លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson បានមានប្រសាសន៍កាលពីថ្ងៃសុក្រថាការផ្សះផ្សានយោបាយរវាងប្រធានាធិបតី Uhuru Kenyatta នៃប្រទេស កេនយ៉ា និងលោកRaila Odinga មេដឹកនាំក្រុមប្រឆាំងជា «ជំហានវិជ្ជមានណាស់» ដោយលោកបានមានប្រសាសន៍បន្ថែមថាស.រ.អា.គាំទ្រដល់ការរួមបញ្ចូលខាងនយោបាយនិងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។
លោក Kenyatta និងលោក Odinga បានជួបគ្នាជាលើកដំបូងចាប់តាំងពីមានការបោះឆ្នោតប្រធានាធិបតីមិនស្រុះស្រួលគ្នាកាលពីរដូវក្តៅមុនដើម្បីចាប់ផ្តើមអ្វីដែលលោកទាំងពីរនាក់នេះហៅថាការជំរុញរួមគ្នាដើម្បីឯកភាពជាតិ។
លោក Tillerson បានសរសើរដល់សេចក្តីប្រកាសនេះនៅក្នុងសន្និសីតកាសែតរួមគ្នាមួយជាមួយលោកស្រី Monica Juma រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសកេនយ៉ានៅក្នុងក្រុងណៃរ៉ូប៊ី។
លោករដ្ឋមន្ត្រីការបរទេសអាមេរិកាំងបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា«បុរសទាំងពីរនាក់នេះបង្ហាញភាពជាមេដឹកនាំដ៏ប្រសើរ ដោយបានស្រុះស្រួលគ្នាក្នុងកិច្ចព្រមព្រៀងដែលអស់លោកបានចុះហត្ថលេខានៅថ្ងៃនេះ។ ស.រ.អា.នឹងគាំទ្រដល់ដំណើរការដែលបានត្រូវប្រកាសកាលពីព្រឹកមិញនេះដើម្បីបង្រួបបង្រួមប្រទេសនិងដោះស្រាយការខ្វែងគំនិតគ្នាក្នុងប្រទេសជាតិផងដែរ»។
អ្នកការទូតកំពូលរូបនេះរបស់ស.រ.អា.បានគូសបញ្ជាក់អំពីសារៈសំខាន់នៃបណ្តាញផ្សាយព័ត៌មានឯករាជ្យមួយចំពោះលទ្ធិប្រជាធិបតេយ្យហើយលោកក៏បានមានប្រសាសន៍ដែរថារដ្ឋាភិបាលមិនគួរបង្ក្រាបបណ្តាញព័ត៌មានទេ៕