អង្គការតាមដានខាងឯកជនភាពរបស់អង់គ្លេសបានពិន័យក្រុមហ៊ុនបណ្តាញសង្គម Tik Tok ជាច្រើនលានដុល្លារកាលពីថ្ងៃអង្គារដោយសារបានប្រើទិន្នន័យកុមារដោយមិនត្រឹមត្រូវនឹងបានរំលោភលើការការពារឯទៀតៗសម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់ក្រុមអ្នកប្រើប្រាស់។
ការិយាល័យស្នងការខាងព័ត៌មានបាននិយាយថាខ្លួនបានពិន័យ១៥,៩លានដុល្លារដល់ app ចែកចាយវីដេអូខ្លីៗនេះ ដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមក្រុមយុវជន។
នេះជាឧទាហរណ៍ថ្មីៗបំផុតក្នុងការត្រួតពិនិត្យបណ្តាញសង្គម Tik Tok និងក្រុមហ៊ុនមេរបស់ខ្លួនគឺក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ដែលកំពុងប្រឈមក្នុងប្រទេសលោកខាងលិច ដែលនៅទីនោះរដ្ឋាភិបាលនានាមានកង្វល់ច្រើនជាងមុនអំពីឯកជនភាពទិន្នន័យនិងសន្តិសុខ cyber។
អង្គការតាមដានអង់គ្លេសនេះដែលបានស៊ើបអង្កេតការរំលោភលើទិន្នន័យរវាងខែឧសភា២០១៨និងខែកក្កដា២០២០ បាននិយាយថា TikTok បានអនុញ្ញាតឱ្យកុមារ១,៤លាននាក់ក្នុងចក្រភពអង់គ្លេសអាយុតិចជាង១៣ឆ្នាំប្រើប្រាស់ app ក្នុងឆ្នាំ២០២០ទោះជាបទបញ្ញត្តិផ្ទាល់របស់ app នេះហាមប្រាមកុមារវ័យក្មេងមិនឱ្យបើកគណនីយក៏ដោយ។
អង្គការតាមដាននេះបានថ្លែងថា Tik Tok មិនបានរកអត្តសញ្ញាណនិងដកកុមារអាយុតិចជាង១៣ឆ្នាំចេញពី app ខ្លួនទេ។ ទីភា្នក់ងារខាងការតាមឃ្លាំមើលនេះបាននិយាយថាទោះជាខ្លួនដឹងថាក្រុមកុមារវ័យក្មេងបានប្រើប្រាស់ app របស់ខ្លួនក៏ដោយក៏ Tik Tok មិនបានទទួលការយល់ព្រមពីឳពុកម្តាយក្មេងៗទាំងនោះឱ្យធ្វើដំណើរការទិន្នន័យពួកគេតាមការតម្រូវដោយច្បាប់ស្តីពីការការពារទិន្នន័យនៃចក្រភពអង់គ្លេសទេ។
TikTok បានពោលថាខ្លួនបានកែលម្អប្រព័ន្ធចុះឈ្មោះតាំងពីមានការរំលោភទាំងនេះដោយលែងអនុញ្ញាតឱ្យពួកអ្នកប្រើប្រាស់គ្រាន់តែប្រកាសថាខ្លួនមានអាយុត្រឹមត្រូវតាមការតម្រូវ ហើយស្វែងរកសញ្ញាឯទៀតៗដែលថាគណនីយមួយត្រូវបានប្រើដោយមនុស្សអាយុតិចជាង១៣ឆ្នាំ៕