ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យ៉ាង​តិច​មនុស្ស​៦​នាក់​រង​របួស​ពេល​កម្លាំង​សន្តិសុខ​បំបែក​បាតុកម្ម​របស់​វិទ្យុ​សម្បុក​ឃ្មុំ


លោក​ម៉ម ​សូណង់ដូ​ ប្រធាន​វិទ្យុ​សម្បុក​​ឃ្មុំ​​ និង​ជា​ប្រធាន​សមាគម​​អ្នក​ប្រជា​ធិបតេយ្យ​ ត្រូវ​ក្រុម​ប៉ូលិស​រារាំង​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៤។
យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពលរដ្ឋ​៦​នាក់​បាន​រង​របួស​ធ្ងន់​ និងស្រាល​ និង​ប្រជាពលរដ្ឋម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បំបែក​ការ​ជួប​ជុំ​គ្នារបស់​ប្រជា​ពលរដ្ឋ​អ្នកគាំទ្រ​សមាគមនអ្នក​ប្រជា​ធិបតេយ្យ​របស់​លោក​ម៉ម​ សូណង់ដូ​ នៅ​ថ្ងៃ​ច័ន្ទ​ទី​៣១ ​ខែ​មិនា​នេះ​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

អ្នក​គាំទ្រ​សមាគមនអ្នក​ប្រជា​ធិបតេយ្យ​របស់​លោក​ម៉ម​ សូណង់ដូ​សរុប​ប្រហែល​ជាង​១០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ព្រឹក​មិញ​នេះ​នៅ​បរិវេណ​សួន​ច្បារ​ក្បែរ​ស្ពាន​នាគ ​ជិត​វត្ត​ភ្នំ ​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន​កម្ពុជា​ផ្តល់​ហ្វេ្រកង់​ទូរទស្សន៍​ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​នៅ​តាម​បណ្តា​ខេត្ត​សម្រាប់វិទ្យុ​សម្បុកឃ្មុំ។​

ក្រុម​អ្នក​តវ៉ាបាន​ប៉ុន​ប៉ង​ចូល​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​ទីលាន​ប្រជា​ធិបតេយ្យ​ដែល​កាន់​កាប់​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល ​ប៉ុន្តែ​នៅ​ពេល​នោះ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ័​ដូនពេញ​ដែល​ពាក់មួក​ឃ្លុប​បិទ​មុខ​ជិត ​និង​ប្រដាប់​ដោយ​ដំបង ​បានព្យាយាម​បំបែក​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​និង​បាន​វាយ​សំពងពួក​គេ។​

យោង​តាម​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ រងរបួស​មាន​អ្នកបែក​ក្បាល​ ត្រូវ​ភ្នែក​និង​ត្រូវ​ដៃ ​និង​ជើង​ជាដើម។​

ភ្លាមៗ​ក្រោយ​ការ​បង្ក្រាប​នេះ​ លោក​ម៉ម ​សូណង់ដូ​ ប្រធាន​វិទ្យុ​សម្បុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​បាន​ថ្លែង​ប្រាក់​អ្នក​កាសែត​ថា ទង្វើ​របស់​អាជ្ញាធរ​ជាការ​រំលោភ​ច្បាប់​ និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។​

«ភាគ​ច្រើន​អត់​ចេះ​ច្បាប់​ ហើយ​មេគាត់​បញ្ជា​ដោយ​ខុស​ច្បាប់។ ​យើង​ក្រោក​ឈរ​ទាមទារ​សិទ្ធិ​សេរីភាព។​ យើង​នឹង​បន្ត​ទៀត​ នៅ​ពេល​ណា​យើ​ង​ជួប​ជុំ​ម្តង​ទៀត​ យើង​នឹង​ធ្វើ​ម្តង​ទៀត»។​

ក្រោយ​បទ​សម្ភាសន៍​ លោក​ម៉ម សូណង់ដូ​ក៏​បាន​ប្រកាស់​រំសាយការ​ជួប​ជុំ​នៅ​ម៉ោង​ជាង​១០​ព្រឹក។​ ក៏​ប៉ុន្តែ​លោក​ថា​ លោក​នឹង​នៅ​បន្ត​ធ្វើការ​ទាមទារ​របស់​លោក​ដដែល។​

លោក​ អំ ​សំអាត ​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃអង្គការ​ការពារ​សិទ្ធិ​មនុស្សលីកាដូ​បាន​ហៅ​ការ​វាយ​បង្ក្រាប​របស់​កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ​លើ​ប្រជាពលរដ្ឋ​នេះ​ថា​ ជាការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។​

«សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​ ការ​ប្រមូល​ផ្តុំ​ធ្វើ​ការ​បញ្ចេញ​មតិ​ និង​ការ​ធ្វើ​បាតុកម្ម​នៅ​ទី​សាធារណៈ​ត្រូវ​បាន​ហាមប្រាម។ សិទ្ធិ​ទាំង​អស់​នេះ​ជាមូលដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។​ អញ្ចឹង​បាន​ន័យ​ថា​ ប្រទេស​កម្ពុជា​យើង​កំពុងដើរ​ថយ​ក្រោយ»។​

អ្នកស្រី​ទេស​ យាន ​អាយុ​៦០ឆ្នាំ​ជា​ប្រជា​ពលរដ្ឋមក​ពី​សង្កាត់​ឫស្សីកែវ​រាជធានី​ភ្នំពេញ​រៀបរាប់​សកម្មភាព​បង្ក្រាប​របស់​កង​សន្តិសុខ។

«ហ្នឹង​ហើយ ​មាន​ក្រុម​ប៉ូលិស​ពាក់​ខែល​នៅ​ពី​ក្រោយ​ចាំ​ការ​ពារ​ពួក​អា​សន្តិសុខ​សួនច្បារហ្នឹង ​បានជា​ពួក​ហ្នឹង​វា​ហ៊ាន​ធ្វើ។​ ប៉ូលិសហ្នឹង​មិនមែន​មក​ជួយ​ការ​ពារ​ប្រជា​ពល​រដ្ឋ​ទេ។​ វា​ជួយ​អា​កង​សន្តិសុខ​ ក្លាច​ថា​ ប្រជា​ពល​រដ្ឋ​ធ្វើ​បាប​វា»។​

នៅថ្ងៃ​នេះ​ដែរ ​គណបក្ស​សង្គ្រោះជា​តិ​ ដែលជា​គណបក្សជំទាស់​ដ៏​ធំ​នៅ​ប្រទេស​កម្ពុជា ​បាន​ថ្កោល​ទោស​អំពើ​ហិង្សាខាង​លើ​ និង​បាន​ស្នើ​ឲ្យ​ក្រុម​អាជ្ញាធរបញ្ឈប់​អំពើ​ហិង្សា​នេះ​ជា​បន្ទាន់។​

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ លោក​ឡុង ​ឌីម៉ង់​ អ្នក​ពាក្យ​នៃ​សាលា​រាជ​ធានី​ភ្នំពេញ​ចាត់​ទុក​ថា​ ​ការ​ជួប​ជុំ​របស់​លោក​ម៉ម ​សូណង់ដូ​ និង​អ្នក​គាំទ្រជា​ការ​សកម្មភាព​ខុស​ច្បាប់ ​ហើយ​អាជ្ញាធរ​មាន​សិទ្ធិ​ក្នុង​ការ​ចុះ​អនុវត្ត​ច្បាប់​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​សង្គម។​

«យើង​ទៅ​ធ្វើ​សណ្តាប់​ធ្នាប់​សាធារណៈ​ ការ​ជួប​ជុំ​ ឬ​ទង្វើ​អ្វី​ដែល​វា​ខុស​ច្បាប់»។​

គួរ​រំឭកផង​ដែរ​ថា​ កង​កម្លាំង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញនិង​ប៉ូលិស​ធ្លាប់​បាន​ធ្វើការ​វាយ​បង្ក្រាប​យ៉ាង​ចាស់​ដៃលើការ​ជួប​ជុំរបស់​លោក​ម៉ម ​សូណង់ដូ​និង​អ្នក​គាំទ្រនៅ​លើ​កំណាត់​ផ្លូវ​មុខ​ក្រសួង​ព័ត៌មាន​ម្តង​រួច​ទៅ​ហើយ​កាល​ពីខែ​មករា​ដើម​ឆ្នាំ​២០១៤។​

ដោយ​ឡែក​នៅ​រសៀល​ថ្ងៃ​ដដែល អាជ្ញាធរ​បាន​សម្រេច​ដោះលែង​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ពី​ផ្តល់​ការ​អប់រំ​មួយ​ចំនួន៕
XS
SM
MD
LG