ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​៧​នាក់​រងរបួស​ក្នុង​ការ​បង្ក្រាប​ហិង្សា​មក​លើ​ការ​តវ៉ា​របស់​បក្ស​ប្រឆាំង


(រូបថត​ឯកសារ) លោកស្រី​ មូរ ​សុខហួរ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​នៅ​ឯ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១០។
យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ប្រមាណ​៧នាក់​បាន​រង​របួស​និង​តំណាង​រាស្ត្រ​ជាប់​ឆ្នោតមួយ​រូប​របស់​គណ​បក្ស​ប្រឆាំង​ត្រូវ​ក្រុម​កងកម្លាំង​មាន​សមត្ថកិច្ច​និង​កង​សន្តិសុខ​សែង​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ទាំង​នេះ​និង​តំណាងរាស្ដ្រ​រូប​នោះ​ប៉ុនប៉ង​យក​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​ការ​សម្តែង​មតិ​ដោយ​អហិង្សា​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

អំពើ​ហិង្សា​បាន​កើត​ឡើង​ខណៈ​ដែល​ក្រុម​អ្នក​តវ៉ាបាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ​ទាក់​ទង​នឹង​បញ្ហា​បោះឆ្នោត​ ការគោរព​សិទ្ធិមនុស្ស ​ការទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​កម្មករ​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ជាដើម។ ​ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​កងសន្តិសុខ​ខណ្ឌដូនពេញ​បានវាយ​បង្រ្កាប​ពួកគេ។​

ក្នុង​ចំណោម​អ្នក​រងរបួសមាន​អ្នករង​របួស​ធ្ងន់​ធ្ងរ​ដោយ​ការ​វាយ​សំពង​ពី​កងកម្លាំង​សន្តិសុខ​បណ្តាល​ឲ្យ​បែក​ក្បាល​ម្នាក់។​ ក្រៅ​ពី​នោះ​អ្នក​ដទៃ​ទៀតដែលរួម​មាន​លោកស្រី​មូរ​ សុខហួរ​បាន​រង​របួស​ស្រាល​ដូចជា​ត្រួវ​ក្បាល​ មុខ​ ខ្លួន​ និង​ដៃជើង។ អ្នក​ដែល​រង​របួស​ទាំងអស់​ក៏​រាប់បញ្ជូល​ទាំង​ប្រជា​ពលរដ្ឋ​ដែល​ឈរមើល​ព្រឹត្តិការណ៍​ផង​ដែរ។​

​លោកស្រី​មូរ សុខហួរ​ អ្នក​តំណាងរាស្ដ្រ​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាអ្នក​បាន​ដឹកនាំ​ការតវ៉ា​នេះ​មាន​ប្រសាសន៍​ថា​ការ​វាយ​បង្ក្រាប​របស់​កងកម្លាំង​សន្តិ​សុខ​ខណ្ឌ​ដូនពេញ​មក​លើ​ប្រជាពលរដ្ឋ​ដែល​គ្រាន់​តែ​ចង់​សម្តែង​មតិ​ដោយ​សន្តិ​វិធី​កាល​ពី​ព្រឹក​មិញ​នេះជាការ​រំលោភច្បាប់​ និង​មានចរិក​កាច​សាហាវ។​

«សាហាវ​ដល់​អត់​មាន​ព្រំដែន​ទេ ហើយ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន​សែន​ហ្នឹង​យក​មក​ដើម្បី​បំបិទ​មាត់​អ្នក​ដែល​ហ៊ាន​តស៊ូ​មតិ។​មេគាត់​បញ្ជា​ភ្លាម​គឺ​គាត់​ចាប់​ វាយ​ដោយ​អត់​សំចៃ​ដែ​ទេ»។

​លោក​ នី​ ចរិយា​ប្រធាន​ក្រុម​ស៊ើប​អង្កេតនៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​ថ្លែង​ថា​គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​អាជ្ញា​អាច​ហាម​ឃាត់​ប្រជាពលរដ្ឋ​ដែល​គ្រាន់តែ​ចង់​សម្តែង​មតិ​ដោយ​សន្តិវិធី​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ដែល​បង្កើត​មក​សម្រាប់​បញ្ចេញ​មតិ​នោះ​ទេ។​ ការ​បង្រា្កប​របស់​កម្លាំង​មាន​សមត្ថ​កិច្ច​លើ​ប្រជាពលរដ្ឋ​ជា​ការ​រំលោភ​ច្បាប់។​

«គ្មាន​ហេតុផល​ណា​មួយ​ដែល​ថា​ទុក​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ធ្វើការ​ស៊ើប​អង្កេត​ទាក់​ទង​នឹង​ផ្លូវ​វេងស្រេង​នោះ​ទេ។​ សាហាវ​យើង​ថា​វា​សាហាវ​ដល់​កម្រិត​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ហើយ»។​

លោក​ មឿន​ តុលា​ ប្រធាន​កម្មវិធី​សិទ្ធិការ​ងារ​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ថ្លែង​ស្រដៀង​គ្នា​ដែរ​ថា៖ «ការ​ដែល​អាជ្ញាធរ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ ហើយ​សូម្បី​តែ​មនុស្សម្នាក់​អត់​ឲ្យ​ចូល​ទីលាន​ហ្នឹង​ជា​រឿង​មួយ​ដែល​រំលោភ​រដ្ឋ​ធម្មនុញ្ញ។​កង​សន្តិសុខ​ហ្នឹង​មិនមែន​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ការ​ដែល​ប្រើ​ក្រុម​ហ្នឹង​មក​បង្រា្កប​ប្រជា​ពលរដ្ឋ​ដោយ​ហិង្សា​ជា​ទង្វើ​ខុស​ច្បាប់​ហើយ»។

ទោះបីជា​យ៉ាងនេះ​ក្តី​លោក​ ឡុង​ ឌីម៉ង់​អ្នក​នាំពាក្យ​នៃ​សាលា​ក្រុង​ភ្នំពេញ​ថ្លែង​ច្រាន​ចោល​ការ​លើកឡើង​ថា​ការ​បង្ក្រាប​របស់​អាជ្ញាធរ​គឺជា​ការ​រំលោភ​ច្បាប់​ ដោយ​ហេតុ​ថា​អាជ្ញាធរ​មាន​សិទ្ធិ​ក្នុង​ការ​ចុះ​អនុវត្ត​ច្បាប់។​

«អត់ទេ​អត់​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ទេ​ យើង​គ្រាន់តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។ ចឹង​រឿង​បញ្ហា​កន្លង​មក​អ្នក​ណា​ដែល​បង្កើត​រឿង​ហ្នឹង​អ្នក​ហ្នឹង​ត្រូវ​ទទួល​ខុស​ត្រូវ»។​

ទីលាន​ប្រជាធិប​តេយ្យនៅ​ក្រោយ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ជិត​វត្តភ្នំ​ដែល​ត្រូវ​រដ្ឋា​ភិបាល​បង្កើត​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​សាធារណ​ជន​ធ្វើការ​តវ៉ា​ឬ​សម្តែង​មតិ​ដោយ​សេរី​ប៉ុន្តែ​នៅ​នឹង​កន្លែង។ ​ផ្ទុយ​ទៅ​វិញ​រដ្ឋា​ភិបាល​បាន​បង្រ្កាប​ក្រុម​អ្នក​តវ៉ា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​មករា។​ហើយ​ក្រោយ​ពី​នោះ​មក​រដ្ឋា​ភិបាល​បាន​កាន់​កាប់​ទីតាំង​នេះ​ដោយ​រារាំង​មិនឲ្យ​ការ​ធ្វើ​ការ​សម្តែង​មតិ​ណាមួយ​ទៀត​ឡើយ។

​លោកស្រី​មូរ ​សុខហួរ ​តំណាង​រាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានដឹក​នាំ​ការតវ៉ា​ជា​បន្តបន្ទាប់​ចាប់តាំង​ពី​ខែមេសា​មក​ក្រោយ​ពី​មាន​បំរាម​នោះប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​មាន​សមត្ថកិច្ច​និង​កង​សន្តិសុខ​ដែល​ពាក់​មួក​ឃ្លុប ​បើទោះជា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ធ្លាប់​ប្រកាស​ឲ្យ​មាន​ការធ្វើ​បាតុកម្ម​នៅ​ទីនេះ​ឡើង​វិញ​ក៏ដោយ។​

ដោយ​ឡែក​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ជា​លើក​ទី​៦​ហើយ​ដែលលោកស្រី​បាន​ដឹកនាំ​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បញ្ចេញ​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យដោយ​មាន​ការ​បង្រ្កាប​ពី​ក្រុម​អាជ្ញាធរ។

​លោកស្រី​មូរ សុខហួរ ​អះអាងថា​លោកស្រី​នឹង​ដឹក​នាំ​ការ​តវ៉ា​នេះបន្ត​ទៀត៕
XS
SM
MD
LG