មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាសូវី កាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងកំណែទម្រង់តុលាការថ្មីដ៏ចម្រូងចម្រាប់របស់រដ្ឋាភិបាលប៉ូឡូញ ដែលក្រុមប្រឆាំងមើលឃើញថា ជាការគំរាមកំហែងមួយដល់តុលាការឯករាជ្យ។
ដោយស្រែកថា «យើងនឹងការពារលទ្ធិប្រជាធិបតេយ្យ» និងបានគ្រវីទង់ជាតិសហភាពអឺរ៉ុបនិងទង់ជាតិប្រទេសប៉ូឡូញ អ្នកតវ៉ាប្រហែល៤៥០០នាក់បានចូលរួមក្នុងបាតុកម្មនៅក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ។ នេះបើយោងតាមប៉ូលិស។ មានការប្រមូលផ្តុំគ្នាជាក្រុមតូចៗជាច្រើនទៀតនៅតាមបណ្តាទីក្រុងនានានៅទូទាំងប្រទេស។
ច្បាប់ដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុនផ្តល់ដល់អ្នកតំណាងរាស្ត្រនូវតួនាទីដ៏សំខាន់មួយក្នុងការតែងតាំងចៅក្រម ដែលនេះជាវិធានការមួយដែលគណបក្សប្រឆាំងនិងអង្គការសិទ្ធិមនុស្សបាននិយាយថា នឹងធ្វើឲ្យចៅក្រមប្រឈមនឹងឥទ្ធិពលនយោបាយ។
ការតវ៉ាកាលពីថ្ងៃអាទិត្យគឺជាការតវ៉ាចុងក្រោយបង្អស់នៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជាបន្តបន្ទាប់ ចាប់តាំងពីគណបក្សច្បាប់និងយុត្តិធម៌ដែលអភិរក្សនិងប្រជារាស្ត្រនិយមនេះ បានគ្រប់គ្រងនយោបាយកាលពីឆ្នាំ២០១៥មក ។
ច្បាប់ថ្មីនេះបានបង្កឲ្យមានការរិះគន់ពីសហភាពអឺរ៉ុប ដោយលើកឡើងថា បានបំពានដល់ភាពឯករាជ្យរបស់តុលាការ៕