លោក​​ Tillerson ​ទៅ​បំពេញ​ទស្សនកិច្ច​​​ប្រទេស​ប៉ាគីស្ថាន​ដើម្បី​ជំរុញ​ឲ្យមាន​ចំណាត់​ការ​កាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​ជន​សកម្ម​ប្រយុទ្ធ​

លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson ជជែក​ជាមួយ​នឹង​មន្ត្រី​ក្នុង​ការិយាល័យ​បរទេស​ប៉ាគីស្ថាន នៅ​ពេល​ដែល​អញ្ជើញ​ទៅ​ដល់​មូលដ្ឋាន​យោធា Nur Khan នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។

លោករដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson បាន​ទៅ​បំពេញ​ទស្សន កិច្ច​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​ជួប​ជាមួយ​ពួកមេដឹកនាំ​នៅ​ប្រទេស​នោះ ​ហើយ​និងពង្រឹង​សារ​របស់​រដ្ឋបាលប្រធានា​ធិបតី​ត្រាំ​ថា ​ប៉ាគីស្ថាន​ត្រូវតែចាត់​វិធានការ​ខ្លាំង​ឡើង​ថែម​ទៀត​ប្រឆាំង​នឹង​ពួក​តាលីបង់ ​ហើយ​និង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ផ្សេង​ទៀត​ដែល​បាន​ទទួល​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស​នោះ។

​ភ្លាមៗ​បន្ទាប់​ពី​ចុះ​យន្តហោះ​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ ​លោក​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក Tillerson ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​របស់​លោក​ចូល​រួម​ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី Shahid Khaqan Abbasi។ ពួក​មន្ត្រី​ជាន់​ខ្ពស់​ប៉ាគីស្ថាន​និង​ឧត្តមសេនីយ៍ Qamar Javed Bajwa ប្រធាន​យោធា ​ហើយ​និង​ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​ក៏​បាន​ចូលរួម​ក្នុង​ជំនួប​នោះ​ដែរ។

​លោករដ្ឋ​មន្ត្រី​ការបរទេសសហរដ្ឋអាមេរិក Tillerson ​បាន​និយាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចាប់​ដៃ​រលាក់​ជាមួយ​នាយក​រដ្ឋ​មន្ត្រី Abbasi មុន​ពេល​បើក​ការ​ចរចា​ផ្លូវការ​ថា «ដូចជា​លោក​បាន​ដឹង​ហើយ​ថា ប៉ាគីស្ថាន​មាន​សារៈ​សំ​ខាន់​ណាស់​សម្រាប់​តំបន់​ដល់​សហរដ្ឋ​អាមេរិក។ ទំនាក់​ទំនង​ខាង​សន្តិសុខ​របស់​យើង​ក៏​មាន​សារៈ​សំខាន់សម្រាប់​តំបន់​ដល់​គោល​ដៅរួម​របស់​យើង​នៅ​ក្នុង​ការ​ផ្តល់សន្តិភាព ​និង​សន្តិភាព​សម្រាប់​តំបន់‍»។

លោក​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​បាន​ថ្លែង​នៅ​ក្នុង​ការ​ឆ្លើត​តប​ដល់​អត្ថាធិប្បាយ​របស់​លោករដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Tillerson ថា «យើង​បាន​តាំង​ចិត្ត​ធ្វើ សង្គ្រាមប្រឆាំង​ភេរវកម្ម ​ហើយ​យើងសង្ឃឹម​ធ្វើ​ឲ្យ​ជឿនលឿន​ទៅ​មុខ​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​ស្ថាបនា​ទំនាក់​ទំនង​សេដ្ឋកិច្ច​ដូច​ដែល​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​បាន​មាន​ប្រសាសន៍‍»។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ខ្លី​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ដំណើរ​ទស្សន​កិច្ច​មិន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​កាលពី​ថ្ងៃ​ចន្ទ​ដែល​នៅ​ទី​នោះ​លោក​បានធ្វើ​ការ​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ​ហើយ​និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​អាហ្វហ្គានីស្ថាន៕