កិច្ចខិតខំប្រឹងប្រែងរបស់លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson ក្នុងការដោះស្រាយជម្លោះមួយរវាងប្រទេសកាតា និងប្រទេសបួននៅជិតខាងខ្លួនក្នុងតំបន់ឈូងសមុទ្រពែកត្រូវបានគេប្តូរទៅធ្វើនៅថ្ងៃពុធនេះ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនៅទីនោះលោកនឹងជួបជាមួយមន្ត្រីមកពីប្រទេសជាតិនានាដែលបានចោទប្រកាន់ប្រទេសកាតាថាបានគាំទ្រភេរវកម្ម។
កិច្ចចរចានៅក្នុងប្រទេសកាតាធ្វើឡើងមួយថ្ងៃនៅក្រោយលោក Tillerson បានប្រកាសថាស.រ.អា. និងប្រទេសកាតាបានចុះហត្ថលេខាលើអនុស្សារណៈមួយសម្រាប់ឱ្យរដ្ឋាភិបាលក្រុង Doha ចាត់វិធានការបង្ក្រាបការផ្តល់ប្រាក់កាសឱ្យពួកភេរវជន។
លោក Tillerson បានមានប្រសាសន៍ថា «ខ្ញុំនៅក្នុងប្រទេសកាតានៅថ្ងៃនេះដោយនាំមកជាមួយខ្ញុំនូវស្មារតីដូចដែលប្រធានាធិបតី Trump បាននាំមកជាមួយលោកនៅពេលលោកធ្វើដំណើរទៅកាន់ក្រុង Riyadh កាលពីខែឧសភាដែរ។ ស.រ.អា.មានគោលដៅតែមួយគឺកម្ចាត់ភេរវកម្មពីផែនដី»។
ក៏ប៉ុន្តែប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសអេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងប្រទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះណាជាពួកគេអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ស.រ.អា.ប្រឆាំងនឹងភេរកម្មក៏ដោយ ក៏កិច្ចព្រមព្រៀងដែលបានត្រូវចុះហត្ថលេខាកាលពីថ្ងៃអង្គារ «មិនគ្រប់គ្រាន់ទេ»
ហើយពួកគេនឹងតាមឃ្លាំមើលអំពី «ភាពហ្មត់ចត់» របស់ប្រទេសកាតាក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្តល់ប្រាក់ និងការគាំទ្រដល់ភេរវកម្ម៕