ប្រជុំ​ព្រំដែន​បី​ថ្ងៃ​បាន​លទ្ធផល​តិចតួច

  • នៅ វណ្ណារិន

លោក​​ វ៉ា គឹមហុង​ សហ​ប្រធាន​គណៈ​កម្មការ​​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀត​ណាម និង​​លោក​ Ho Xuan Son (ស៊ូ ស៊ានសឿន​) អនុរដ្ឋមន្ត្រី​ក្រសួងការ​បរទេស​វៀតណាម​​ក្នុង​​ពិធី​​​ចុះ​​ហត្ថលេខា​​លើ់​​ឯកសារ​​មួយ​​ចំនួន​​​នា​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​០៩ ​ខែ​កក្កដា ​ឆ្នាំ២០១៥។ ​(នៅ វណ្ណារិន/VOA)

កិច្ច​ប្រជុំ​បិទទ្វារ​រវាងគណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​និង​វៀតណាម​បាន​បញ្ចប់​នៅ​រសៀលថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​មិន​មាន​លទ្ធផល​ជា​ដុំកំភួន។​ មេ​ដឹកនាំ​ក្រុម​ចរចានៃ​ប្រទេស​ទាំង​ពីរ​បាន​ចាកចេញ​ពី​បន្ទប់​ចុះ​ហត្ថលេខា​ដោយ​មិន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន។​

គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​និង​វៀតណាម​បាន​ធ្វើ​ការ​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​មក។​ កិច្ចប្រជុំ​ទ្វេភាគីនេះ​ គឺ​ដើម្បីពិភាក្សា​លើ​បញ្ហា​បាតុភាព​ថ្មីៗ​ នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ​និង​បន្ត​យន្តការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។

បន្ទាប់ពី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ភាគី​វៀតណាម ដែល​ដឹក​នាំ​ដោយ​លោក ស៊ូ ស៊ានសឿន​ (Xo Xuan Son) ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​ បាន​ចាក​ចេញ​ពី​បន្ទប់​ប្រជុំ​ដោយ​រហ័ស​ និងមិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន។​ លោក​បាន​ឆ្លើយ​ថា​លោក​ប្រញ៉ាប់​ឡើង​យន្ត​ហោះ​ត្រឡប់​ទៅ​វិញ។​

ដូច​គ្នា​ដែរ​ លោក​ វ៉ា គឹមហុង​ សហ​ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀត​ណាម​ព្យាយាម​មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ទាក់ទិន​នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​និង​ការ​សម្រេច​របស់​ភាគី​ទាំង​ពីរ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន​ជា​ដើម​ ដោយ​សំអាង​ថា​អ្វីៗ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចែក​ជូន​ក្រុម​អ្នក​យក​ព័ត៌មាន​រួច​ហើយ។​

«វា​មាន​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ ខ្ញុំ​បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួច​ហើយ​បាទ»។​

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដែល​មាន​ជាង​កន្លះ​ទំព័រ​បាន​ឲ្យ​ដឹង​ថា៖​ «​ភាគី​ទាំង​ពីរ​បាន​ទទួល​ស្គាល់​ការងារ​ខណ្ឌសីមា​និង​បោះ​បង្គោល​ព្រំ​ដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន​» ​តែ​បាន​សម្រេច​ចំនួន៨៥%​ រួច​ហើយ​ ហើយ​ភាគី​ទាំង​ពីរ​នឹង​បន្ត​ព្យា​យាម​បញ្ចប់​ឲ្យ​បាន​ឆាប់ៗ។​ ក្នុង​នោះ​ក៏​មាន​ការ​ប្តេជ្ញា​ បន្ត​អនុវត្ត «សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ចុះថ្ងៃទី១៧ ​ខែ​មករា​ឆ្នាំ​១៩៩៥​ស្តី​ពី​ការ​រក្សា​ស្ថានភាព​បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ព្រំដែន»។ ​

យោង​តាមកថាខណ្ឌ​ទីបួន​ឬ​ចុង​ក្រោយ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ ក៏​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ភាគី​ទាំង​ពីរ​និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នា​បណ្តា​ខេត្ត​តាម​ព្រំដែន​ត្រូវ​ «​សហការ​គ្នា​ដោះ​ស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​រាល់​បាតុភាព​ដែល​កើត​មាន​ឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន​ ដើម្បី​ទប់ស្កាត់​និង​បញ្ចៀស​ការ​រីករាល​ដាល​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ»។​

ក្នុង​ពេល​ថ្មីៗនេះបញ្ហាព្រំដែន​កម្ពុជា​វៀតណាម​បាន​ឡើង​កំដៅ​សារ​ជា​ថ្មី​បន្ទាប់​ពី​វៀតណាម​បាន​ជីក​ស្រះ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​នា​ខេត្ត​រតនគិរី​និង​សាងសង់ប៉ុស្តិ៍​យោធា​នៅជាប់​ព្រំដែន​ខេត្ត​កណ្តាល​ ដែល​ជា​ចំណុច​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នោះ​។​

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​១០នាក់​បាន​រង​របួស​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សកម្មជន​ព្រំដែន​ដែល​ដឹកនាំ​ដោយ​អ្នក​តំណាងរាស្ត្រមកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ព្យាយាម​ទៅ​ពិនិត្យ​មើល​ចំណុច​ព្រំដែន​ដែល​សង្ស័យ​ថា​មាន​ភាពមិន​ប្រក្រតី​នោះ​ ​ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ឆ្មាំ​ព្រំដែន​និង​ពលរដ្ឋ​វៀតណាម​ប្រដាប់​ដោយ​ដំបង​និង​អាវុធ​អាការ៕