ការផ្ទុះដ៏ប្រល័យកាលពីថ្ងៃទី១២ខែសីហា នៅក្នុងទីក្រុងកំពង់ផែធានជិន (Tianjin) ភាគខាងជើងនៃប្រទេសចិន ដែលបង្កឲ្យមានភ្លើងឆេះនិងសាយភាយសារធាតុគីមីពុលដែលនាំឲ្យមានសំណួរថា តើប្រទេសចិនបានពង្រឹងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់នានាឲ្យមានប្រសិទ្ធភាពក្នុងកម្រិតណា ដែលសារធាតុគ្រោះថ្នាក់ជាច្រើន ព្រមទាំងមានបញ្ញត្តិគ្រប់គ្រងត្រឹមត្រូវដែរឬទេ។
គ្រោះថ្នាក់នេះបានបង្កើនការព្រួយបារម្ភអំពីការរំលោភបទដ្ឋានសុវត្ថិភាពនានា រួមមានតាំងពីការពិសោធន៍ និងការចងក្រងឯកសារសារធាតុគីមី រហូតដល់ពីរបៀបបិទ ការដឹកជញ្ជូន និងស្តុកទុកសារធាតុគ្រោះថ្នាក់ទាំងនេះ។
ប្រភពមួយពីឧស្សាហកម្មនេះបាននិយាយថា៖ «មានច្បាប់តឹងរឹងសម្រាប់ប្រភេទសារធាតុគីមីដែលមានគ្រោះថ្នាក់នីមួយៗ អាស្រ័យលើកត្តាហានិភ័យរបស់វា។ សារធាតុគីមីមួយចំនួនត្រូវការរក្សាទុកនៅក្នុងសីតុណ្ហភាពជាក់លាក់និងឆ្ងាយពីសំណើម។ ខ្លះទៀតត្រូវរក្សាទុកសូម្បីតែនៅក្រោមដី»។
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ មន្ត្រីមានការស្ទាក់ស្ទើរក្នុងការធ្វើការស្តីបន្ទោសឬសូម្បីតែការឆ្លើយសំណួរធម្មតាអំពីបទប្បញ្ញត្តិផ្នែកច្បាប់របស់ឧស្សាហកម្មគីមី ទោះបីត្រូវចោទសំណួរដដែលៗដូចជារបៀបដែលក្រុមហ៊ុននេះត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការក្នុងចម្ងាយ១គីឡូម៉ែត្រពីតំបន់លំនៅដ្ឋាន ដែលរំលោភលើច្បាប់បែងចែកតំបន់ប្រើប្រាស់នគរូបនីយកម្មថ្នាក់ជាតិ។
ក្រុមមន្រ្តីបានបញ្ជាក់ថា ជាតិគីមី សូដ្យូមពុល ឬ Soudium Cyanide ៧០០ តោនត្រូវបានគេស្តុកទុកនៅក្នុងបរិវេណក្រុមហ៊ុននេះដែលនៅចំកណ្តាលការផ្ទុះនេះនៅ ពេលគ្រោះមហន្តរាយនេះកើតឡើង តែពួកគេមិនសូវបាននិយាយអំពីការណ៍ដែលការស្តុកទុកនេះរំលោភបានបទដ្ឋាន ដែលតាមច្បាប់គេអាចស្តុកត្រឹមតែសារធាតុគីមី ១០ តោនប៉ុណ្ណោះនៅកន្លែងណាមួយក្នុងពេលតែមួយ។
នៅឯសន្និសីទសារព័ត៌មាន អាជ្ញាធរមានការស្ទាក់ស្ទើរមិនផ្តល់ការអត្ថាធិប្បាយនោះទេ ដោយលើកឡើងថា ការស៊ើបអង្កេតអំពីគ្រោះមហន្តរាយនេះគឺនៅកំពុងដំណើរការ។ ក្រុមប្រឹក្សារបស់រដ្ឋាភិបាលចិនបានបង្កើតក្រុមការងារមួយដើម្បីដឹកនាំ ការស៊ើបអង្កេតនេះ ដែលបានប្រារព្ធធ្វើកិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃពុធនេះ។
ក្រុមអ្នកវិភាគបានកត់សម្គាល់ថា តំបន់សេដ្ឋកិច្ចបង្កើតថ្មីមួយ ឈ្មោះ Binhai New Area នៅក្នុងទីក្រុង Tianjin ដែលជាកន្លែងឃ្លាំងនៅចំកណ្ដាលទីតាំងការផ្ទុះ កាលពីសប្តាហ៍មុននេះ មានបទបញ្ជាតឹងរឹងទាក់ទងនឹងការគ្រប់គ្រងសុវត្ថិភាពនៃសារធាតុគីមីដែលមានគ្រោះថ្នាក់នេះ បានធ្វើឡើងចាប់តាំងពីវាបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ម៉្លេះ។
ប៉ុន្ដែថាតើបទប្បញ្ញត្តិទាំងនោះអនុវត្តដោយហ្មត់ចត់ក្នុងកម្រិតនោះ ស្ថិតក្រោមការសង្ស័យនៅឡើយ។ កាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រតិបត្តិករក្រុមហ៊ុនឃ្លាំង Ruihai International នេះ មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវដើម្បីប្រកបអាជីវកម្មសារធាតុគីមីគ្រោះថ្នាក់នេះពីខែតុលាឆ្នាំមុនរហូតដល់ខែមិថុនាឆ្នាំ ២០១៥នេះ។
ការរំលោភសុវត្ថិភាពផ្សេងទៀត ត្រូវបានរាយការណ៍ក្នុងពេលកន្លងមកផងដែរ។ក្រុមអ្នកវិភាគបានកត់សម្គាល់ថា ក្រៅពីការផ្តល់អាជ្ញាប័ណ្ណត្រឹមត្រូវ ការបណ្តុះបណ្តាលបុគ្គលិក ដែលធ្វើការជាមួយនឹងសារធាតុគីមីបែបនេះ និងទីតាំងដែលជាកន្លែងស្តុកទុកវាគឺជាកត្តាសំខាន់ផងដែរ។
លោក Ivan Su សាស្រ្តាចារ្យផ្នែកដឹកជញ្ជូនបានថ្លែងថា នៅពេលដែលនិយាយដល់ឃ្លាំងស្តុកទំនិញ ពួកគេត្រូវតែមានគម្រោងនិងទីតាំងដាច់ដោយឡែកមួយសម្រាប់រក្សាទុកសារធាតុគីមីប្រកបដោយគ្រោះថ្នាក់ ក៏ដូចជាការរឹតបន្តឹងលើការផ្ទុកអតិបរមាដែលមានកូតា ឬកម្រិតកម្លាំងរបស់វា»។
ក្រុមហ៊ុន Ruihai បានបម្លែងឃ្លាំងធម្មតាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលស្តុកទុកសារធាតុគីមីដែលមានគ្រោះថ្នាក់ពិសេសនៅក្នុងឆ្នាំ២០១២ តែក្រុមហ៊ុននេះទើបតែបានទទួលអាជ្ញាប័ណ្ណឲ្យស្តុកទុកទំនិញគីមីដែលមានគ្រោះថ្នាក់កាលពីខែមេសាឆ្នាំមុន ដែលអាជ្ញាប័ណ្ណនោះផុតកំណត់តាំងពីខែតុលាឆ្នាំមុន។
រហូតដល់ពេលនេះ យើងដឹងតិចតួចអំពីការអនុវត្តន៍របស់ក្រុមហ៊ុន Ruihai របស់នៅកន្លែងស្តុកសារធាតុគីមីនោះ ប៉ុន្តែរូបភាពនៃការរឹងទទឹងនិងអំពើពុករលួយត្រូវបានចាប់លេចឡើងរួចទៅហើយ។ ក្រុមមន្ត្រីបានបញ្ជាក់នៅថ្ងៃពុធថា ភាគហ៊ុនដ៏សំខាន់របស់ក្រុមហ៊ុននេះគឺជាកូនប្រុសរបស់អតីតមេប៉ូលីសនៅក្នុងទីក្រុង Tianjin។
លោក SU បាននិយាយថា៖ «ករណីនេះទំនងជាទាក់ទងនឹងការប្រើឥទ្ធិពល។ ជាការពិតណាស់ ការណ៍ដែលក្រុមហ៊ុន Ruihai អាចមានលទ្ធភាពដើម្បីកែច្នៃឃ្លាំងធម្មតាឲ្យទៅជាកន្លែងផ្ទុកសារធាតុគីមីប្រកបដោយគ្រោះថ្នាក់នេះបានបង្ហាញថាមានការប្រើឥទ្ធិពលខ្សែស្រឡាយដើម្បីឲ្យទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលដើម្បីធ្វើបាន» ។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Li Keqiang របស់ប្រទេសចិនបានប្ដេជ្ញាថានឹងធ្វើការស៊ើបអង្កេតឲ្យដល់ឫសគល់នៃការបំផ្លិចបំផ្លាញកាលពីថ្ងៃអាទិត្យនោះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបាននិយាយថា អ្នកដែលត្រូវទទួលខុសត្រូវនឹងមានអ្នកគ្រប់គ្រងសុវត្ថិភាពចំនួនប្រហែល៨នាក់ រួមមានខាងសន្ដិសុខសាធារណៈ ការត្រួតពិនិត្យគុណភាព ការការពារបរិស្ថាន ហើយនាយកដ្ឋានដឹកជញ្ជូន។
ការព្រួយបារម្ភជាសាធារណៈកំពុងកើនឡើងបន្ទាប់ពីមានការផ្ទុះនេះ មិនត្រឹមតែអំពីការរីករាលដាលនៃការចម្លងជាតិពុលនៅក្នុងទឹកនិងខ្យល់នោះទេ ក៏ប៉ុន្តែអំពីឃ្លាំងដែលស្រដៀងគ្នានិងចម្ងាយរបស់ពួកវាពីកន្លែងរស់នៅ។
នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សាធារណៈជនចិនបានបង្កើនសំឡេងកាន់តែខ្លាំងឡើងនិងចលនា «មិនអាចនៅក្រោយផ្ទះខ្ញុំ» ឬជាភាសាអង់គ្លេស Not in my Backyard គឺចាប់ផ្ដើមដំណើរការ។
លោក Ding Xueliang ជាសាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅទីក្រុងហុងកុងបានថ្លែងថា ឧបទ្ទវហេតុនេះគឺទំនងនឹងដាក់ចំណាប់អារម្មណ៍លើវិស័យឃ្លាំងស្តុករបស់ប្រទេសនេះ។
លោក SU បាននិយាយថា៖ «បន្ទាប់ពីការផ្ទុះនេះ វិស័យឃ្លាំងនិងការស្តុកទុកនេះនឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យតឹងតែងជាងមុន ព្រោះការប្រឆាំងនិងការតវ៉ាកន្លងមកត្រូវបានធ្វើដោយសំដៅភាគច្រើនលើកាកសំណល់គីមីក្នុងវិស័យនេះ។ ពីពេលនេះតទៅ ការយកចិត្តទុកដាក់បន្ថែមទៀតនឹងត្រូវផ្ដោតការចាប់អារម្មណ៍ទៅការរក្សាទុកសារធាតុគីមីប្រកបដោយគ្រោះថ្នាក់នោះ»។
ជោគវាសនានៃវិស័យឃ្លាំងស្តុកនេះ នឹងត្រូវយកមកពិចារណាយ៉ាងហ្មត់ចត់ ដោយសារតែទីក្រុង Tianjin គឺនៅចំកណ្តាលគម្រោងដ៏ធំរបស់រដ្ឋាភិបាលដែលកំពុងតែធ្វើដើម្បីប្រែក្លាយរដ្ឋបាលទីក្រុងប៉េកាំង ទីក្រុង Tianjin និងខេត្ត Hebei ទៅជាមហាទីក្រុងដែលមានរដ្ឋបាលរួមមួយដែលជាកន្លែងមានប្រជាជនជាង១១០លាននាក់៕
ប្រែសម្រួលដោយ មាន ឥស្សរាយស