តុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនសកម្មជនដែលជាអតីតសមាជិកគណបក្សប្រឆាំងបីនាក់ ចំពោះសកម្មភាពរបស់ពួកគេក្នុងការចូលរួមទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានចាប់ខ្លួនចំពោះការរិះគន់អំពីភាពមិនប្រក្រតីនៃការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមនៅខេត្តត្បូងឃ្មុំ។
សកម្មជនទាំងបីត្រូវបានចាប់ខ្លួន ក្នុងពេលដាច់ដោយឡែកពីគ្នា គឺពីរនាក់ឈ្មោះ ជុំ ពុទ្ធី និង ឈួ ផេង ត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខចម្រុះ កាលពីយប់ថ្ងៃអង្គារ គឺនៅពេលពួកគេចុះឃ្លាំមើលព្រះសង្ឃចំនួន៨អង្គនិមន្តពីខេត្តបាត់ដំបង ដែលមានបំណងតស៊ូមតិប្រឆាំងការចាប់ខ្លួនលោក រ៉ុង ឈុន ប៉ុន្តែត្រូវឃាត់ព្រះកាយ និងដាក់នៅវត្តមួយ។
អ្នកស្រី ឈឿន ដារ៉ាវី ជាសកម្មជនក្រុមយុវជនខ្មែរថាវរៈ ដែលតែងតែផ្សាយផ្ទាល់ការតវ៉ាតាមបណ្តាញសង្គមហ្វេសប៊ុក ប្រាប់ VOA ថា កាលពីថ្ងៃទី៤ ខែសីហា កម្លាំងសន្តិសុខចម្រុះបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ផងនៅក្នុងវត្តថាន់ ទីដែលព្រះសង្ឃ៨អង្គ ត្រូវបានឃាត់សួរ។
អ្នកស្រីថា ក្នុងចំណោមមនុស្សទាំងបួននាក់ដែលត្រូវបានឃាត់ខ្លួននោះ គឺមានពីរនាក់ដែលជាសកម្មជននិងជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ ហើយពួកគេត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ ចំណែកស្ត្រីដែលមានផ្ទៃពោះ ហើយត្រូវបានដោះលែងនោះ ត្រូវបានអាជ្ញាធរបង្គាប់បញ្ជាឲ្យលាក់បាំងព័ត៌មានអំពីការចាប់ខ្លួននោះ។
«គឺបួននាក់ ស្រីមា្នក់ ប្រុសបីនាក់ តែដោយសារបងស្រីហ្នឹង គាត់មានទម្ងន់ហើយក៏គេចាប់គាត់បីនាក់ គេដោះលែងគាត់ចេញមកវិញ ហើយក្នុងហ្នឹងគឺ គេដាក់លក្ខខណ្ឌជាមួយបងស្រីហ្នឹងថា មិនឲ្យផ្តល់ព័ត៌មានទៅណាអីចឹង»។
សកម្មជនក្រុមយុវជនខ្មែរថាវរៈរូបនេះ អះអាងថា រហូតមកដល់ពេលនេះអាជ្ញាធរដែលស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល និងស៊ីវិល បានមកឃ្លាំមើលទីកន្លែងស្នាក់នៅរបស់អ្នកស្រី។
«នេះសបញ្ជាក់ថា គេកំពុងតែគំរាមបំបាក់ស្មារតីយុវជន ដែលចូលរួមតវ៉ាទាមទាររកយុត្តិធម៌ឲ្យលោក រ៉ុង ឈុន ហ្នឹង។ ហើយជាក់ស្តែងពួកខ្ញុំអត់មានការរួញរាទេ គឺយើងគិតថា កិច្ចការដែលយើងត្រូវធ្វើហ្នឹងគឺត្រឹមត្រូវហើយ គឺឆ្ពោះទៅហើយបើទោះជាគេតាមដាន។ ឥឡូវហ្នឹង គឺគ្រប់ជំហានដែលគេតាម ដល់ផ្ទះ ហើយនឹងចេញពីផ្ទះទៅណា ៗ តាមខ្ញុំ ពួកខ្ញុំគ្រប់វិនាទី អ៊ីចឹងហ្មង មកដល់ឥឡូវ»។
ចំណែកសកម្មជនម្នាក់ទៀត គឺកញ្ញា ស កន្និកា ត្រូវបានឃាត់ខ្លួន ក្រោយចេញពីសិក្ខាសាលាមួយក្នុងទីក្រុងភ្នំពេញ កាលពីសប្តាហ៍មុន។ នេះបើតាមមន្រ្តីសិទ្ធិមនុស្ស។
អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទល្មើសស្រដៀងគ្នា គឺបទចោទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម។
ចំណែកអតីតមន្ត្រីគណបក្សប្រឆាំងថ្នាក់សង្កាត់ម្នាក់ទៀត គឺលោក អ៊ុក សំអូន ក៏ត្រូវបានឃាត់ខ្លួនដំណាលគ្នាលោក ជុំ ពុទ្ធី និងលោក ឈួ ផេងដែរ។ ប៉ុន្តែលោកសំអូន ដែលជាអតីតចៅសង្កាត់សង្កាត់ដង្កោត្រូវបានដោះលែងមកវិញ ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់។ នេះបើតាមលោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ។
លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា ការចាប់ខ្លួននេះរងការរិះគន់ពីសាធារណជនថា ជាទង្វើរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
«កន្លងមកប៉ុន្មានអាទិត្យនេះក្រុមយុវជនហ្នឹង មានការទាមទារ និងតវ៉ាជាបន្តបន្ទាប់ អ៊ីចឹងការឃាត់ និងការចោទប្រកាន់ និងឃុំខ្លួននេះ ចង់មិនចង់ គេចោទថា វាជាការគំរាមកំហែង និងបំភិតបំភ័យទៅដល់យុវជនដទៃទៀតក្នុងការចូលរួមក្នុងសង្គមជាពិសេសការតវ៉ា និងការជួបជុំប្រមូលផ្តុំដោយសន្តិវិធីនោះ»។
បើតាមលោក អំ សំអាតកញ្ញា ស កន្និកាត្រូវបានឃាត់ខ្លួនជាមួយយុវជនពីរនាក់ទៀត គឺយុវជន ជុំ ហួត និងជុំ ហួ។ ប៉ុន្តែយុវជនទាំងពីរត្រូវបានដោះលែងមកវិញ បន្ទាប់ពីបានធ្វើកិច្ចសន្យាជាមួយមន្ត្រីនគរបាល។
លោក សំ សុគង់ មេធាវីការពារក្តីឲ្យសកម្មជនទាំងបីនាក់ដែលត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែពីរ មានប្រសាសន៍ថា កូនក្តីលោក មិនបានធ្វើសកម្មភាពណាមួយដែលស្តែងឲ្យឃើញជាបទល្មើស ដែលអាចបើកផ្លូវឲ្យតុលាការចោទប្រកាន់បានទេ។ លោកយល់ថាសកម្មភាពទាមទារយុត្តិធម៌ឲ្យលោក រ៉ុង ឈុន នោះ គឺជាការបញ្ចេញមតិប៉ុណ្ណោះ។
«សម្រាប់ខ្ញុំ ខ្ញុំគិតថាវាមិនមែនជារឿងការអនុវត្តច្បាប់ទេ។ ភាគច្រើនគឺជារឿងទាក់ទងនឹងបញ្ហានយោបាយច្រើនជាងការអនុវត្តច្បាប់»។
បើតាមលោកមេធាវី សំ សុគង់ កញ្ញា ស កន្និកា ដែលត្រូវបានចោទពីបទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម គឺជាអតីតយុវជនរបស់គណបក្សសង្រ្គោះជាតិ នៅខេត្តកណ្តាល។ លោក ជុំ ពុទ្ធី ជាអតីតយុវជនគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀង ហើយលោក ឈួ ផេង គឺជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅខណ្ឌដង្កោ។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា តុលាការចោទប្រកាន់ និងសម្រេចឃុំខ្លួនសកម្មជនលោក ជុំ ពុទ្ធី និងលោក ឈួ ផេង ប៉ុន្តែលោកបដិសេធមិនផ្តល់សេចក្តីលម្អិត។
«ឈួ ផេង ហើយនឹង ជុំ ពុទ្ ធីហ្នឹងត្រូវបាន គេចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរទៅដល់សន្តិសុខសង្គមតាមមាត្រា៤៩៤ ហើយនឹងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនគាត់នៅ មណ្ឌលអប់រំកែប្រែទីមួយ»។
លោក អ៊ី រិន មានប្រសាសន៍ថា លោកមិនដឹងអំពីករណីរបស់កញ្ញា ស កនិ្នកា ដោយបានបង្វែរឲ្យសួរលោក គុជ គឹមឡុង អ្នកនាំពាក្យមួយរូបទៀតរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោក គុជ គឹមឡុង បដិសេធមិនផ្តល់ការអធិប្បាយ។
គួរបញ្ជាក់ថាលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ក្រោយពីលោកបានចុះទៅខេត្តត្បូងឃ្មុំ។ លោកបានជួបប្រជាពលរដ្ឋ ដែលអះអាងថា ដីរបស់ពួកគេត្រូវបានវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ ហើយការបោះបង្គោលព្រំដែនបានចូលមកទឹកដីកម្ពុជាជាច្រើនរយម៉ែត្រ៕