ការធ្វើអត្តឃាត​លើកទី៣ដែល​ពាក់ព័ន្ធ​នឹង​ការបាញ់​ប្រហារ​តាម​សាលារៀន​នៅ​ស.រ.អា​​ចោទ​ជា​សំណួរ​ជាច្រើន

រូបឯកសារ៖ អ្នកចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះពីការបាញ់សម្លាប់នៅសាលាវិទ្យាល័យ Marjory Stoneman Douglas នៅរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។ 

លោកស្រី​សាស្រ្តាចារ្យ Gail Saltz បាន​ប្រាប់ VOA ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការផ្តល់​នូវ​ការ​គាំទ្រ​ជាបន្ទាន់​ និង​ជាបន្តបន្ទាប់​ទៅដល់​អ្នកទាំងឡាយ ដែល​បាន​ទទួល​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ដ៏​រន្ធត់។

ការធ្វើ​អត្តឃាត​របស់​មនុស្សបី​នាក់ ដែល​ជាប់ទាក់ទង​ទៅ​នឹង​ការ​បាញ់ប្រហារ​នៅ​តាម​សាលារៀន​នៅក្នុង​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ពេល​តែ​ជាង​មួយ​សប្តាហ៍ បាន​នាំ​ឲ្យ​មាន​សំណួរ​ថា តើ​ការធ្វើ​អត្តឃាត​មួយ​អាច​នឹង​ជំរុញ​ឲ្យ​មាន​ការធ្វើ​អត្តឃាត​ផ្សេងៗ​ទៀត ឬ ក៏​ការធ្វើ​អត្តឃាត​ណាមួយ អាច​ត្រូវ​រារាំង​បាន។

សិស្ស​ពីរ​នាក់ពី​វិទ្យាល័យ​មួយ​នៅ​ក្នុង​រដ្ឋ​ Florida ដែល​ជា​ទី​កន្លែង​ដែល​ខ្មាន់​កាំភ្លើង​ម្នាក់ បាន​បាញ់​សម្លាប់​សិស្ស​ចំនួន ​១៧​នាក់​ កាលពី​ឆ្នាំ​មុន បាន​បញ្ចប់​ជីវិត​របស់​ពួកគេ តែ​មុន​ក្រោយ​គ្នា​មួយ​សប្តាហ៍​នៅក្នុង​ខែ ​មីនា​នេះ ហើយ​អ្នក​បន្ទាប់ ដែល​ធ្វើ​អត្តឃាត​នោះ គឺ​ឪពុក​របស់​កូនសិស្ស​ម្នាក់ក្នុង​ចំណោម​សិស្ស ២០​នាក់ ដែល​បាន​សម្លាប់​ក្នុង​ការបាញ់​ប្រហារ ​នៅ​សាលារៀន​បឋមសិក្សា​មួយ​នៅ​ក្នុង​រដ្ឋ​ Connecticut។

អ្នក​ជំនាញ​ម្នាក់​បាន​ប្រាប់ VOA ថា ការ​ស្លាប់​ដោយ​កាំភ្លើង និង​ការ​ធ្វើអត្តឃាត គឺ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​វិបត្តិ​សុខភាព​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អស់​រយៈពេល​ ១ឆ្នាំ​ ១ខែ មក​ហើយ បន្ទាប់​ពី​ការបាញ់ប្រហារ​នៅ​វិទ្យាល័យ​មួយ​នៅក្នុង​ក្រុង Parkland ក្នុង​រដ្ឋ Florida ក៏ប៉ុន្តែ របួស​ផ្លូវចិត្តដែល​បណ្តាល​មកពី​ការបាញ់​សម្លាប់​នោះ ​នៅ​មិន​ទាន់​ជាសះស្បើយ​នៅ​ឡើយ​ទេ។

នៅ​ថ្ងៃទី១៧ ខែមីនា កន្លង​ទៅ​នេះ អតីត​សិស្ស​ឈ្មោះ Sydney Aiello ត្រូវ​បាន​គេ​រាយការណ៍​ថា ស្លាប់​ដោយ​ការធ្វើ​អត្តឃាត។ ឪពុក​ម្តាយ​របស់​នាង Sydney បាន​និយាយ​ថា នាង​បាន​ទទួលរង​ការ​ឈឺចាប់​ដោយសារ​ថា នាង​បាន​រស់រាន​មាន​ជីវិត តែ​អ្នកដទៃ​ទៀត បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​នោះ ហើយ​នៅ​មុន​ពេល​នាង​សម្លាប់​ខ្លួន នាង​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​ជំងឺ​បាក់ស្បាត​យ៉ាង​ធ្ងន់ធ្ងរ (PTSD) ដែល​បណ្តាល​មក​ពី​ភាពភ័យ​រន្ធត់ ដោយ​ការបាញ់ប្រហារ​នោះ។

តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​នាង ​Sydney បាន​ធ្វើអត្តឃាត អ្នករស់រានមាន​ជីវិត​ពីការ​បាញ់ប្រហារនៅ​ Parkland ម្នាក់ទៀត​ក៏​បានស្លាប់​ដោយ​ការធ្វើ​អត្តឃាត​ផងដែរ។ នៅ​ថ្ងៃច័ន្ទ​ទី២៥ ខែ​មីនា ​កន្លងទៅ​នេះ ឳពុក​របស់​ក្មេងស្រី​ម្នាក់ ​ដែល​បាន​ស្លាប់​ក្នុង​ការបាញ់ប្រហារ​នៅ​សាលា​បឋម​សិក្សាក្នុង​រដ្ឋ Connecticut កាល​ពី​ឆ្នាំ​ ២០១២ នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា ស្លាប់​ដោយ​ធ្វើ​អត្តឃាត​នៅក្នុង​ការិយាល័យ​របស់​លោក។

លោកស្រី Gail Saltz ដែល​ជា​សាស្ត្រាចារ្យផ្នែក​ចិត្តសាស្រ្ត​ប្រចាំ​នៅ​មន្ទីរពេទ្យ New York Presbyterian បាន​និយាយ​ថា៖

«មនុស្ស​ជាច្រើន​ដែល​បាន​ឆ្លងកាត់ ហេតុការណ៍​អាក្រក់​ដែល​ធ្វើឲ្យ​ប៉ះទង្គិច​ដល់​ផ្លូវចិត្ត​របស់​ពួកគេ អាច​មាន​ជំងឺ​បាក់ស្បាត។ ហើយ​រឿង​ដ៏​គួរ​ឲ្យ​សោកសៅ​នោះ គឺការធ្វើ​អត្តឃាត​អាច​បណ្តាល​មកពីជំងឺ​បាក់ស្បាត ដែល​ពួកគេ​កំពុង​តែ​មាន​នោះ»។

លោកស្រី​សាស្រ្តាចារ្យ Gail Saltz មាន​ប្រសាសន៍​បន្ត​ទៀត​ថា មនុស្ស​ណា​ម្នាក់​ដែល​បាន​ជួប​ប្រទះ​បញ្ហា​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ បាន​ឃើញ​មនុស្ស​ផ្សេងទៀត​ដែល​បាន​ឆ្លងកាត់​បញ្ហា​ដូច​ខ្លួន បាន​ជ្រើស​យក​ការ​សម្លាប់​ខ្លួន​នោះ​ អាច​នឹង​ជំរុញ​ឲ្យ​អ្នកនោះ​ឯង ជ្រើស​យក​វិធី​សម្លាប់​ខ្លួន​ដែរ។

លោកស្រី Gail Saltz បាន​ថ្លែង​ទៀត​ថា៖

«វា​កើត​ឡើង​ចំពោះ​អ្នក​ដែល​ធ្លាប់​មាន​បំណង​សម្លាប់​ខ្លួនពី​មុន​មក»។

លោកស្រី Saltz បាន​ប្រាប់ VOA ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការផ្តល់​នូវ​ការ​គាំទ្រ​ជាបន្ទាន់​ និង​ជាបន្តបន្ទាប់​ទៅដល់​អ្នកទាំងឡាយ ដែល​បាន​ទទួល​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ដ៏​រន្ធត់។ សហគមន៍​គួរតែ​តាមដាន​ឲ្យ​ដិតដល់​និង​ការពារ​ពួកគេ ហើយ​ស្ថាប័ន​សារព័ត៌មាន​នានា​គួរតែ​សង្កត់ធ្ងន់​ទៅ​លើ​ថាតើ ការ​ធ្វើ​អត្តឃាត​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​សហគមន៍​របស់​បុគ្គល​ដែល​បាន​ស្លាប់​នោះ។

លោកស្រី​បាន​បន្ត​ទៀត​ថា​៖

«យើង​ចង់​និយាយ​អំពី​ ថា​តើ​វា​អាក្រក់​យ៉ាង​ណា​សម្រាប់​ជនរងគ្រោះ​និង​គួរ​ឲ្យខ្លាច​យ៉ាងណា​សម្រាប់​គ្រួសារ​របស់​ពួកគេ។ វា​គួរឲ្យ​ខ្លាច​ណាស់​សម្រាប់​មិត្តភក្តិ​និង​សហគមន៍​របស់​ពួកគេ​ទាំងមូល។ វា​មាន​ផល​ប៉ះពាល់​យ៉ាង​ពិតប្រាកដ​ ដូច្នេះ​ហើយ​អ្នក​ស្តាប់​ដែល​ប្រហែល​ជា​កំពុង​តែ​គិត​ពី​ការ​សម្លាប់​ខ្លួន​នឹង​យល់​ថា បញ្ហា​នេះនឹង​មាន​មនុស្ស​យកចិត្ត​ទុកដាក់​និង​ព្រួយ​បារម្ភ។ ហើយ​ក៏​យល់​ផងដែរ​ថា ​ការសម្លាប់​ខ្លួន​នឹង​មិនមាន​អ្វី​ល្អ​នោះ​ទេ»។

លោកស្រី​សាស្រា្តចារ្យ Saltz និយាយ​ថា ការស្លាប់​ដោយ​ការធ្វើ​អត្តឃាត​បាន​កើន​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ភាគច្រើន​នៃ​កា​រស្លាប់​នោះ​គឺ​ដោយ​ប្រើ​កាំភ្លើង។

លោកស្រី​បាន​បន្ត​ទៀត​ថា៖

«ជា​លើកដំបូង​ហើយ​ក្នុង​រយៈពេល​ពីរបី​ឆ្នាំ​ចុងក្រោយ​នេះ ដែល​យើង​បាន​ឃើញ​ថា អាយុ​មធ្យម​របស់​មនុស្ស​នៅក្នុង​សហរដ្ឋអាមេរិក​មានការ​ធ្លាក់ចុះ ហើយ​មូលហេតុ​គឺ​មក​ពី​ការធ្វើ​អត្តឃាត​ និង​ការស្លាប់​ដោយ​ប្រើប្រាស់​គ្រឿងញៀន។ វា​ពិបាក​នឹង​និយាយ​ថា តើ​មាន​មនុស្ស​ចំនួន​ប៉ុន្មាន​នាក់ ដែល​បាន​ស្លាប់​ដោយ​ការ​ប្រើប្រាស់​គ្រឿងញៀន ហើយ​និង​ប៉ុន្មាន​ដោយសារ​ការធ្វើ​អត្តឃាត»។

បន្ទាប់​ពី​មាន​អ្នករស់រាន​មាន​ជីវិត​ពី​ការបាញ់​ប្រហារ​នៅក្រុង Parkland បាន​ស្លាប់​ដោយសារ​ការធ្វើ​អត្តឃាត ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​រដ្ឋ​ Florida បាន​អំពាវនាវ​អង្គនីតិបញ្ញតិ្ត​របស់​រដ្ឋ Florida ឲ្យ​មាន​ការផ្តល់​ធនធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​បន្ថែម​ទៀត​ដល់​សហគមន៍​នៃ​វិទ្យាល័យ ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​សម្លាប់​សិស្ស​ចំនួន ១៧នាក់ ក្នុង​ខែកុម្ភៈ​ កាល​ពី​ឆ្នាំមុន៕

ប្រែសម្រួល​ដោយ លី វួចនា