ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ផ្ដល់​ការ​លំបាក​ដល់​គ្រូ​ពលរដ្ឋវិជ្ជា

  • Steve Baragona

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ អោប​កូន​សិស្ស​នៅ​ខណៈ​លោក​ទៅ​ឃោសនា​នៅ​វិហារ​អន្តរជាតិ​នៅ​ Las Vegas រដ្ឋ Nevada កាលពី​ខែ​មុន។

ការ​បោះ​ឆ្នោត​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​បង្រៀន​សិស្ស​អំពី​របៀប​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ធ្វើ​ការ។ ប៉ុន្តែ​​លោកគ្រូ អ្នកគ្រូ ពិបាក​ពន្យល់​សិស្ស​អំពី​ពលរដ្ឋវិជ្ជា ដោយ​សារ​មាន​ការ​ប្រើ​ប្រាស់​សម្ដី​អសុរស ទាំង​ក្នុង​ទំព័រ​កាសែត ក្នុង​ទូរទស្សន៍ នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ក្នុង​ឆ្នាំនេះ។

សិស្ស​ទាំង​អស់​កំពុង​ទស្សនា​ការ​ផ្សព្វផ្សាយឃោសនា​បោះឆ្នោត ​ក្នុង​ថ្នាក់​ពលរដ្ឋ​វិជ្ជា​របស់​លោក Javaughn Perkins។ សិស្ស​ថ្នាក់​ទី​៨​ កំពុង​រៀន​ពី​របៀប​កំណត់​វិធីសាស្ត្រ​បញ្ចុះ​បញ្ចូល​របស់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម។

លោក Perkins និយាយ​ថា អាយុ ១២ ឬ ១៣ឆ្នាំ គឺ​ជា​វ័យ​ល្អ​មួយ​សម្រាប់​រៀន​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​នេះ ធ្វើ​ឲ្យ​គ្រូ​មាន​ការ​លំបាក។

លោក Perkins គ្រូ​ពលរដ្ឋវិជ្ជា​ប្រចាំ​អនុវិទ្យាល័យ George Washington បាន​និយាយ​ថា៖​ «ពី​មុន យើង​គ្រាន់​តែ​ចូល​ក្នុង​គេហទំព័រ​របស់ Washinton Post ឬ CNN ឬ​គេហទំព័រ​ផ្សេង​ទៀត ហើយ​ខ្ញុំ​អាច​សន្ទនា​ជាមួយ​សិស្ស​បាន»។

លោក​បន្ថែម​ថា ប៉ុន្តែ​ឆ្នាំ​នេះ​អត្ថបទ​ទំព័រ​មុខ​របស់​សារ​ព័ត៌មាន​ទាំង​នេះ ប្រហែល​មិន​សមរម្យ​ឡើយ​សម្រាប់​សិស្ស​ថ្នាក់​ទី៨។ ដូច​ជា​ការ​បែក​ធ្លាយ​វីដេអូ​របស់​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក Donald Trump និយាយ​បៀតបៀន​កេរ្តិ៍​ខ្មាស​ស្ត្រី​ជា​ដើម។

លោក Perkins បញ្ជាក់​ថា៖ «យើង​មិន​ពិភាក្សា​ពី​រឿង​នេះ​ទេ»។ ឬ​នៅ​ពេល​លោក Trump ឌឺ​អ្នក​កាសែត​ជន​ពិការ។

លោក​បន្ត​ថា៖ «នៅ​ពេល​រឿង​នេះ​ផ្ទុះ​ឡើង ខ្ញុំ​ចង់​យក​រឿង​នេះ មក​ពិភាក្សា​ជា​មួយ​សិស្ស ប៉ុន្តែ​ខ្ញុំ​សម្រេច​ចិត្ត​មិន​ធ្វើ​វិញ»។

លោក​ថា សម្ដី​នេះ​អាច​បង្ក​ការ​រំខាន​ដល់​ការ​បង្រៀន​ពលរដ្ឋវិជ្ជា។ លើស​ពី​នេះ វាមិន​ជួយ​ដល់​កិច្ច​ប្រឹង​ប្រែង​ប្រឆាំង​ការ​សម្លុត​គំរាម​ក្នុង​សាលា។

ប៉ុន្តែ​រឿង​នេះ​បែរ​ជា​លេច​ឡើង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​វាយ​ប្រហារ​ពី​ លោកស្រី Clinton។

ដូច្នេះ​លោក​សួរ​ទៅ​កាន់​ថ្នាក់​រៀន​ពី​ការ​ផ្លាស់​ប្ដូរ​របៀប​ឃោសនា​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​មុនៗ។

សិស្ស​ប្រុស​ម្នាក់​បាន​និយាយ​ថា៖ «បេក្ខជន​មុនៗប្រើ​សម្ដី​ផ្លូវការ និង​មាន​រចនា​សម្ព័ន្ធ​ល្អ​ជាង។ ពួក​គេ​ផ្ដោត​លើ​ប្រធានបទ​ ដែល​ពាក់ព័ន្ធ​នឹង​ពេល​នោះ ដូច​ជា​បញ្ហា​សង្គ្រាម​ជា​ដើម។ តែ​ឥឡូវ​ពួក​គេ ចំា​តែ​ចង្អុល​ដាក់​គ្នា ដូច​កូន​ក្មេង! ពិត​ជា​គួរ​ឲ្យ​អស់​សំណើច និង​ខ្មាស​គេ​បំផុត​សម្រាប់​អាមេរិក»។

លោក Perkins និយាយ​ថា​យុទ្ធនាការ​ដែល​ខ្វះ​ខ្លឹមសារ​នេះ ក៏​ធ្វើ​ឲ្យ​លោក​ពិបាក​បង្រៀន​ផង​ដែរ។ លោក​ថា៖ «ខ្ញុំ​មាន​ជម្រើស​តិច​ទៅៗ ទាក់​ទង​នឹង​បញ្ហា​ផ្សេងៗ ឬ​សូម្បី​តែ​អំពី​បេក្ខជន»។

សិស្ស​ក៏​សម្គាល់​បែប​នេះ​ដែរ។ សិស្ស​ស្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា៖ «ហេតុផល​ដែល​ខ្ញុំ​មិន​យល់​ពី​គោល​នយោបាយ​ពន្ធដារ ដោយ​សារ​អ្វី​ដែល​ពួក​គេ​និយាយ​គ្រប់​ពេល​គឺ អូ អ៊ីមែល​របស់​អ្នកស្រី Clinton ឬ លោក Trump អញ្ចេះ អញ្ចុះ...។ ពួក​គេ​មិន​បាន​និយាយ​អ្វី​ទាំង​អស់ ព្រោះ​រវល់​តែ​ឈ្លោះ​គ្នា​ក្នុង​ពេល​ជជែក​ដេញ​ដោល»។

សិស្ស​ទាំង​នេះ​មិន​អាច​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ឡើយ រហូត​ដល់​ឆ្នាំ ២០២៤។ ការណ៍​នេះ​ផ្ដល់​ឱកាស​ជាក់​ស្តែង​ឲ្យ​គ្រូៗ​ម្ដង​ទៀត ដើម្បី​បង្រៀន​ពួក​គេ​ពី​លទ្ធិប្រជាធិបតេយ្យ៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា