ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​សភា​ជាប់​ឆ្នោត​នៃ​ក្រុម​ជំទាស់​ថា​នឹង​ប្តឹង​មន្ត្រី​បង្ក្រាប​បាតុករ

  • ហេង រស្មី

លោក​ស្រី មួរ សុខ​ហួរ​ អ្នក​តំណាង​រាស្ត្រ​​ជាប់​​ឆ្នោត​​ខាង​​គណបក្ស​​សង្គ្រោះ​ជាតិ​​ថ្លែង​នៅក្នុង​សន្និសីទ​ការសែត​មួយ នៅថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០១៤ ក្រោយពី​​មាន​អំពើ​ហិង្សា​ទៅ​លើ​ក្រុមបាតុករ​ដែល​ក្នុង​នោះ​រួមទាំង​លោកស្រី​ផង​ជា​ជន​រងគ្រោះ។
លោក​ ស្រី ​មួរ សុខហួរ អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះជាតិ ​គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​លោក​ សុខ ពេញ​វុធ​ អភិបាល​រង​ខណ្ឌ​ដូន​ពេញ​ និង​គូរ​កន​ពីបទ​ថា​ បាន​បញ្ជា​ឲ្យប្រព្រឹត្ត​អំពើ​ហិង្សា​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ជិត​១០​នាក់​រង​របួស។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​ កង​កំលាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ​និង​ពាក់មួក​ខ្មៅ​ការពារ​ ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​សុខពេញ​វុធ​ បាន​វាយ​បង្កា្រប​ដោយ​អំពើ​ហិង្សា​ក្នុង​ខណៈ​ពេល​លោក​ស្រី​ មួរ សុខហួរ ​ប៉ុនប៉ង​ចូល​ទីលាន​ប្រជាធិប​តេយ្យ។​ នេះបើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ឋិ​មនុស្ស​។​ មន្ត្រីសិទ្ឋិ​មនុស្ស​និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​បញ្ជាក់​ថា​យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​ពី​ប្រាំពីរ​ទៅ​១០​នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ដោយ​រាប់​បញ្ជូល​ទាំង​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះជាតិ​ អ្នក​ការសែត​ និង​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។​

មន្ត្រី​ឃ្លាំមើល​ការ​រំលោភសិទ្ឋិ​មនុស្ស​បាន​អះអាង​ថា​អ្នក​រង​របួស​ភាគ​ច្រើន​ត្រូវ​បាន​កង​កំលាំង​សន្តិ​សុខ​វាយ​អោយ​បែក​ក្បាល​រហូត​ដល់​ហូរ​ឈាម​និង​វាយ​ទាត់​ធាក់យ៉ាង​ដំណំ។​ ក៏ប៉ុន្តែ​អ្នក​រង​របួសទាំងនោះ​មិនបាន​វាយ​កង​កំលាំង​សន្តិសុខ​វិញ​ទេ។​

លោក​ ស្រី មួរ សុខ​ហួរ​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះជាតិ​បាន​បង្ហាញ​មុខ​អ្នក​រង​គ្រោះ​ចំនួន​ប្រាំពីររូប​ ​នៅ​ក្នុង​អង្គសន្និសិទ្ឋ​ការសែត​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ​នៅ​ទីស្នាក់​ការ​របស់​គណបក្ស​។​

លោក​ស្រី​បាន​អះអាង​ថា​មេធាវី​របស់​លោក​ស្រី​កំពុង​រៀប​ចំឯក​សារ​ដើម្បី​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​លោក​សុខ ពេញ​វុធ​និង​គូរ​កន​ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ។​លោក​ស្រី​បាន​ទាមទារ​អោយ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ដោយឯក​រាជ្យ​មួយ​។ពាក់​ព័ន្ឋ​នឹង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​កន្លង​មក​ ទៅ​លើ​បាតុកម្ម​និង​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ទីលាន​ប្រជាធិបតេយ្យ។​ លោក​ស្រី​និយាយ​ថា៖

«​អ្នក​ដែល​ប្រព្រឹត្ត​អត់​រួច​ខ្លួន​ទេ​។​ហើយ​ដល់​ពេល​នោះ​អត់មាន​គណបក្ស​ប្រជាជន​ណា​មក​ការពារ​អស់​លោក​ទេ។​ច្បាប់​ការពារ​លោក​លុះត្រា​តែ​ច្បាប់​ការពារ​បាន​។តែ​ច្បាប់​គេ​ដាក់​មក​គេ​ការពារ​ច្បាប់​ដើម្បី​ផល​ប្រយោជន៏​សិទ្ឋិ​សេរីភាព​ប្រជាពល​រដ្ឋ​និង​ប្រទេស​ជាតិ»។​

ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ដាក់​អោយ​នៅ​ទំនេរ​ដោយ​រង​ចាំ​សេចក្តី​សំរេច​របស់​តុលាការ​ក្រោយ​ពី​បាន​វាយ​បណ្តេញ​ក្រុម​បាតុករ​បស់​គណបក្ស​សង្គ្រោះជាតិ​កាល​ពីខែមករា។​

អ្នក​ស្រី​មួរ សុខហួរ​ បាន​ព្យាយាម​ចូល​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​ចំនួន​ប្រមាណ​៦​ដង​តែ​ត្រូវ​បាន​កង​កំលាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​បាន​រាំរាំង។​

លោក​ស្រី​បាន​អះអាង​ថា​នៅ​ចុង​ខែ​នេះ​បន្ទាប់​ពី​លោក​ស្រី​រាយការណ៏​ពី​សកម្មភាព​បង្ក្រាប​ប្រាប់​ក្រុម​អ្នក​ការទូត​រួច​ហើយ​។​អ្នក​ស្រី​និង​ទៅ​កាន់​ទីលាន​ប្រជាធិប​តេយ្យ​សារ​ជាថ្មី​ទៀត។​

លោក​ សុខ ពេញ​វុធ​ អភិបាល​រង​ខណ្ឌ​ដូនពេញ​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តីបំភ្លឺ​បាន ទេ។​ក៏ប៉ុន្តែ​លោក​ ឡុង ឌីម៉ង់​អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថាការ​ដាក់​ពាក្យ​ប្តឹងជាសិទ្ឋិ​របស់​លោក​ស្រី​។​លោក​បាន​បញ្ជាក់​ថា​អាជ្ញាធរ​គ្រាន់​តែ​អនុវត្តន៏​ទៅ​តាម​តួនាទី​របស់​ខ្លួន​តែប៉ុណ្ណោះ។​ លោក​និយាយ​ថា៖​

«​គាត់ទៅ​ប្តឹង​អ្វី​ប្តឹង​ទៅ​ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ជាមន្ត្រី​រដ្ឋបាល​នៅ​មូល​ដ្ឋាន​យើង​ពង្រឹង​ការ​អនុវត្តន៏​ច្បាប់​ដូច្នេះ​សិទ្ឋិសេរីភាព​របស់​គាត់»។​

លោក​ ប៉ែន ឈុន​សារ៉ាវ័ន្ត​ ជំនួយ​ការ​លោក​ស្រី​មួរ សុខហួរ​ដែល​បាន​រង​របួស​បែក​ក្បាល​មាន​បញ្ជាក់​ថា​ការ​វាយ​បង្ក្រាប​នេះ​មិន​មែន​បំណង​វាយ​អោយ​រង​របួស​ទេ​។គឺ​កង​កំលាំង​សន្តិសុខ​មាន​បំណង​វាយ​សម្លាប់​តែ​ម្តង។​

លោក​បាន​បញ្ជាក់​ថា​លោក​គ្រោង​នឹង​ដាក់​ពាក្យ​ប្តឹងដាច់​ដោយ​ឡែកមួយ​ផ្សេង​ទៀតក្នុង​នាម​ជន​រង​គ្រោះ​ប្រឆាំង​នឹង​លោក​ សុខ ពេញវុធ​ពីបទ​«បាន​បង្រ្កាប​ប្រជា​ពលរដ្ឋ​និង​ពីបទប៉ុនប៉ង​មនុស្ស​ឃាត»៕
XS
SM
MD
LG