បាតុករ​រង​របួស​ដាក់​ពាក្យប្តឹង​អភិបាល​រង​ខណ្ឌ​ដូនពេញ

ស្ត្រី​ម្នាក់​ឈរ​នៅ​ក្បែរ​លួស​បន្លា​ដែល​ត្រូវ​មន្ត្រី​​ប៉ូលិស​ពង្រាយ​នៅ​ជុំ​វិញ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៤។ ប៉ូលិស​បាន​​បិទ​ផ្លូវ​នៅ​ជុំ​វិញ​ទី​លាន​ប្រជាធិបតេយ្យ​នេះ​នៅ​​មួយ​ថ្ងៃ​មុន​​គម្រោង​បាតុកម្ម​​ទិវា​ពលកម្ម​អន្តរជាតិ រៀប​ចំ​ដោយ​ក្រុម​សហជីព​និង​គណបក្ស​ប្រឆាំង។

អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​ បន្ទាប់​ពី​ការ​បណ្តេញ​ចេញ​ដោយ​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​បាន​បណ្តាល​ឲ្យមាន​មនុស្ស​មួយ​ចំនួន​បាន​រង​របួស​នោះ ក្រុម​អ្នក​រង​គ្រោះ​និង​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់​ផ្តើម​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក​សុខ​ ពេញ​វុធ​ អភិបាល​រង​ខណ្ឌ​ដូន​ពេញ​ពី​បទ​ថា៖ «បាន​បញ្ជា​សន្តិសុខ​មក​ឲ្យ​វាយ​ដំ​ទៅ​លើ​ជន​រង​គ្រោះ​និង​អ្នក​តំណាងរាស្ត្រ»។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ អ្នក​ស្រី ​មួរ សុខហួរ​ អ្នក​តំណាងរាស្រ្ត​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​ពាក្យ​បណ្តឹង​លោក​សុខ ពេញវុធ។ ចំណែក​នៅ​ថ្ងៃ​ពុធ​នេះ​មាន​ជន​រង​គ្រោះ​មួយ​ចំនួន​ទៀត​បាន​ដាក់​ពាក្យ​បណ្តឹង​ចំនួន​បី​ករណីផ្សេងៗ​គ្នា​ទៅ​កាន់​តុលាការ​ក្រុង ​ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​នៅ​សួន​ប្រជាធិបតេយ្យ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ជន​រង​គ្រោះ។​

លោក ​កើត ឃី មេធាវី​តំណាង​ឲ្យជន​រង​គ្រោះ​ចំនួន​បី​នាក់​ បាន​បញ្ជាក់​ថា ​ជន​រងគ្រោះ​បាន​ប្តឹង​លោក​សុខ ពេញវុធ​និង​គូ​កន​ពី​បទ៖​ «ហិង្សា​ដោយ​ចេតនា​និង​បង្ក​ឲ្យមាន​របួស​ធ្ងន់​ធ្ងរ​ដល់​អ្នក​ចូល​រួម​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ»។​

លោក​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ​ ជន​រង​គ្រោះ​ម្នាក់ៗ​បាន​ទាមទារ​សំណង​ចំនួន​ពី​មួយ​ម៉ឺន​ដុល្លារ​រហូត​ដល់​បី​ម៉ឺន​ដុល្លារ​ពី​លោក​សុខ ពេញវុធ។ ​ហើយ​ប្រសិន​ណា​បើ​តុលាការ​រក​ឃើញ​ថា ​មាន​ទោស​កំហុស​ លោក​សុខ ពេញវុធ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពី​២​ឆ្នាំ​រហូត​ដល់​៥​ឆ្នាំ។

លោក​មាន​ប្រសាសន៍​ថា​ លោក​មាន​ភស្តុតាង​ជាក់​ស្តែង​គ្រប់​គ្រាន់​ ជា​ខ្សែ​អាត់​សំឡេង​ ជា​រូបថត​ និង​ថត​សកម្មភាព​ជា​វីដេអូ​នៅ​ក្នុង​ការ​បង្ក្រាប​នោះ។​

លោក​និយាយ​ថា៖​ «ការ​ប្តឹង​នេះ​កុំ​ឲ្យពួក​ហ្នឹង​រំលោភ​ច្បាប់​ បំពាន​ច្បាប់​ពីព្រោះ​យើង​នៅ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​បុគ្គល​ណា​ក៏​ត្រូវ​គោរព​ច្បាប់​ប៉ុន្តែ​ច្បាប់​គឺ​ហាម​ការ​វាយ​ដំ​ទៅ​លើ​អ្នក​ដទៃ​ បង្ក​ទៅ​លើ​អ្នក​ដទៃ​គឺ​មាន​ទោស»។​

កាល​ពី​ដើម​សប្តាហ៍​មុន​នេះ​ កងកម្លាំងសន្តិសុខ​ខណ្ឌ​ដូន​ពេញ​ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ​និង​ពាក់មួក​ខ្មៅ​ការពារ​ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​សុខ​ ពេញវុធ បាន​វាយ​បង្កា្រប​ដោយ​អំពើ​ហិង្សា​ក្នុង​ខណៈ​ពេល​លោក​ស្រី​ មួរ សុខហួរ​ ប៉ុនប៉ង​ចូល​ទី​លាន​ប្រជាធិបតេយ្យ។​

មន្ត្រី​សិទ្ធិមនុស្ស​ និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​បញ្ជាក់​ថា​ យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​ពី​៧​ទៅ​១០​នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ ដោយ​រាប់​បញ្ជូល​ទាំង​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះជាតិ​ អ្នក​កាសែត​ និង​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។​

មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ អ្នក​រង​របួស​ភាគ​ច្រើន​ត្រូវ​បាន​កង​កម្លាំងសន្តិសុខ​វាយ​ឲ្យបែក​ក្បាល​រហូត​ដល់​ហូរ​ឈាម​ និង​វាយ​ទាត់​ ធាក់យ៉ាង​ដំណំ។​ ក៏​ប៉ុន្តែ​អ្នក​រង​របួស​ទាំង​នោះ​មិន​បាន​វាយ​កង​កម្លាំងសន្តិសុខ​វិញ​ទេ។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​លោក​សុខ ពេញវុធ​ អភិបាល​រង​ខណ្ឌ​ដូនពេញ​ តែមិន​អាច​ទាក់ទង​បានទេ។ ក៏​ប៉ុន្តែ​លោក​ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលាក្រុង​ភ្នំពេញ​មាន​ប្រសាសន៍​ថា​ ការ​ដាក់​ពាក្យ​បណ្តឹង​ជា​សិទ្ធិ​របស់​ជន​រង​គ្រោះ ​ចំណែក​អាជ្ញាធរ​គ្រាន់​តែ​អនុវត្ត​តួនាទី​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

នៅ​ទីលាន​ប្រជាធិបតេយ្យ​ នៅ​ថ្ងៃ​ពុធ​នេះ ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ចជា​ច្រើន​រាប់រយនាក់​ប្រដាប់​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ​ បាន​ដាក់​ពង្រាយ​ និង​បាន​រាយ​លួស​បន្លា​ ព្រម​ទាំង​ដាក់​របាំង​ដែក​ការពារ​នៅ​ជុំវិញ​បរិវេណ​មិន​អនុញ្ញាត​ឲ្យមាន​អ្នកណា​ម្នាក់​ចូល​ទៅ​កាន់​ទីនោះ​ទៀត​បាន​ទេ។​

លោក​អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​មាន​ប្រសាសន៍​ថា​ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​ដល់​ចំណុចប្រកាស​អាសន្ន​ហើយ ​និង​ដល់​ពេល​ដែល​មើល​ឃើញ​ថា​ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​បំបិទ​ទាំង​ស្រុង​នៅតាម​ទីសារធារណៈ៕