បី​សប្តាហ៍​នៃ​ការបាត់ខ្លួន​សកម្មជន​ថៃ ប៉ូលិស​កម្ពុជា​មិន​ទាន់​អាច​ផ្ទៀងផ្ទាត់​ព័ត៌មាន ខណៈ​ភាគី​ថៃ​បន្ត​ស្ងាត់ស្ងៀម

រូបឯកសារ៖ សកម្មជន​ម្នាក់​កាន់​រូបថត​របស់​សកម្មជន​ថៃ ​លោកWanchalearm Satsaksit អំឡុង​ពេល​បាតុកម្ម​នៅមុខ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ​នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០។ (AP)

លោក ​ឆាយ គឹម​ខឿន ​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ និង​ជា​អ្នក​នាំពាក្យ​ ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ រហូត​មក​ដល់​ថ្ងៃ​នេះ ​ អាជ្ញាធរ​កម្ពុជា​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នោះ ​ពិត​កម្រិត​ណា​នោះ​ទេ។ ​

ប៉ូលិស​កម្ពុជា​នៅ​បន្ត​អះអាង​ថា សមត្ថកិច្ច​មិន​ទាន់​អាច​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​លោក​ Wanchalearm Satsaksit​ នៅ​ឡើយ​ទេ ​ ខណៈ​ភាគី​ថៃ​ក៏​មិន​ទាន់​បាន​ស្នើ​សុំ​ឲ្យ​កម្ពុជាធ្វើ​អ្វី​បន្ត​ទៀត​នោះ​ដែរ។​

អស់​រយៈ​ពេល​៣​សប្តាហ៍​មក​ហើយ​ ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា ​លោក​ Wanchalearm ​ជា​សកម្មជន​ថៃ​និង​បាន​គេច​ខ្លួន​មក​រស់​នៅ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះត្រូវ​បាន​គេ​ចាប់​ដាក់​ក្នុង​រថយន្ត ​Highlander​ ពណ៌​ខ្មៅ ហើយ​បើក​ចេញ​ទៅ។ ​

សាក្សី​នៅ​ក្បែរ​ខុនដូ​ដែល​ពួក​គេ​ថា​ ជន​ជាតិ​ថៃ​លោក​ Wanchalearm ​អាយុ​៣៧​ឆ្នាំ​ ស្នាក់​នៅ​នោះ ​ បាន​ប្រាប់ ​VOA​ ថា​ ពួក​គេ​ឃើញ​សកម្មជន​ថៃ​រូប​នេះ ​ត្រូវ​បាន​បុរស​៣​ នាក់​ ចាប់​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​មុខ​ខុនដូ​មួយ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជ​ធានី​ភ្នំពេញ។ សាក្សី​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​ចាប់​ពង្រត់​នោះ​ ពិត​ជា​ជន​ជាតិ​ថៃ ​ដែល​រូប​ថត​របស់​លោក​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និង​សារ​ព័ត៌មាន។​

លោក ​ឆាយ គឹម​ខឿន ​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ និង​ជា​អ្នក​នាំពាក្យ​ ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ រហូត​មក​ដល់​ថ្ងៃ​នេះ ​ អាជ្ញាធរ​កម្ពុជា​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នោះ ​ពិត​កម្រិត​ណា​នោះ​ទេ។ ​

លោក​បន្ត​ថា ​ម្ចាស់​ខុនដូ​បាន​ប្រាប់​ប៉ូលិស​ថា​ មិន​មាន​ឈ្មោះ​ជន​ជាតិ​ថៃនោះ​ស្នាក់​នៅ​ខុនដូ​ទេ​ ហើយ​ម្ចាស់​ខុនដូ​ក៏​លើក​ឡើង​ដែរ​ថា ​មិន​ដែល​ឃើញ​ជនជាតិ​ថៃ​ជា​អតិថិជន​ស្នាក់​នៅ​ដែរ។​ លោក​បន្ថែម​ថា​រថយន្ត​ដែល​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​នោះ ​ក៏​ប្រើប្រាស់​ស្លាក​លេខ​ក្លែង​ក្លាយ​ផង​ដែរ។​

អ្នក​នាំពាក្យ​ប៉ូលិស​រូប​នេះ​លើក​ឡើង​ទៀត​ថា​ មិន​ដឹង​ថា​ ឃ្លីប​វីដេអូ​ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ​ កើត​ឡើង​ពី​ពេល​ណា​ និង​នៅ​កន្លែង​ណា​ទេ។​

លោក​បញ្ជាក់​ថា៖​ «ជា​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​ការ​ចោទ​ប្រកាន់​ឃើញ​ថា​ វា​អត់​ស៊ី​មេទ្រី​គ្នា​ចំពោះ​ព័ត៌មាន​និង​ការ​ស៊ើប​អង្កេត​ជាក់​ស្តែង»។​

បើ​តាម​លោក ​ឆាយ គឹមខឿន ​ចាប់​តាំង​ពីឆ្នាំ​ ២០១៧ ​មក ​ជនជាតិ​ថៃ ​Wanchalearm​ មិន​មាន​ឈ្មោះ​សុំ​ទិដ្ឋាការ​ពី​អាជ្ញាធរ​កម្ពុជា​នោះ​ទេ។​ ដូច្នេះ​លោក​ថា​ជនជាតិ​ថៃ​នោះ​អាច​ចេញ​ពី​កម្ពុជា ​ឬ ​រស់​នៅ​ដោយ​ខុស​ច្បាប់។​

នៅ​ពេល​សួរ​ថា​ តើ​អាជ្ញាធរ​កម្ពុជា​នឹង​បញ្ចប់​ការ​ស៊ើប​អង្កេត​ឬ​យ៉ាង​ណា ​លោក ​ឆាយ គឹម​ខឿន ​ថ្លែង​ថា៖​

«សំណួរ​ហ្នឹង​រសើប​បន្តិច ​ហើយ​ពូ​ក៏​មិន​មែន​មិន​ដឹង​ថា ​VOA​ ជា​នរណា​ដែរ។ ​ប៉ុន្តែ​ដូច​ពូ​ឆ្លើយ​ពី​ដំបូង​អ៊ីចឹង​ យើង​មិន​ទុក​ឲ្យ​ស្រុក​ខ្មែរ​គេ​ចោទ​ប្រកាន់​ស្រេច​តែ​ចិត្ត​ទេ។ ​ប៉ុន្តែ​គ្រាន់​តែ​ថា​ យើង​ត្រូវ​ការ​ពេល​វេលា​មួយ។ ដល់​ពេល​នេះ ​ យើង​មិន​ទាន់​អាច​វាយ​តម្លៃ​ព័ត៌មាន ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​បាន​ច្បាស់​ផង។ ​ ចោទ​ថា​ យើង​ចង់​ទុក​ស្ថាន​ការណ៍​អ៊ីចឹង​ខាង​សមត្ថកិច្ច​អត់​ទទួល​យក​បាន​ទេ។ ​យើង​អត់​ទុក​ស្ថាន​ការណ៍​អ៊ីចឹង​ទេ។​ លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​យ៉ាង​ម៉េច ​យើង​អត់​ទាន់​ដឹង​ទេ»។​

កន្លង​ទៅ ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន។​

លោក ​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ​ ដោយ​រៀបរាប់​ពី​ការ​ស៊ើប​អង្កេត​ផ្ទៀង​ផ្ទាត់​ព័ត៌មាន។ ​លោក​បន្ត​ថា​ ភាគី​ថៃ​មិន​ទាន់​មាន​ការ​ស្នើ​សុំ​អ្វី​បន្ត​ទៀត​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «គេ​អត់​មាន​ធ្វើ​ការ​ស្នើ​អី​ឲ្យ​យើង​ធ្វើ​អី​ទៀត​ទេ។ ​ នៅ​ក្នុង​ហ្នឹង​ដូច​យើង​បាន​បញ្ជាក់​ហើយ ​សមត្ថ​កិច្ច​យើង​ក៏​នៅ​តែ​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដែរ»។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្រ្តី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ភ្នំពេញ​ និង​ទីក្រុង​បាងកក​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

កន្លង​ទៅ ​ក្រសួង​ការ​បរទេស​ថៃ​បាន​ប្រាប់​ VOA​ ថា​ ភាគី​ថៃ​បាន​និង​កំពុង​តាម​ដាន​របាយ​ការណ៍​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ការ​បាត់​ខ្លួន​លោក ​Wanchalearm​ «ជាមួយ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»។ ក្រសួង​ការ​បរទេស​ថៃ​បញ្ជាក់​ថា ​រដ្ឋាភិបាល​ថៃ​បាន​ទាក់ទង​កម្ពុជា​រួច​ហើយ ​ដើម្បី​ជា​កិច្ច​សហការ​ឲ្យ​ផ្ទៀង​ផ្ទាត់​ការណ៍​ពិត​និង​ផ្តល់​ព័ត៌មាន​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ស្វែង​រក​លោក​ Wanchalearm។​

VOA​ បាន​សាកសួរ​ស្រ្តី​ខ្មែរ​ម្នាក់​ដែល​ស្គាល់​លោក ​ Wanchalearm​ ជាង​២​ឆ្នាំ ​មក​ហើយ​ក្នុង​នាម​ជា​«មិត្ត​ភ័ក្តិ​ជិត​ស្និទ្ធិ»។ ​ស្រ្តី​អាយុ​២៧​ឆ្នាំ​រូប​នោះ​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​បារម្ភ​អំពី​សុវត្ថិភាព។​ កញ្ញា​និយាយ​ថា ​លោក​ Wanchalearm ​ពិត​ជា​ស្នាក់​នៅ​ខុនដូ​នោះ​មែន ​ ហើយ​កញ្ញា​ក៏​ធ្លាប់​ចូល​ទៅ​លេង​ទី​នោះ​ជាមួយ​គាត់​ដែរ។​

កញ្ញា​បញ្ជាក់​ថា៖ ​«ខ្ញុំ​មិន​ដឹង​ហេតុ​អ្វី​គេ​ថា​មិន​ដែល​ស្គាល់​គាត់​មិន​ដែល​ឃើញ​គាត់​នៅ​ខុនដូ។ ​ គាត់​ពិត​ជា​នៅ​ទីនោះ។ ​ គាត់​ធ្លាប់​ហៅ​ខ្ញុំ​ទៅ​លេង ​ ហើយ​ខ្ញុំ​បាន​ទៅ​លេង​អង្គុយ​នៅ​ខាង​ក្រោយ​ខុនដូ​នោះ​ដែរ»។​

បើ​តាម​ស្រ្តី​រូប​នោះ ​នៅ​ថ្ងៃ​ចាប់​ខ្លួន​ មិត្ត​ភក្តិ​ជនជាតិ​ថៃ​របស់​សកម្មជន​រូប​នោះ ​បាន​ខល​មក​កញ្ញា​ហើយ​សួរ​ថា ​កាមេរ៉ា​សុវត្ថិ​ភាព​នៅ​ហាង​កញ្ញា​ថត​ផ្លូវ​ឃើញ​ឬ​ទេ តែ​កញ្ញា​មិន​ចាប់​អារម្មណ៍។ ​កញ្ញា​បន្ត​ថា​ នៅ​ពេល​ឃើញ​ព័ត៌​មាន​និង​ការ​ចុះ​ផ្សាយ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ​ ទើប​ដឹង​ថា​ លោក​ Wanchalearm ​ត្រូវ​បាន​ចាប់​ពង្រត់។

កញ្ញា​ថ្លែង​ប្រាប់ ​VOA ​ថា ​លោក ​Wanchalearm ​ដែល​កញ្ញា​ស្គាល់​ឈ្មោះ​ក្រៅ​ថា​ «តា»​ ចូលចិត្ត​និយាយ​រឿង​នយោបាយ ​ ហើយ​តែង​តែ​រិះគន់​នាយករដ្ឋ​មន្រ្តី​ថៃ​លោក ​ ប្រាយុទ្ធ ចាន់អូចា​ (Prayuth Chan-ocha)។ ​

កញ្ញា​ថ្លែង​ថា៖​ «គាត់​និយាយ​ថា ​គាត់​អត់​ចូលចិត្ត​លោក​ប្រាយុទ្ធ​ទេ។​ គាត់​ចូល​ចិត្ត​ថាក់ស៊ីន​ (អតីត​នាយក​រដ្ឋមន្រ្តី​ថៃ)។​ ហើយ​គាត់​ថា​ គាត់​ចង់​ឃើញ​ប្រជាជន​មាន​សេរីភាព»។​

កញ្ញា​ឲ្យ​ដឹង​ទៀត​ថា ​ លោក​ Wanchalearm ​ប្រាប់​ថា​ លោក​ធ្លាប់​ត្រូវ​បាន​បុរស​ពីរ​បី​នាក់​តាម​រក​ហើយ​លោក​ប្រាប់​ថា​ បើ​មាន​គេ​សួរ​រក​រូប​លោក​ប្រាប់​គេ​ថា​ មិន​ស្គាល់​រូប​លោក​នោះ​ទេ។​ កញ្ញា​ថ្លែង​បន្ត​ថា៖​

«ខ្ញុំ​នៅ​តែ​គិត​ថា​ គាត់​មក​វិញ។​ គាត់​ជា​មនុស្ស​ល្អ ​រួសរាយ​ មនុស្ស​ស្រួលៗ ​និង​ជា​សុភាព​បុរស»។​

លោក​ អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ថ្លែង​ថា​ ​អាជ្ញាធរ​កម្ពុជា​គួរ​តែ​បន្ត​ការ​ស៊ើប​អង្កេត​ករណី​នេះ​ ដោយសារ​វា​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សហគមន៍​អន្តរ​ជាតិ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ត្រូវ​តែ​ជំរុញ​ឲ្យ​មាន​ការ​ប្រមូល​ព័ត៌មាន​ហ្នឹង​ឲ្យ​បាន​ច្បាស់​លាស់ ​ដើម្បី​បញ្ជាក់​អំពី​ហេតុ​ផល​សមរម្យ​ណាមួយ​ដែល​គេ​អាច​នឹង​ជឿ​ជាក់​បាន»។​

លោក ​Wanchalearm​ គឺ​ជា​សកម្ម​ជន​ប្រជា​ធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់​ ដែល​តែង​រិះគន់​រដ្ឋាភិបាល​យោធា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ថៃ​លោក​ ប្រាយុទ្ធ ចាន់អូច។ មួយ​ថ្ងៃ​មុន​ការ​ចាប់​ដាក់​ក្នុង​រថយន្ត​ ​សកម្ម​ជន​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ចុង​ក្រោយ​មួយ​លើ​ហ្វេសប៊ុក​របស់​លោក ​រិះគន់​នាយក​រដ្ឋមន្រ្តី​ថៃ។ ​នៅ​ក្នុង​វីដេអូ​ប្រមាណ​ ១ ​នាទី​នោះ​ សកម្មជន​រូប​នេះ​បាន​«ជេរ​ប្រមាថ»​ថា​ លោក ​ប្រាយុទ្ធ​ ជា​មេដឹកនាំ​និយាយ​បាន​តែ​មាត់​ ដឹកនាំ​ប្រទេស​មិន​កើត ​និង​ជា​«មេ​ដឹកនាំ​ល្ងង់​ខ្លៅ»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ លើក​ឡើង​ថា​ ​សកម្ម​ជន​រូប​នេះ​ បាន​គេច​មក​នៅ​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០១៤។​ អង្គការ​ Human Rights Watch​ បញ្ជាក់​ថា​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៨​ ​អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​Wanchalearm​ ផង​ដែរ៕