ផែនការប្រែក្លាយកន្លែងផ្ទុះឃ្លាំងមួយកាលពីខែមុន ដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅក្នុងក្រុង Tianjin ប្រទេសចិន ឲ្យទៅជាឧទ្យានធម្មជាតិកែច្នៃនោះ កំពុងទទួលរងការរិះគន់ផ្សេងៗពីអ្នកស្រុកនៅទីនោះ និងអ្នកដែលបញ្ចេញទស្សនៈនៅលើអ៊ិនធឺណិត។
អាជ្ញាធរក្រុង Tianjin បានសុំយោបល់ពីសាធារណជនចំពោះផែនការសាងសង់ឧទ្យានដែលមានទំហំ២៤ហិកតានេះ ដែលនឹងមានស្តូបសម្រាប់រំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់ ព្រមទាំងសាលាបឋមសិក្សានិងសាលាមត្តេយ្យនៅក្បែរនោះផងដែរ។
សំណើបង្កើតគម្រោងដែលកើតឡើងប៉ុន្មានសប្តាហ៍ក្រោយពីការផ្ទុះនោះ បានធ្វើឲ្យមានការបញ្ចេញយោបល់រិះគន់តាមអ៊ិនធឺណិតពីប្រជាជនដែលឆ្ងល់អំពីការប្រែក្លាយតំបន់រងគ្រោះមហន្តរាយដោយសារធាតុគីមីដ៏អាក្រក់មួយរបស់ចិន ទៅជាកន្លែងកម្សាន្ត និងតំបន់សិក្សាទៅវិញ។
អ្នកប្រើប្រាស់អ៊ិនធឺណិតម្នាក់នៅលើគេហទំព័រ Weibo បានសរសេរថា៖ «ប្រែក្លាយទៅជាសាលាបឋមសិក្សា និងសាលាមត្តេយ្យ? ហេតុអ្វីក៏មិនស្តាប់មតិយោបល់របស់សាធារណជន ហើយផ្លាស់ប្តូរសាលាក្រុងទៅទីនោះវិញទៅ»?
អ្នករិះគន់ម្នាក់ទៀតបានប្រើប្រាស់ពាក្យគម្រោះគម្រើយជាងនេះ ដោយនិយាយថា៖ «ចង់លាក់បាំងការពិតឬ? យើងទាមទារឲ្យមានការបង្ហាញលទ្ធផលនៃការស៊ើបអង្កេតភ្លាមៗ»។
មនុស្សភាគច្រើនបានបង្ហាញពីការមិនពេញចិត្តចំពោះការដោះស្រាយរបស់អាជ្ញាធរចំពោះកន្លែងផ្ទុះនោះ ដោយនិយាយថា ពួកគេចង់ដឹងថា តើអ្នកណាជាអ្នកទទួលខុសត្រូវ និងតើមានវិធានការម៉ឺងម៉ាត់ណាមួយនឹងត្រូវបានអនុវត្តឬទេ ដើម្បីធានាមិនឲ្យមានសោកនាដកម្មបែបនេះកើតឡើងម្តងទៀត។
លោក Yang Xiaojun សាស្ត្រាចារ្យនៅបណ្ឌិតសភាអភិបាលកិច្ចរបស់ចិន មិនយល់ស្របជាមួយនឹងការខឹងសម្បាររបស់សាធារណជននោះទេ ដោយលោកបាននិយាយថា គេមិនគួរដាក់ថ្ងៃកំណត់ដល់ក្រុមស៊ើបអង្កេតនោះទេ ដោយសារពួកគេត្រូវពិនិត្យមើលភស្តុតាងឲ្យបានល្អិតល្អន់ជាមុនសិន ដោយហេតុថា មូលហេតុនៃការផ្ទុះដែលបណ្តាលឲ្យមនុស្ស១៦១នាក់ស្លាប់នោះមានភាពស្មុគស្មាញខ្លាំងណាស់។
«បើនិយាយពីអារម្មណ៍របស់មនុស្សជាច្រើន ពួកគេយល់ថា វានឹងងាយស្រួលទទួលយកផែនការនេះ ប្រសិនបើអ្នកទាំងឡាយដែលទទួលខុសត្រូវក្នុងការផ្ទុះនោះ ត្រូវបានដាក់ឲ្យទទួលខុសត្រូវ នៅមុនពេលមានការពិភាក្សាពីការកសាងកន្លែងផ្ទុះនោះឡើងវិញ។ ប៉ុន្តែ នេះជាបញ្ហាពីរផ្សេងគ្នា»។
សាស្ត្រាចារ្យរូបនេះ ក៏បានលើកសរសើរដល់អាជ្ញាធរមូលដ្ឋាន ដោយលោកបាននិយាយថា ពួកគេបានបំពេញការងារបានយ៉ាងល្អក្នុងការដោះស្រាយវិបត្តិនេះ ដែលរួមទាំងការចាប់ខ្លួនក្រុមមន្រ្តីចំនួន១១រូបផងដែរ។ លោកក៏បានរំពឹងដែរថា រដ្ឋាភិបាលកណ្តាលនឹងធ្វើតាមការប្តេជ្ញារបស់ខ្លួននិងស្វែងរកឫសគល់នៃហេតុការណ៍ដែលបានកើតឡើងនោះ។
«រដ្ឋាភិបាលកណ្តាលអាចប្រើជំហរខ្លាំងជាងមុន ចំពោះការបន្តស្វែងរកការទទួលខុសត្រូវផ្នែករដ្ឋបាល។ សម្រាប់ពេលនេះ ពាក់ព័ន្ធនឹងការស្វែងរកអ្នកទទួលខុសត្រូវ ខ្ញុំគិតថា ការចាប់ខ្លួនក្រុមមន្រ្តីទាំង១១រូបនេះ យ៉ាងហោចណាស់ក៏បានធ្វើឲ្យក្តីកង្វល់របស់សាធារណជនចុះថយដែរ»។
អាជ្ញាធរក៏បានឃាត់ខ្លួនបុគ្គលិករបស់ក្រុមហ៊ុន Ruihai International ចំនួន១២នាក់ ដែលក្រុមហ៊ុននេះជាម្ចាស់ឃ្លាំងដែលបានផ្ទុះ ហើយក៏បានឃាត់ខ្លួនជនស៊ីវិលផ្សេងទៀតដែលគេយល់ថា បានបំប៉ោងពាក្យចចាមអារ៉ាមអំពីគ្រោះថ្នាក់នេះ និងបំប៉ោងតួលេខអ្នកស្លាប់នៅតាមអ៊ិនធឺណិត។
នៅខណៈដែលសាធារណជននៅតែរង់ចាំការពន្យល់ជាផ្លូវការអំពីឫសគល់នៃការផ្ទុះនោះ មនុស្សជាច្រើនបានគិតទុកថា ភាពមិនចុះសម្រុងគ្នាក្នុងចំណោមមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលអាចនឹងធ្វើឲ្យមានការពន្យារពេលនៃការរកមូលហេតុនេះ។
លោក Willy Lam អ្នកវិភាគនយោបាយចិនដ៏ល្បីម្នាក់បានសរសេរនៅក្នុងអត្ថបទផ្ញើទៅកាន់ វិទ្យាស្ថានគោលនយោបាយ Jamestown Foundation របស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបាននិយាយថា ប្រភពព័ត៌មានពីជនជាតិចិនចំនួន៣នាក់មានឋានៈជាប្រមុខដឹកនាំស្ថាប័នរបស់រដ្ឋាភិបាលចិនបានប្រាប់លោកថា មេដឹកនាំកំពូលចិនបានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងមនុស្សជំនិតរបស់ខ្លួនភ្លាមៗបន្ទាប់ពីមានការផ្ទុះនោះ ដើម្បីពិនិត្យមើលថាតើមានមូលហេតុនយោបាយអ្វីមួយនៅពីក្រោយមហន្តរាយនេះដែរឬទេ។
កាលនោះ លោកប្រធានាធិបតីចិន Xi Jinping សង្ស័យថា ការផ្ទុះនោះជាការធ្វើឡើងក្នុងន័យនយោបាយ ដើម្បីទម្លាក់ការទទួលខុសត្រូវចំពោះការផ្ទុះនោះទៅលើរដ្ឋបាលរបស់លោក ឬយ៉ាងហោចណាស់ ធ្វើឲ្យលោកបាក់មុខមាត់នៅមុនការរៀបចំក្បួនយោធាកាលពីថ្ងៃទី៣ ខែកញ្ញា។ លោក Lam ចាត់ទុកក្បួនយោធានោះស្មើនឹងការប្រារព្ធពិធីកាន់តំណែងដើម្បីគាំទ្រការកាន់តំណែងរបស់លោក Xi។
យោងតាមលោក Lam ការសង្ស័យរបស់លោក Xi សំដៅជាពិសេសទៅលើមន្រ្តីជាន់ខ្ពស់រាប់សិបនាក់របស់កងទ័ពរំដោះប្រជាជន PLA ដែលជាមនុស្សក្រោមបង្គាប់របស់សមាជិកនៃការិយាល័យនយោបាយ (Politburo) ពីររូប គឺឧត្តមសេនីយ៍ Xu Caihou ដែលបានស្លាប់កាលពីពេលថ្មីៗនេះ និងឧត្តមសេនីយ៍ Guo Boxiong បើទោះជាមិនមានភស្តុតាងជាក់លាក់ណាមួយត្រូវបានគេរកឃើញក៏ដោយ។
លោក Lam និយាយថា៖ «វាជារឿងដែលអាចទៅរួចដែលថា ការផ្ទុះនោះមានជាប់ពាក់ព័ន្ធទៅនឹងក្រុមមន្រ្តីទាំងនេះ ឬក្រុមមន្រ្តីនៅក្នុងកងទ័ពរំដោះប្រជាជនឬនៅក្នុងគណបក្សដែលមិនសប្បាយចិត្តនឹងលោក Xi Jinping ជាពិសេសចំពោះយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក Xi និងចំពោះការប្រមូលផ្តុំអំណាចហួសហេតុរបស់លោក»។
លោក Zhang Ming សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Renmin University of China បាននិយាយថា៖ «ប្រសិនបើរឿងនេះត្រូវបានគេបង្ហាញថា វាជាការពិត ខ្ញុំគិតថា អ្នកដែលបានរៀបចំគម្រោងនិងធ្វើផែនការបំផ្ទុះដែលធ្វើឲ្យបាត់បង់ជីវិតមនុស្សបែបនេះ ពិតជាអមនុស្សធម៌ពេកហើយ»។
ទោះជាការផ្ទុះនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយនិងមានការឃាត់ខ្លួនអ្នកគ្រប់គ្រងក្រុមហ៊ុននិងក្រុមមន្រ្តីមូលដ្ឋានក៏ដោយ ក៏អាជ្ញាធរនៅតែមិនបានផ្តល់ការពន្យល់ណាមួយអំពីមូលហេតុនៃការឆេះឃ្លាំងដ៏ធំនេះ ដែលបានកើតមានឡើងនៅមុនពេលមានការផ្ទុះនាពេលអាធាត្រយប់ថ្ងៃទី១២ ខែសីហា នោះនៅឡើយ។
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ