៣ឆ្នាំកន្លងផុតទៅចាប់តាំងពីយប់មួយក្នុងខែវិច្ឆិកា ដែលលោក ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ពេលលោកជាប់ឆ្នោតធ្វើជាប្រធានាធិបតីទី៤៥របស់អាមេរិក។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា៖
«ជូនចំពោះអ្នកគាំទ្រគណបក្សសាធារណរដ្ឋ គណបក្សប្រជាធិបតេយ្យនិងអ្នកឯករាជ្យទាំងអស់នៅទូទាំងប្រទេស ខ្ញុំគិតថា វាដល់ពេលហើយដែលយើងត្រូវរួមសាមគ្គីគ្នាជាថ្លុងមួយ»។
ការអំពាវនាវឲ្យមានការបង្រួបបង្រួមគ្នានៅពេលនោះបានសាបរលាបយូរណាស់ទៅហើយ។
លោក ត្រាំ ឥឡូវនេះពឹងផ្អែកទៅលើក្រុមអ្នកគាំទ្រស្មោះស្ម័គ្ររបស់លោកឲ្យអត់ទ្រាំជាមួយនឹងការចោទប្រកាន់ប្តឹងទម្លាក់លោកពីតំណែង ហើយបន្ទាប់មកជួយលោកឲ្យជាប់ឆ្នោតម្តងទៀតនៅឆ្នាំក្រោយ។
លោក ត្រាំ បានថ្លែងថា៖
«អ្វីដែលស្ថិតក្នុងហានិភ័យពាក់ព័ន្ធនឹងការប្តឹងផ្តល់គ្នានេះគឺ លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ នេះគឺជាអ្វីដែលពួកគេចង់បាន។ ពួកគេកំពុងបំផ្លាញប្រទេសនេះ ប៉ុន្តែវានឹងមិនអាចកើតឡើងនោះទេ សូម្បីតែបន្តិចក៏មិនអាចដែរ»។
ការស៊ើបអង្កេតដើម្បីប្តឹងទម្លាក់លោកប្រធានាធិបតីចេញពីតំណែងគឺផ្តោតទៅលើការចោទប្រកាន់ពីកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីដាក់សម្ពាធទៅលើអ៊ុយក្រែនឲ្យធ្វើការស៊ើបអង្កេតទៅលើគូប្រជែងនយោបាយរបស់លោកគឺលោក Joe Biden។ លោក Biden បានលើកយកបញ្ហាលោក ត្រាំ ដើម្បីជួយឲ្យលោកឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅឆ្នាំក្រោយ។
លោក Biden បានថ្លែងថា៖
«លោក ត្រាំ ថ្លែងថា នឹងមានសង្គ្រាមស៊ីវិល។ លោកជាមនុស្សសរសៃប្រសាទ។ ខ្ញុំបារម្ភអំពីអ្វីដែលលោកនឹងធ្វើបន្ទាប់។ ខ្ញុំមិនមែនបារម្ភពីខ្លួនខ្ញុំឬក្រុមគ្រួសាររបស់ខ្ញុំទេ។ ខ្ញុំបារម្ភអំពីអ្វីដែលលោកនឹងធ្វើពេលលោកនៅកាន់តំណែងប្រធានាធិបតីនៅឆ្នាំក្រោយ»។
លោក John Fontier អ្នកវិភាគមកពីមជ្ឈមណ្ឌលគោលនយោបាយបង្រួបបង្រួមបក្សទាំងពីរបានថ្លែងថា ការស៊ើបអង្កេតដើម្បីចោទប្រកាន់ប្តឹងលោកប្រធានាធិបតីពីតំណែងនឹងផ្អែកទៅលើការបោះឆ្នោតឲ្យបក្សរៀងៗខ្លួន។
លោក Fontier ថ្លែងថា៖
«សម្រាប់គណបក្សប្រជាធិបតេយ្យ ពួកគេជឿថាលោកប្រធានាធិបតីបានធ្វើទង្វើដែលខុស ហើយពួកគេគិតថា ពួកគេនឹងអាចទាញយកភស្តុតាងកាន់តែច្រើនជាងមុន។ ខ្ញុំគិតថា ក្តីសង្ឃឹមរបស់ពួកគេគឺដើម្បីកែប្រែទស្សនៈរបស់សាធារណៈជនឲ្យប្រឆាំងនឹងលោកប្រធានាធិបតី ហើយប្រហែលជាអាចទម្លាក់លោកពីតំណែងទៀតផង។ ខ្ញុំគិតថា ខាងគណបក្សសាធារណរដ្ឋកំពុងងាកទៅគាំទ្រប្រធានាធិបតីដែលមិនធ្លាប់មានកាលពីមុន ដើម្បីយកមកនិយាយវាយបកទៅគណបក្សប្រជាធិបតេយ្យវិញ ឬដើម្បីឲ្យរួចខ្លួនពីការចោទប្រកាន់នាពេលបច្ចុប្បន្ន»។
ការស្ទង់មតិបង្ហាញថា អត្រាគាំទ្រលោក ត្រាំ មានប្រមាណ៤០ភាគរយ ដែលជាអត្រាដ៏ទាបក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រធានាធិបតីកំពុងកាន់អំណាច ដែលព្យាយាមប្រយុទ្ធប្រឆាំងនឹងចោទប្រកាន់ប្តឹងទម្លាក់ពីតំណែងហើយចង់ជាប់ឆ្នោតម្តងទៀតក្នុងពេលតែមួយ។
ប៉ុន្តែការមើលស្រាលលោក ត្រាំ គឺជាការគ្រោះថ្នាក់។ នេះបើតាមការថ្លែងរបស់លោក John Feehery ដែលជាអ្នកយុទ្ធសាស្ត្ររបស់គណបក្សសាធារណរដ្ឋ។
លោក Feehery បានថ្លែងថា៖
«តើក្រុមអ្នកជំនាញអំពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានខ្វះចន្លោះត្រង់ណាអំពីលោក ត្រាំដែរឬទេ? ប្រាកដណាស់។ ពួកគេស្គាល់លោក ត្រាំ មិនច្បាស់នោះទេ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលពួកគេគាំទ្រលោកនោះគឺដោយសារតែលោកគោរពពាក្យសន្យារបស់លោក ហើយលោកបានធ្វើឲ្យសេដ្ឋកិច្ចមានដំណើរទៅមុខបានល្អ»។
លោក William Galston ដែលជាអ្នកវិភាគមួយរូបមកពីវិទ្យាសា្ថន Brookingsបានថ្លែងថា បើទោះបីជាទីបំផុតលោក ត្រាំ ត្រូវបានចោទប្រកាន់ប្តឹងទម្លាក់ពីតំណែងដោយរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យក៏ដោយ ក៏លោកទំនងនឹងត្រូវរួចខ្លួនក្នុងសវនាការក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋដែរ។
លោកWilliam Galston បានថ្លែងថា៖
«ខ្ញុំដឹងតាំងពីពេលពិភាក្សាអំពីការចោទប្រកាន់ទម្លាក់លោក ត្រាំ តាំងពីពេលទើបចាប់ផ្តើមកាលពីជាងមួយឆ្នាំមុនមកម្លេះថា ប្រសិនបើគណបក្សប្រជាធិបតេយ្យចង់ទម្លាក់លោក ត្រាំ ពីតំណែង នោះនឹងត្រូវទម្លាក់តាមរយៈការបោះឆ្នោតឆ្នាំ២០២០។ គ្មានអ្វីដែលអាចកែប្រែទស្សនៈរបស់ខ្ញុំបាននោះទេ»។
៣ឆ្នាំក្នុងការកាន់តំណែងប្រធានាធិបតីដ៏ច្របូកច្របល់របស់លោក ដូណាល់ ត្រាំ ពលរដ្ឋអាមេរិកាំងឥឡូវនេះហ៊ុំព័ទ្ធទៅដោយជម្លោះរវាងគណបក្សទាំងពីរពាក់ព័ន្ធនឹងការចោទប្រកាន់ដើម្បីប្តឹងទម្លាក់លោក ត្រាំ ចេញពីតំណែង ហើយប្រហែលជាការបោះឆ្នោតដ៏សាហាវបំផុតមួយនៅក្នុងការចងចាំរបស់ពួកគេនាពេលថ្មីៗនេះ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា