បាតុកម្ម​រាប់​ពាន់​កន្លែង​នៅ​ទូទាំង​ពិភពលោក​ប្រឆាំង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​អំពី​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ

មនុស្ស​ម្នា​កាន់​បដា​ នៅ​ពេល​ពួកគេ​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង​ឡុងដ៍​ប្រឆាំង​នឹង​បម្រាម​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ កាលពី​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ការ​តវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង​នៅ​សប្តាហ៍​ទី​៣​ជាប់ៗ​គ្នា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ផ្សេងៗ​ទៀត​ដោយ​ដៅ​លើ​គោល​នយោបាយ​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ​ហើយ​និង​រិះគន់​អត្តចរិកនៃ​ការ​កាន់​អំណាច​ជា​ប្រធានាធិបតី​របស់​លោក។

កាល​ពី​រសៀល​ថ្ងៃ​សុក្រ ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​រារាំង​ជា​បណ្តោះ​អាសន្ន​នូវ​បទបញ្ជា​ប្រធានាធិបតី​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​មករា ​ដែល​បាន​ហាម​ឃាត់​ពួក​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កាន់​សាសនា​ឥស្លាម​ចំនួន​៧​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​ការណ៍​នេះ​មិន​បាន​បញ្ឈប់​ពួក​បាតុករ​មក​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទូទាំង​សាកលលោក​ទេ។

នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ​មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​កាលពី​ថ្ងៃ​សៅរ៍​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដោយ​មាន​ការ​កាន់​បដា​ហើយ​និង​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ប្រធានាធិបតី​ត្រាំ។​ បាតុកម្ម​បាន​ត្រូវ​រៀប​ចំ​ដោយ​ក្រុម​គាំទ្រ​ការ​ប្រឆាំង​ជាតិ​សាសន៍​ និង​ឥស្លាម​ដែល​បាន​ថ្កោល​ទោស​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​សហរដ្ឋ​អាមេរិក ​និង​រដ្ឋាភិបាល​របស់​លោកស្រី​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស Theresa May ចំពោះ​ការ​ចំណាយ​ពេល​យូរ​ពេក​ដើម្បី​រិះគន់​ការ​ហាម​ឃាត់​នេះ។

ក្រោយ​មក​នៅ​ក្នុង​ថ្ងៃ​នោះ ​ពួកបាតុ​ករ​បាន​ដើរ​ហែក្បួន​ពី​ស្ថាន​ទូត​នៅ​ទីលាន Grosvenor Square ទៅ​កាន់​វិថី Downing Street ដែល​ជា​ការិយាល័យ​របស់​លោកស្រី​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស។

កាល​ពី​សប្តាហ៍​មុន ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង Toronto នៃ​ប្រទេស​កាណាដា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើររបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ​នេះ។

ការ​តវ៉ា​ប្រឆាំង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរនៅ​ក្នុង​ទីក្រុង​ប៉ារីស​ និង​បែរឡាំង​បាន​ទាក់​ទាញ​ហ្វូង​មនុស្ស​ប្រហែល​១ពាន់​នាក់។

​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ​មនុស្ស​ប្រហែល​១​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ផ្នែក​ខាង​កើត​ដើម្បី​តវ៉ា​ប្រឆាំង​បទ​បញ្ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​ពួក​មេដឹកនាំ​អូស្រ្តាលី​បិទ​មជ្ឈមណ្ឌល​ជន​ភៀស​ខ្លួន​នៅ​ បរទេស​របស់​ខ្លួន៕