ការវាយប្រហារដាច់ដោយពីគ្នាដោយពួកបះបោរប្រដាប់អាវុធនៅក្នុងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤នាក់ហើយនឹងធ្វើឲ្យរាប់សិបនាក់ទៀតរងរបួស។
អាជ្ញាធរនៅទីក្រុងកំពង់ផែការ៉ាជីភាគខាងត្បូងនិយាយថា មនុស្សយ៉ាងហោចណាស់ ៤នាក់បានត្រូវសម្លាប់នៅពេលដែលក្រុមបុរសប្រដាប់អាវុធដែលមានគ្នា៣នាក់ដែលបំពាក់ដោយអាវកាក់ដាក់គ្រាប់បែកអត្តឃាតបានវាយប្រហារទៅលើស្ថានកុងស៊ុលចិន។
អ្នកនាំពាក្យកងប្រតិព័ទ្ធដែលគេស្គាល់ថា Rangers បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃសុក្រថា ការវាយប្រហារបានចាប់ផ្តើមឡើងដោយមានអ្នកវាយប្រហារម្នាក់បានបំផ្ទុះខ្លួនឯងនៅជិតផ្លូវចូលទៅកាន់ផ្នែកទិដ្ឋាការនៃបេសកកម្មការទូតដើម្បីព្យាយាមបើកផ្លូវឲ្យដៃគូផ្សេងៗទៀតរបស់ជននោះ។
លោកវរសេនីយឯក Faisal បាននិយាយថា ការផ្ទុះហើយនិងការប្រយុទ្ធគ្នារយៈពេល៤ម៉ោងជាមួយកងកម្លាំងប៉ាគីស្ថានដែលការពារស្ថានកុងស៊ុលនោះបានសម្លាប់អ្នកវាយប្រហារ២នាក់។ លោកបានបដិសេធសេចក្តីរាយការណ៍ពីដំបូងៗថា ពួកអ្នកវាយប្រហារទាំងនោះបានចូលទៅក្នុងស្ថានកុងស៊ុលចិន។
ពួកមន្រ្តីប៉ូលិសនិងវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប៉ូលិស២នាក់ និងអ្នកសុំទិដ្ឋាការជាតិប៉ាគីស្ថាន២នាក់បានស្ថិតនៅក្នុងចំណោមអ្នកដែលបានស្លាប់ទាំងនោះ។
កងទ័ពរំដោះ Baluch ដែលជាក្រុមទាមទារបំបែករដ្ឋមានទីតាំងនៅខេត្ត Baluchistan ភាគនិរតីបានអះអាងទទួលខុសត្រូវចំពោះការរៀបចំផែនការវាយប្រហារនេះ ហើយបានចេញផ្សាយរូបថតរបស់អ្នកបំផ្ទុះគ្រាប់បែក៣នាក់៕