ពិធីអបអរសាទរមួយបានប្រារព្ធធ្វើឡើងទូទាំងប្រទេសកាមេរូន (Cameroon) កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅនេះ ដើម្បីរំឭកដល់ការកាន់អំណាចរយៈពេល៣៣ឆ្នាំរបស់លោកប្រធានាធិបតី Paul Biya។ ក្រុមបក្សប្រឆាំងកំពុងតែប្រកាសឲ្យលោក Biya គិតគូរពីការលាឈប់ នៅពេលចប់អាណត្តិថ្មីនេះ នៅឆ្នាំ២០១៨។ ប៉ុន្តែ គ្មានសញ្ញាណណាបង្ហាញថា ប្រធានាធិបតីវ័យ៨២ឆ្នាំនេះ នឹងលាឈប់ឡើយ។
អ្នកគាំទ្ររបស់លោកប្រធានធិបតី Paul Biya នាំគ្នាស្រែកច្រៀង ខណៈពេលដែលពួកគេរៀបចំកម្មវិធីអបអរសាទរខួបទី៣៣ឆ្នាំនៃការកាន់អំណាចរបស់លោក។
សាស្រ្តាចារ្យ Jacques Fame Ndonga ជាអ្នកគាំទ្រសំខាន់ម្នាក់របស់ប្រធានាធិបតីដែលមានវ័យជាង៨០ឆ្នាំនេះ បាននិយាយថា អ្នកគាំទ្ររបស់លោក Biya មានកាតព្វកិច្ចទឹកចិត្តត្រូវធ្វើពិធីអបអរជ័យជម្នះរបស់អ្នកដឹកនាំរបស់ពួកគេ ជាពិសេស អបអរចំពោះសន្តិភាពផ្ទៃក្នុងដែលប្រទេសកាមេរូនបានទទួល។
លោកនិយាយថា ខណៈដែលពួកគេធ្វើពិធីអបអរសាទរ ពួកគេចងចាំអំពីមនុស្សរាប់ពាន់នាក់ដែលបានស្លាប់ ឬរងការធ្វើទុក្ខបុកម្នេញពីក្រុមកុបកម្ម Boko Haram ដែលការណ៍នេះអាចនឹងកាន់តែអាក្រក់ខ្លាំង ប្រសិនបើលោក Biya មិនបានប្រកាសសង្រ្គាមប្រឆាំងនឹងពួកភេវរជនទាំងនេះ នៅភាគខាងជើងប្រទេស។
លោកបានបន្ថែមថា ប្រជាជនគួរតែចូលរួមរីករាយជាមួយនឹងលោកដែលទទួលពរជ័យក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Biya។
លោកបានឲ្យដឹងថា ដោយគ្រាន់តែមើលលើទឹកដីទូទាំងផ្ទៃប្រទេស វាសមល្មមអាចឲ្យ ប្រជាជន មើលឃើញពីសមិទ្ធិផលរបស់លោក Biya។ សាលារៀន សាកលវិទ្យាល័យ មណ្ឌលសុខភាព និងមន្ទីរពេទ្យ គម្រោងភ្លើងអគ្គិសនីទីក្រុង និងជនបទ គម្រោងទឹកស្អាតអាចផឹកបាន សុទ្ធតែជាស្នាដៃមួយចំនួនដែលសម្រេចបាន។ លោកនិយាយថា លោក Biya បានលើកស្ទួយការអភិវឌ្ឍទូទាំងប្រទេសកាមេរូន ដោយគ្មានភាពលម្អៀង ហើយអ្នកដឹកនាំជនជាតិកាមេរូនរូបនេះ ធានាបាននូវបូរណភាពទឹកដី និងសិទ្ធិសេរីភាពសម្រាប់គ្រប់គ្នា។
ប៉ុន្តែគណបក្សប្រឆាំងធំជាងគេឈ្មោះ រណសិរ្សប្រជាធិបតេយ្យសង្គម (Social Democratic Front) មិនមានការយល់ឃើញល្អបែបនេះចំពោះអ្នកដឹកនាំយូរឆ្នាំនេះឡើយ។ មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំង លោក Alimna Mbarga និយាយថា ពួកគេកំពុងតែយកការប្រារព្ធពិធីបុណ្យខួបរបស់លោក Biya ដើម្បីសុំឲ្យគាត់កុំបន្តទៅអាណត្តិក្រោយទៀត។
លោកឲ្យដឹងថា ប្រទេសកាមេរូនមានកំណើនសេដ្ឋកិច្ចប្រាំពីរភាគរយនៅឆ្នាំ១៩៨២ នៅពេលលោក Biya បានក្លាយជាប្រធានាធិបតី ហើយថាប្រទេសកាមេរូនកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសេដ្ឋកិច្ចដ៏លេចធ្លោដូចប្រទេសប្រេស៊ីល ចិន កូរ៉េ និងជប៉ុន។ លោកបន្ថែមថា ប៉ុន្តែ សព្វថ្ងៃនេះ អត្រាកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះមកត្រឹមកម្រិតតិចជាងបីភាគរយ។ ហើយគ្មានលទ្ធិប្រជាធិបេតយ្យ គ្មានសេរីភាពក្នុងការបញ្ចេញមតិ កម្រិតសីលធម៌ធ្លាក់ចុះ ប្រព័ន្ធយុត្តិធម៌ក៏អន់ខ្សោយ។ ទាំងនេះហើយ ជាភាពបរាជ័យរបស់លោកប្រធានាធិបតី Paul Biya។
នាង Clarise Yimngang ជាអ្នកដឹកនាំក្រុមយុវជន នៅមានចម្ងល់ថាតើលោក Biya នឹងឈរឈ្មោះម្តងទៀតឬយ៉ាងណា។ នាងនិយាយថាលោក Biya មិនបានជួយដល់ប្រជាពលរដ្ឋកាមេរូនភាគច្រើននោះទេ ពីព្រោះក្រោយពេលបញ្ចប់ការសិក្សា ពួកគេនៅតែគ្មានការងារធ្វើ។
«នៅដែលអ្នកទៅក្រសួងរបស់យើង ក្រុមលេខាធិការ និងអ្នកធ្វើការនៅទីនោះ គឺជាអ្នកដែលត្រូវបានជ្រើសរើសឲ្យធ្វើការតាំងពីទសវត្សរ៍ឆ្នាំ៨០។ ខ្ញុំមិនចង់គិតទេថា យុវជននៅក្នុងប្រទេសនេះនឹងចង់ឆ្លងកាត់ដំណើរជ្រើសរើសដូច្នេះទៀត។ ពួកគេទៅសាលារៀនដោយរំពឹងថា នឹងបានការងារនៅប្រទេសផ្សេងដែលឲ្យតម្លៃលើការអប់រំ»។
លោក Biya បានធ្វើជានាយករដ្ឋមន្ត្រីដែលមានរយៈពេលប្រាំពីរឆ្នាំ ចាប់ពីដើមឆ្នាំ១៩៧៥។ បន្ទាប់មកលោក បានក្លាយជាប្រធានាធិបតី ក្រោយពីអ្នកដឹកនាំដំបូងរបស់រដ្ឋអាហ្រ្វិកកណ្តាលលោក Ahmadou Ahidjo បានលាលែងពីតំណែង។
នៅក្នុងឆ្នាំ២០០៨ លោកបានធ្វើកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញដោយលុបចេញនូវការកំណត់អាណត្តិប្រធានាធិបតី ដែលនាំឲ្យលោកប្រជែងឈ្នះការបោះឆ្នោតនៅឆ្នាំ២០១១។
បច្ចុប្បន្ន លោក Biyaកំពុងកាន់អំណាចក្នុងឆ្នាំទី៤នៃអាណត្តិដែលមានរយៈពេលប្រាំពីរឆ្នាំ។ នៅក្នុងសំណួរដែលបានចោទសួរទៅលោកកាលពីដើមឆ្នាំនេះថាតើលោកនឹងឈរឈ្មោះជាបេក្ខជននៅក្នុងឆ្នាំ២០១៨ឬទេ លោក Biya បានឆ្លើយថា «វាមិនមែននៅលើអ្នកណាដែលចង់នោះទេ ប៉ុន្តែគឺអ្នកណាដែលមានសមត្ថភាព អាចដឹកនាំប្រទេសកាមេរូនបាន»៕
ប្រែសម្រួលដោយ សើ សាយ្យាណា