មនុស្សរាប់ម៉ឺននាក់បាននាំគ្នាដើរដង្ហែតាមដងផ្លូវនានានៅក្នុងទីក្រុងបាកដាដកាលពីថ្ងៃសៅរ៍ដើម្បីកាន់ទុក្ខមរណភាពរបស់មេដឹកនាំយោធាអ៊ីរ៉ង់និងមេដឹកនាំយោធាអ៊ីរ៉ាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក។ ការសម្លាប់នេះបានបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Adel Abdul Mahdi បានចូលរួមជាមួយនឹងក្រុមអ្នកកាន់ទុក្ខ ដោយដើរដង្ហែក្បួននៅក្នុងពិធីបុណ្យសព ហើយពួកគេនាំគ្នាស្រែកថា «ស្លាប់ទៅសហរដ្ឋអាមេរិក» និង «សហរដ្ឋអាមេរិកគឺជាបិសាច»។
ក្នុងចំណោមអ្នកកាន់ទុក្ខទាំងនោះ បុរសជាច្រើននាំគ្នាស្លៀកសម្លៀកបំពាក់ទាហានពណ៌ខ្មៅ ដែលស្មោះស្ម័គ្រនឹងលោកឧត្តមសេនីយ៍ Qassem Soleimani។ លោក Soleimani គឺជាមេដឹកនាំកងកម្លាំងពិសេស Quds ដែលត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រ នៅឯអាកាសយានដ្ឋានក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
សពរបស់លោក Soleimani ត្រូវបានបញ្ជូនទៅកាន់ខេត្ត Khuzestan ក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ហើយនៅថ្ងៃអាទិត្យត្រូវបានបញ្ជូនបន្តទៅកាន់ទីក្រុង Mashhad ដែលជាទីក្រុងស័ក្ដិសិទ្ធិរបស់អ៊ីរ៉ង់ មុននឹងបញ្ជូនទៅកាន់ទីក្រុងតេហេរ៉ង់។ គេគ្រោងនឹងបញ្ចុះសពរបស់លោកSoleimani នៅថ្ងៃអង្គារនេះ នៅស្រុកកំណើតរបស់លោកក្នុងខេត្ត Kerman។
កាលពីថ្ងៃសៅរ៍នេះ សេតវិមានក៏បានប្រាប់ដល់រដ្ឋសភាសហរដ្ឋអាមេរិកជាផ្លូវការអំពីការវាយប្រហារតាមអាកាសដោយប្រើប្រាស់ដ្រូនកាលពីថ្ងៃសុក្រនេះ។ នេះបើតាមការបញ្ជាក់ដល់បណ្ដាញព័ត៌មាន Reuters របស់ទីប្រឹក្សាជាន់ខ្ពស់ពីរនាក់នៅក្នុងរដ្ឋសភា។ យោងតាមច្បាប់អានុភាពសង្គ្រាម ការប្រាប់ដំណឹងនេះត្រូវធ្វើឡើងក្នុងរយៈពេល៤៨ម៉ោង ក្រោយពីប្រើកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងជម្លោះប្រដាប់អាវុធណាមួយ ដែលអាចក្លាយទៅជាសង្គ្រាម៕