើ​ដំណើរ​ជា​ក្រុម​ធំ​មួយ ​ដែល​អម​ដំណើរ​លោក ​Trump​ ទៅ​កាន់​រដ្ឋ ​Ohio ​តាម​យន្តហោះ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ Air Force One ​រួម​ទាំង​សមាជិក​ក្រុម​គ្រួសារ​លោក ​Trump ​ផង​ដែរ​ ដើម្បី​ទៅ​ចូលរួម​ការ​ជជែក​ដេញដោល​បេក្ខជន​ប្រធានាធិបតី។ ​កូនៗ​របស់​លោក ​Trump ​និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​លោក ​មិន​បាន​ពាក់​ម៉ាស់​ទេ ​ក្នុង​អំឡុង​ពេល​ជជែក​ដេញដោល​នោះ​ ដែល​ជា​ការ​បំពាន​វិធានការ​របស់​គណៈ​កម្មាធិការ​ដែល​រៀបចំ​ការ​ជជែក​ដេញដោល។​

ថ្ងៃពុធ ​ទី៣០ ខែ​កញ្ញា ​

លោក ​Trump ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​មីនីសូតា ​(Minnesota) ​ដើម្បី​ចូលរួម​កម្មវិធី​រៃ​អង្គាស​ថវិកា​មួយ ​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​គេហដ្ឋាន​ឯកជន​មួយ​ នៅ​ជាយ​ក្រុង Minneapolis​ ហើយ​លោក​ក៏​បាន​ចូលរួម​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​គាំទ្រ​លោក ​ដែល​ធ្វើ​ឡើង​នៅ​ទីកន្លែង​ក្រៅ​អគារ នៅ​សង្កាត់​ Duluth​រដ្ឋ​មីនីសូតា។

អ្នកស្រី ​Hope Hicks ​នៅ​ក្នុង​ចំណោម​ជំនួយ​ការ​សេតវិមាន​ផ្សេងៗ​ទៀត ​បាន​ធ្វើ​ដំណើរ​អម​លោក​ Trump​ ទៅកាន់​រដ្ឋ​មីនីសូតា។​ នៅពេល​ត្រឡប់​ពី​រដ្ឋ​នេះ​វិញ អ្នកស្រី Hicks​ មិន​ស្រួល​ខ្លួន ហើយ​បាន​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ ​(ធ្វើ​ចត្តាឡីស័ក)​ នៅ​លើ​យន្តហោះ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​Air Force One។

ថ្ងៃ​ព្រហស្បតិ៍​ ទី១​ ខែ​តុលា​

អ្នកស្រី ​Hicks​ ធ្វើ​តេស្តរក​ឃើញ​ថា មាន​ជំងឺ​កូវីដ១៩។

លោក​ Trump ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅកាន់​កន្លែង​សម្រាក​ផ្ទាល់​ខ្លួន​របស់​លោក ​នៅBedminister​ នៅ​រដ្ឋ​ New Jersey ​ដើម្បី​ចូលរួម​កម្មវិធី​រៃ​អង្គាស​ថវិកា​ឯកជន​មួយ។ ​ជំនួយ​ការ​របស់​លោក​មួយ​ចំនួន ​ដែល​ធ្វើ​ការងារ​ជិត​ដិតនឹង​អ្នកស្រី​ Hicks ​លុប​ចោល​គម្រោង​ធ្វើ​ដំណើរ​អម​លោក​ Trump។

លោក​Trump ​ប្រកាស​នៅ​ក្នុង​បទ​សម្ភាសន៍​ពេល​ល្ងាច​ជាមួយ​សារ​ព័ត៌មាន​ Fox News ​ថា​ លោក​ និង​ភរិយា​គឺ​លោកស្រី ​Melania Trump​ កំពុង​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩។ ​បន្ទាប់​ពី​បទ​សម្ភាន៍​នេះ ​លោក​ Trump​ បាន​ថ្លែង​នៅ​ក្នុង​សារ​តាម​បណ្តាញ​សង្គម ​Twitter ​ថា​ លោក​និង​ភរិយា​ «ចាប់​ផ្តើម​នៅ​ដាច់​ដោយ​ឡែក​ពីគេ ​(ធ្វើ​ចត្តាឡីស័ក)»។​

ថ្ងៃសុក្រ ​ទី​២​ ខែ​តុលា​

លោក​ Trump​ បាន​ថ្លែង​នៅ​ក្នុង​សារ​តាម​បណ្តាញ​សង្គម​ Twitter​ រំលង​អធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​ ចូលព្រឹក​ថ្ងៃ​សុក្រ​ម៉ោងជិត​ ១ ​យប់​ថា ​លោក​និង​ភរិយា​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​ បាន​ឆ្លង​ជំងឺ​កូវីដ១៩​ ហើយ​ថាអ្នក​ទាំង​ពីរ ​«នឹង​ចាប់ផ្តើម​ដាច់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ​ (ធ្វើ​ចត្តាឡីស័ក)​ និង​សម្រាក​ព្យាបាល​ជំងឺ​នេះ​ភ្លាមៗ​តែម្តង»។​

លោក​ Sean Conley ​វេជ្ជបណ្ឌិត​របស់​លោក​ប្រធានាធិបតី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​លោក​ប្រធានាធិបតី​ Trump ​និង​ភរិយា​ «មាន​ស្ថានភាព​សុខភាព​ល្អ​ធម្មតា​នា​ពេល​នេះ​ ហើយ​អ្នក​ទាំង​ពីរ​មាន​គម្រោង​ស្ថិត​នៅ​គេហដ្ឋាន​ក្នុង​សេតវិមាន ​ក្នុង​អំឡុង​ពេល​រើប​ពី​ជំងឺ​នេះ»៕