ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម TikTok ត្រូវ​ចាប់​ខ្លួន​ចំពោះការ​រិះ​គន់​ចំណាត់​ការ​បង្ការ​ជំងឺ​កូវីដ​១៩


ជនឈ្មោះ​ នូវ​ ខ្លឹ​ង​ ហៅ​ មាន​ ពន្លក​ ហៅ​ បង​ តា ដែល​មាន​គណនី​ Tiktok​ ឈ្មោះ​ នាយ​ ប្រុ​ញ​ នៅ​ខេត្ត​កំពង់ចាម ត្រូវ​បាន​តុលាការ​​ខេត្ត​កំពង់​ចាម​ចោទ​ប្រកាន់​​ពី​បទ«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»​។ (រូបថត​ពី​គេហទំព័រ​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ)
ជនឈ្មោះ​ នូវ​ ខ្លឹ​ង​ ហៅ​ មាន​ ពន្លក​ ហៅ​ បង​ តា ដែល​មាន​គណនី​ Tiktok​ ឈ្មោះ​ នាយ​ ប្រុ​ញ​ នៅ​ខេត្ត​កំពង់ចាម ត្រូវ​បាន​តុលាការ​​ខេត្ត​កំពង់​ចាម​ចោទ​ប្រកាន់​​ពី​បទ«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»​។ (រូបថត​ពី​គេហទំព័រ​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ)

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​៣​នាក់ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែមេសា ពាក់ព័ន្ធ​នឹងការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ​TikTok​ រិះគន់​វិធាន​ការ​រដ្ឋាភិបាលប្រឆាំង​ជំងឺ​កូវីដ​១៩ និង​គុណភាព​វ៉ាក់សាំង​របស់​ចិន។

ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ច្បាប់​ថ្មី​ស្តី​ពី​ជំងឺ​កូវីដ​១៩ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​និង​ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ថា​មាន​ការ​ដាក់ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ​ធ្ងន់​ធ្ងរ។

ការ​ចាប់​ខ្លួន​បុរស​ទាំង​៣​នាក់​នោះ ធ្វើ​ឡើង​នៅ​ទី​តាំង​ផ្សេង​គ្នា គឺនៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ចាម និងកំពង់​ស្ពឺ។ នៅ​រាជធានី​ភ្នំពេញ បុរស​ម្នាក់​ឈ្មោះ គង់ សម្បត្តិ អាយុ​៣៥​ឆ្នាំ ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា។ នេះ​បើ​តាម​លោក សាន សុខសីហា អ្នក​នាំពាក្យស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ។ លោក​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះថា​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ។

លោក​បញ្ជាក់​ថា៖ «ការ​ចាប់​ខ្លួន​គឺ​នៅ​រសៀល​ថ្ងៃ​ទី​១២ [ខែ​មេសា] នៅ​ទីតាំង​សំណង់​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​នៅ​ខណ្ឌ​មាន​ជ័យ​ទាក់​ទង​នឹង​ការ​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​បណ្តាញ​សង្គម Tik​Tok​ទាក់​ទង​នឹង​ការ​ញុះ​ញង់​រឿង​បញ្ហា​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩»។

​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ ចេញ​ដោយ​លោក សេង ហៀង ដែល​ជា​ព្រះ​រាជអាជ្ញា​រង​នៃ​តុលាការ​រាជធានី​ភ្នំពេញ លោក ​គង់ សម្បត្តិ ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សារ​ដែល​បង្ហោះ​មាន​ខ្លឹម​សារ​ដើម​ថា​«សូម​អំពាវ​នាវ​ ហើយ​សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា​គេ​មិន​ឈឺ ដេញ​ឲ្យ​គេ​ទៅ​ចាក់ បញ្ចេះ​ឲ្យ​ទៅ​ចាក់ ពេល​គេ​មិន​ចាក់ បញ្ឈប់​គេ...»។ ការ​ចាប់​ខ្លួននេះ ធ្វើ​ឡើង​ដោយ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ ផែន​ការងារ​សន្តិសុខ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។

ចំណែក​នៅ​ខេត្ត​កំពង់​ចាម លោក នូវ ខ្លឹង អាយុ​៣៤​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ផ្តៅ​ជុំ​ ស្រុក​បាធាយ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ។ តុលាការខេត្ត​កំពង់​ចាម​បាន​សម្រេច​ចោទ​ប្រកាន់​បុរស​ម្នាក់នេះ​ពី​បទ«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» តាម​ក្រម​ព្រហ្មទណ្ឌ​និង​បទ​«រារាំង​ដល់​ការ​អនុវត្ត​វិធាន​ការ»តាម​ច្បាប់​កូវីដ​ថ្មី។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​នៃ​តុលាការ​ខេត្ត​កំពង់​ចាម ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា។

តុលាការ​ខេត្ត​កំពង់ចាម​បាន​ចោទប្រកាន់​លោក នូវ ខ្លឹង ចំពោះ​ការ​បង្ហោះ​នូវ​រូបភាព និង​វីដេអូ​ជាមួយ​នឹង​ការ​អធិប្បាយ​បកស្រាយ​ខុស​ពី​ការ​ពិត​ពាក់ព័ន្ធ​ស្ថានភាព​សង្គម​ និង​សុខភាព​សាធារណៈ​ ក្រោម​រូបភាព​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​បង្ក​ការញុះញង់។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​តុលាការ​ខេត្ត​កំពង់​ចាម។ ​

ចំណែក​នៅ​ខេត្ត​កំពង់​ស្ពឺ លោក ប៉ាន់ សុភី អាយុ​២៩​ឆ្នាំ រស់​នៅ​ឃុំ​ពោធិ៍​ចំរើន ស្រុក​បរសេដ្ឋ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ។

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ឯម កុសល ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ចាម​និង​លោក សម សាមួន ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

បុរស​ទាំង៣នាក់​ខាង​លើ​ ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​១១​នៃ​ច្បាប់​ស្តីពី​កូវីដ​ដែល​ចែង​ថា​អំពើ​រារាំង​ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការ​អនុវត្ត​វិធានការ​ ដែល​បាន​ដាក់​ចេញ​ស្រប​តាម​ច្បាប់​នេះ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ពី ​៦​ខែ​ទៅ​៣​ឆ្នាំ។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស ពួកគេ​ក៏​ត្រូវប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ពី​៥០០​ទៅ​២.៥០០​ដុល្លារ​អាមេរិក។

កាល​ពី​ថ្ងៃ​ទី​១០ ខែមេសា នៅ​ក្នុង​ការ​ថ្លែង​សារ​ស្តី​ពី​វិធាន​ការ​បន្ថែម​លើ​ជំងឺ​កូវីដ​១៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ពី​ករណី​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​កំពង់​ស្ពឺ។ លោក​ព្រមានចាប់​ខ្លួនបុគ្គល​ដែល​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩​និង​ការ​ចាក់វ៉ាក់​សាំង​ចិន​បង្ការ​ជំងឺ​នេះ។

លោក​ថ្លែង​ថា៖ «បើ​ខ្ញុំ​ធ្វើ​ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​រស់​ ហើយ​សុខចិត្ត​ចាប់​ពួក​អា​បំពុល​ញាត់​គុក អ្នក​ឯង​ថា​ផ្តាច់ការ អូខេ​ទទួល​បាន។ ខ្ញុំ​សុខ​ចិត្ត​មាន​ឈ្មោះ​ជា​អ្នក​ផ្តាច់ការ ក៏​ប៉ុន្តែ​ខ្ញុំ​មាន​គុណ​សម្បត្តិ​ការពារ​ជីវិត​ប្រជាជន​ខ្ញុំ​ឲ្យ​រស់រាន​មាន​ជីវិត»។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្សអាដហុក បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយបន្ថែម​ពី​គុណភាព​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩។ លោកបន្ត​ថា​ការ​យក​បុគ្គល​ដែល​និយាយ​ខុស​ឆ្គង​មក​អប់រំ​ណែនាំ ជា​ជាង​ការ​ចាប់​ខ្លួន​ពួកគេ​ជា​រឿង​ប្រសើរ​ជាង ពីព្រោះ​លោក​ជឿ​ថា​បុគ្គល​តែម្នាក់​ឬ​ពីរ​នាក់ ដែល​គ្រាន់​តែ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​នោះ​ មិន​អាច​ជះ​ឥទ្ធិពល​មក​លើ​ការ​យល់ឃើញ​របស់​ពលរដ្ឋ​រាប់​លាន​នាក់​បាន​នោះ​ទេ។

លោក​ប្រាប់​VOA​ថា៖ «វិធាន​ការ​ផ្លូវ​ច្បាប់​ យើង​យល់​ថា​បើ​សិន​ជា​រឿង​ហ្នឹង​វា​ ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ មក​លើ​សង្គម។ ហ្នឹង​ច្បាប់​យើង​មាន​យើង​អាច​ចាត់​វិធានការ​ទៅ​តាម​ហ្នឹង​ទៅ។ ប៉ុន្តែ​រឿង​ខ្លះ​ យើង​យល់​ថា​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​តាម​ការ​យល់​ឃើញរបស់​ពួកគាត់​ហើយ​មិន​មាន​ការ​ជះ​ឥទ្ធិពល​អី​ធ្ងន់ធ្ងរ​មក​ដល់​សង្គម​ផង​ ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ផង​ យើង​ឃើញ​ថាមាន​ការ​ចាត់​វិធាន​ការ​ដែរ។ ចំណុច​ទាំង​អស់​នេះ​ ខ្ញុំ​គិត​ថា​វា​អត់​មាន​អី​ល្អ​ប្រសើរ​ទេ»។

គួរ​បញ្ជាក់​ថា​ក្រោយ​ការ​បង្កើត​ច្បាប់​ថ្មី​ស្តី​ពី​វិធានការ​លើ​ជំងឺ​កូវីដ​១៩ ព្រះរាជ​អាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​មីនា បានប្រើ​ប្រាស់​ច្បាប់​នេះ​មុន​គេ ដោយចោទ​ប្រកាន់​បុរស​ម្នាក់​នៅ​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​លើ​បណ្ដាញ​សង្គម​កុំ​ឲ្យ​កម្មករ​រោងចក្រ​ចាក់​វ៉ាក់​សាំង​របស់​ចិន។ បុរស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ បាន​បង្ហោះ​វីដេអូ​ឃ្លីប​នៅ​លើ​បណ្ដាញ​សង្គម ​TikTok ​របស់​ខ្លួន ដោយ​លើក​ឡើង​ថា​កម្មករ​រោង​ចក្រ​ទាំង​អស់​កុំ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​ផលិត​ដោយ​ចិន ដោយ​ថា​វា​អាច​ប៉ះពាល់​ដល់​ជីវិត៕

XS
SM
MD
LG