ជនជាតិ​ទីបេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រោយ​ការ​តវ៉ា​ប្រឆាំង​ការ​រឹបអូស​ដីធ្លី​នៅ​ក្នុង​ប្រទេស​ចិន

ក្រុម​ត្រាច់ចរ​ជនជាត​ទីបេ​ត្រូវ​បាន​ក្រុម​ប៉ូលីស​ចាប់​ខ្លួន។

ក្រុម​អ្នក​ត្រាច់ចរ​ជន​ជាតិ​ទី​បេ​មួយ​ក្រុម​ដែល​មាន​គ្នា​យ៉ាង​ហោច​ណាស់​ក៏​១០​នាក់ ​បាន​ត្រូវ​ប៉ូលីស​នាំ​ខ្លួន​នៅ​ក្នុង​ខេត្តSichuan ​នៃ​ប្រទេស​ចិន​បន្ទាប់​ពី​ការតវ៉ា​ប្រឆាំង​អ្វី​ដែល​ក្រុម​នោះ​និយាយ​ថា​ជា​ការ​រឹបអូស​យក​ដី​ធ្លី​ខុសច្បាប់។

​ការ​តវ៉ា​ប្រឆាំង​បាន​កើតមាន​ឡើង​កាល​ពី​ថ្ងៃ​ពុធនៅ​ខាង​ក្រៅ​សណ្ឋាគារ Jin Jiang ​នៃ​ទីក្រុង Chengdu ​ដែល​នៅទី​នោះ​ក្រុម​មន្រ្តី​មូលដ្ឋាន​បាន​ចូលរួម​កិច្ច​ប្រជុំ​គណបក្ស​កុម្មុយនិស្ត​ខេត្ត។

​ជនជាតិ​ទីបេ​បាន​ត្រូវ​គេ​ឃើញ​នៅ​ក្នុង​រូបភាព​បាន​កាន់​បដា​ដែល​អំពាវនាវ​ដល់​ក្រុម​អាជ្ញា​ធរ​ឲ្យ​ដោះស្រាយ​ការ​ត្អូញត្អែរ​របស់​ខ្លួន​ហើយ​និង​ប្រគល់​ដី​ដែល​ពួកគេនិយាយ​ថា​បាន​ត្រូវ​គេយក​ពី​ពួកគេ។​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​នៃ​ការ​ចាប់ផ្តើម​ការ​តវ៉ា​ប្រឆាំងរបស់​ខ្លួន ​មន្រ្តី​ប៉ូលីស​ប្រហែល​៥០​នាក់ ​បាន​មក​ដល់ហើយ​បាន​យក​ពួកគេ​ចេញ​ទៅ។

ប្រភព​ដែល​ជិតស្និទ្ធ​នឹង​ក្រុម​បាតុករ ​បាន​ប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ទីបេ​ថា ជម្លោះ​នោះ​មាន​រាប់​សិបឆ្នាំ​មក​ហើយ។

​ប្រភព​ដែល​មិន​បញេ្ចញ​ឈ្មោះ​និយាយ​ថា ​កាល​ពី​៥​ឆ្នាំ​មុន​រដ្ឋាភិបាល​និយាយ​ថា ដី​និង​ផ្ទះ​របស់​ក្រុម​អ្នក​ត្រាច់ចរ​ដែល​ពួកគេ​បាន​រស់​នៅ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ​ផ្ទះ​សម្បែង​។​ ដូច្នេះ ផ្ទះ​របស់ក្រុម​អ្នក​ត្រាច់ចរ​បាន​ត្រូវ​កំទេច​អស់​ហើយ។ ​ចាប់​តាំង​ពី​ពេលនោះ​មក ​ការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​មូលដ្ឋាន ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ទេ។

​លោក​និយាយ​ទៀត​ថា ​ជនជាតិ​ទីបេ​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​មក​ពី​ទី​ប្រជុំជន Thangko ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទីបេ​នៃ​ខេត្ត Sichuan ​ហើយ​គេ​មិន​ដឹង​ពី​ស្ថានភាព​របស់​ពួកគេ​នៅ​ពេល​ឥឡូវនេះ​ទេ។​ ក្រុម​មន្រ្តី​ចិន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ឧបទ្ទវហេតុ​នេះ​ទេ៕