លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson បានធ្វើដំណើរចាកចេញពីប្រទេសកាតារកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញជាមួយការជឿនលឿនបន្តិចបន្តួចនៅក្នុងការទូតចុះឡើងទៅវិញទៅមករបស់លោកដែលមានគោលដៅបញ្ឈប់ភាពមិនឈ្នះមិនចាញ់ខាងការទូតរបស់រដ្ឋាភិបាលក្រុង Doha ជាមួយប្រទេសអារ៉ាប់ចំនួនបួន។
លោក Tillerson បានប្រកែកមិនព្រមឆ្លើយនឹងសំណួរនៅក្រោយជំនួបចុងក្រោយបង្អស់របស់លោកជាមួយនឹងមេដឹកនាំនៃប្រទេសកាតា Qatar គឺ លោក Sheikh Tamim bin Hamad al-Thani នៅមុនលោកធ្វើដំណើរត្រឡប់មកកាន់រដ្ឋធានី Washington វិញ។ ប្អូនប្រុសរបស់មេដឹកនាំកាតារូបនេះ គឺលោក Sheikh Mohammad bin Hamad al-Thani បានជម្រាបលោក Tillerson ថា«សង្ឃឹមថានឹងជួបលោកទៀតនៅក្នុងកាលៈទេសៈល្អប្រសើរជាងនេះ»។
លោក Tillerson បាននិយាយជាមួយមេដឹកនាំនៃប្រទេសកាតានៅក្រោយលោកបានចំណាយពេលវេលាកាលពីថ្ងៃពុធនៅក្នុងក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតនៅជាប់ឆ្នេរសមុទ្រក្រហមដើម្បីជួបជាមួយពួកអ្នកការទូតមកពីប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប បារ៉ែន និងអេតមីរ៉ាតអារ៉ាប់រួម។ ពួកប្រទេសទាំងនេះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានកាត់ផ្តាច់ចំណងទាក់ទងខាងការទូតជាមួយប្រទេសកាតារ កាលពីខែមុនដោយចោទប្រកាន់រដ្ឋាភិបាលក្រុង Doha ថាបានផ្តល់ប្រាក់កាសឱ្យពួកភេរវជនក្នុងតំបន់ និងថាជិតស្និទ្ធខ្លាំងពេកជាមួយប្រទេសអ៊ីរ៉ង់។ ប្រទេសកាតារបានច្រានចោលការចោទប្រកាន់ទាំងនេះហើយ៕