ការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​របស់កញ្ញា សេង ធារី ធ្វើឲ្យ​នាងជាប់​ពន្ធនាគារ ខណៈ​ព្រឹទ្ធសភា​អាមេរិក​កំពុង​តាម​​ឃ្លាំ​មើល

រូបឯកសារ៖ កញ្ញា ​សេង ធារី​ ស្លៀកពាក់​ដូច​រូបសំណាកសេរីភាព ឈរនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/ វីអូអេ)

កញ្ញា សេង ធារី បានដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង នៅពេល​ដែល​នាង​ទៅ​បង្ហាញ​ខ្លួន​នៅសាលា​ដំបូង​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១៤ ខែ​មិថុនា ឆ្នាំ​ ២០២២ ហើយ​នាង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។ ដោយ​លាប​ពណ៌​បៃតង​ភ្លឺ​នៅ​លើ​ផ្ទៃមុខ ជាមួយ​ឈុត​ពណ៌​បៃតង​រុំ​ជុំវិញខ្លួន និង​មាន​មកុដ ធ្វើ​ពី​ក្រដាស​កាតុង​នៅលើ​ក្បាល​របស់​នាង សេង ធារី បាន​បង្ហោះ​វីដេអូដែល​នាង​អង្គុយ​នៅកៅអី​ផ្នែកខាង​ក្រោយ​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរតាម​ផ្លូវ ដើម្បី​ទៅ​ស្តាប់​សាលក្រមក្នុង​សវនាការ​កាត់​ក្តី​នាង​ពី​បទ​ញុះញង់។

នាង​បាន​និយាយ​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ខ្ញុំ​គឺជា​ស្រ្តី​នៃ​សេរីភាព។ ខ្ញុំ​គឺជា​សេរីភាព។ ខ្ញុំ​គឺជា​ដង្ហើម​របស់​អ្នក។ អ្នក​មិន​អាច​រស់នៅ​បាន​ល្អ​ ដោយ​គ្មាន​ខ្ញុំ​នោះ​ទេ។ ខ្ញុំ​គឺជា​ចម្រុះពណ៌ដែលធ្វើ​ឱ្យ​ជីវិតរបស់អ្នក​មាន​ន័យ។ ខ្ញុំ​គឺ​ជា​តន្ត្រី​ដែល​ចិញ្ចឹម​ដួង​ព្រលឹង​របស់​អ្នក។ ខ្ញុំ​គឺ​ជា​អុកស៊ីសែន​ដែល​អ្នក​ដក​ដង្ហើម។ របប​ផ្តាច់ការ​នេះ​ចង់​រារាំង​អ្នក​មិនឱ្យ​ដក​ដង្ហើម។ របបផ្តាច់ការនេះច​ង់ឃុំ​ឃាំង​សេរីភាព»។

ចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេចផ្ដន្ទាទោសកញ្ញា សេង ធារី ឲ្យជាប់ពន្ធនាគារ​ចំនួន​ ៨ ​ឆ្នាំ បើ​ទោះ​ជា​ភស្តុតាង​ដែលប្រឆាំង​នឹងកញ្ញា​ មាន​ត្រឹមតែ​ការ​បង្ហោះ​ហ្វេសប៊ុក​ដែល​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ប្រមូល​ផ្ដុំ​ការ​គាំទ្រ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។ សកម្មជន​ និង​មន្ត្រី​បក្សប្រឆាំង​ចំនួន ៥០ នាក់​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​កាត់ទោស​នៅក្នុង​សវនាការ​កាត់​ក្តីដ៏​ធំ​នោះ​ផង​ដែរ បើ​ទោះបីជា​មានមនុស្ស​មួយ​ចំនួន​បាន​រត់​ភៀស​ខ្លួន​រួចហើយ​ក្តី។

បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ កញ្ញា សេង ធារី បច្ចុប្បន្ន​ស្ថិត​ក្នុង​ចំណោម «អ្នក​ទោសមនសិការ» ចំនួន ៥០​ នាក់ នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវបានឃុំខ្លួនដោយ​អយុត្តិធម៌ ដោយសារ​សកម្មភាព​នយោបាយ បរិស្ថាន សង្គម ឬ​ការងារ។ ទោះជា​យ៉ាងណា​ក៏ដោយ ករណី​របស់​នាង​អាច​បង្ក​ផលលំបាក​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយសារ​តែ​កញ្ញា សេង ធារី ​ជា​ជនជាតិអាមេរិក ហើយករណី​របស់​នាង​ទទួល​បាន​ការ​ទាក់ទាញយក​ចិត្ត​ទុកដាក់​ខ្ពស់ពី​សំណាក់​អន្តរជាតិ។

វា​មាន​រយៈពេល​ជិត​ពីរ​ខែ​មក​ហើយដែល​កញ្ញា សេង​ ធារី បាន​ជាប់​ពន្ធនាគារ​ ហើយ​ការណ៍​នេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ដ៏​រឹងមាំ​របស់​កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក។

ប្រាំសប្តាហ៍​បន្ទាប់ពី​ការ​កាត់​ទោស​កញ្ញា សេង ធារី គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​ច្បាប់​ដែល​ជាប់​គាំង​ជា​យូរ​មក​ហើយ ដែល​នឹង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដែល​ទំនង​ជា​សញ្ញា​បង្ហាញ​ថា ​ការ​ចាប់​កញ្ញា សេង ធារី ​ទៅ​ដាក់​ពន្ធនាគារ ​អាច​ប៉ះពាល់​ដល់​រដ្ឋាភិបាល​កម្ពុជា។

លោក Jared Genser មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​តំណាង​ឲ្យ​កញ្ញា សេង​ ធារី ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា វា​យុត្តិធម៌​ក្នុងការ​និយាយ​ថា​លោក ហ៊ុន សែន បាន​ធ្វើ​កំហុស​ដ៏ធំ​មួយ។ ហើយ​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដែលអាច​ធ្វើ​ទៅបាន ដើម្បីប្រាកដថា គាត់​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​នេះ»។

កិច្ច​ខំប្រឹងប្រែង​ទាំងនោះ​បាន​ផ្តើមចេញ​នៅក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ដែល​លោក Genser បាន​និយាយ​ថា លោក​បាន​ទទួល​ការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដូចជា​លោក Ed Markey សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Massachussetts លោក Dick Durbin សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Illinois និង​លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Florida។

អ្នក​នាំពាក្យ​របស់​លោក​ Markey បាន​ប្រាប់ VOA ថា៖ «ការ​ជាប់​ពន្ធនាគារ​របស់​កញ្ញា សេង ធារី ​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​បន្ទាន់​មួយ​នៅក្នុង​ការជំរុញ​បន្ថែម​លើ​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ និង​ច្បាប់​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។

អ្នក​នាំពាក្យរូប​នោះ​បាន​ថ្លែង​បន្ថែម​ថា ក្រុម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​រំពឹង​ថា ច្បាប់នេះ​នឹង​ទៅដល់​តុ​របស់​លោក​ប្រធានាធិបតី Joe Biden នៅ​ចុង​ឆ្នាំ​នេះ។

លោក Jared Genser បានថ្លែង​ថា លោក​ក៏នឹង​យក​សំណុំរឿង​របស់​កញ្ញា សេង ធារី ទៅ​កាន់​ក្រុម​ការងារ​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ផង​ដែរ ដោយសារ​តែ «ចរិត​ក្លែងក្លាយ​នៃ​កា​រចោទ​ប្រកាន់ និង​អត្ថិភាព​នៃ​ការរំលោភ​បំពាន​លើ​ដំណើរ​ការត្រឹមត្រូវ​នៅ​ក្នុង​ការកាត់ក្តី»។

លោក​ Genser មាន​ទំនុកចិត្ត​ថា ការ​ដាក់​សំណុំ​រឿង​នេះ​ទៅកាន់​អង្គការ​សហប្រជាជាតិ​នឹង​ទទួល​បាន​ជ័យ​ជម្នះ។ ហើយ​លោក​បាន​អះអាង​ថា លោក និង​សហការី នឹង​បន្ត​កិច្ច​ប្រឹងប្រែងនេះ នៅពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ធ្វើ​ទស្សនកិច្ច​ទៅ​ទីក្រុងភ្នំពេញ ប្រទេស​កម្ពុជា ដើម្បី​ចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា​ខាង​មុខ និង​នៅពេល​ដែល​លោក ហ៊ុន សែន ឬ​មន្ត្រី​មេដឹកនាំ​កម្ពុជា​ផ្សេងទៀ​ត​ ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជា​ជាតិ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

មេដឹកនាំបក្ស​ប្រឆាំង​កំពូល​ពីរនាក់​ក្នុង​ចំណោម​បីនាក់​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​លោក សម រង្ស៊ី និង​លោកស្រី មូរ សុខហួរ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ ប៉ុន្តែ​អ្នក​ទាំង​ពី​រ​បាន​ភៀស​ខ្លួន ឬ​បន្ត​រស់នៅ​ក្រៅ​ប្រទេស​ មុន​ពេល​ពួកគេ​អាច​ត្រូវ​បាន​ចាប់ខ្លួន។

បច្ចុប្បន្ន​នេះ ពួកគេ​ត្រូវបាន​ហាមឃាត់​យ៉ាង​តឹងតែង​មិន​ឲ្យ​ធ្វើ​ដំណើរ​វិល​ចូលប្រទេស​កម្ពុជា​វិញ។ លោក កឹម សុខា ក៏កំពុង​ត្រូវ​បានបន្តការ​កាត់​ទោសពី​បទ​ក្បត់ជាតិ ដែល អូស​បន្លាយ​ជាច្រើន​ឆ្នាំ​មក​ហើយ។ លក្ខខណ្ឌ​តុលាការ​បាន​ហាមឃាត់​លោក កឹម សុខា ​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ ហើយ​លោក​ប្រឈម​នឹងការ​រឹតត្បិត​តាម​ផ្លូវច្បាប់​យ៉ាង​ច្រើន។

រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីអាមេរិកាំងដើមកំណើតខ្មេរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០០៨។

កញ្ញា សេង ធារី អាយុ ៥១ ឆ្នាំ បាន​ជ្រើសរើស​វិធីសាស្រ្ត​តស៊ូមតិផ្សេងៗ ​នៅ​ពេល​ដែល​នាង​ត្រូវ​បាន​ចោ​ទ​ប្រកាន់​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២០។ ក្នុង​ពេល​សវនាការ​ម្តងៗ នាង​បាន​ស្លៀក​សម្លៀក​បំពាក់​ដែល​កាន់​តែមា​នភាព​លេច​ធ្លោ និង​លម្អ​ដោយ​សម្លៀក​បំពាក់​ពណ៌​ក្រហម​ភ្លឺ សម្លៀក​បំពាក់​របស់​អ្នក​រាំ​របាំ​អប្សរា​ ឈុតអាវ​ធំ​របស់​បុរស​ ឯកសណ្ឋាន​អ្នកទោស និង​ចុងក្រោយ​ជា​រូប​សំណាក​សេរីភាព។

នាង​បាន​ប្រាប់​កាសែត New York Times កាលពី​ដើម​ឆ្នាំនេះ​ថា៖ «ខ្ញុំគឺជា​អ្នក​តស៊ូ​មតិ​សិទ្ធិ​ពេញ​មួយ​ជីវិត​វ័យ​ជំទង់​របស់​ខ្ញុំ។ ខ្ញុំនឹង​មិន​ចាកចេញ​ពី​កិច្ចការ​នេះនា​ពេល​ឥឡូវនេះ​ទេ។ រាប់សិបឆ្នាំ​នៃ​ការ​បណ្តុះ​បណ្តាលអំពី​សិទ្ធិ​មនុស្ស​របស់​ខ្ញុំ​ នឹ​ង​ត្រូវ​ទុក​ជា​អសារបង់ ​បើ​ខ្ញុំ​មិន​នៅ ​និង​មិនតស៊ូ​ទៅ​មុខ​ទៀត»។

កញ្ញា ធារី បាន​រត់ភៀស​ខ្លួន​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហមនៅ​កម្ពុជា​ ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ហើយបានធំ​ឡើង​នៅ​សហរដ្ឋ​អាមេរិក ជា​កន្លែង​ដែល​នាង​បាន​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ Georgetown ហើយ​បន្ទាប់​មក​បានសិក្សា​នៅ​សាកល​វិទ្យាល័យ Michigan ដើម្បី​ក្លាយ​ជា​មេធាវី​សិទ្ធិមនុស្ស។ នៅ​ឆ្នាំ​ ២០០៤ នាង​បាន​ផ្លាស់​ទៅ​រស់នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ក្លាយ​ជា​អ្នក​តស៊ូ​មតិ​ដោយ​ឥត​សំចៃមាត់​សម្រាប់​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម និង​អ្នក​ដែល​រង​ទុក្ខ​ក្រោម​របប​ដឹកនាំបច្ចុប្បន្ន​នៅ​កម្ពុជា។

លោក Genser ដែល​ជា​មិត្តរួម​ថ្នាក់​របស់​កញ្ញា សេង ធារី ​នៅ​សាកល​វិទ្យាល័យ Michigan បាន​និយាយ​ថា ក្នុង​អំឡុង​ពេល​សវនាការ​ម្តងៗ នាង​បាន​បញ្ចេញ​មតិ​ខ្លាំងៗ​ប្រឆាំង​នឹង​សវនាការ​លើ​រូប​នាង។ នាង​មិនញញើត​នឹង​រិះគន់ចំពោះ​របប​ដែល​កាត់​ទោស​នាង និង​អ្នក​ប្រឆាំង​ផ្សេង​ទៀត​ឡើយ។

កាលពីពេលកន្លងទៅ កញ្ញា សេង ធារី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​សវនាការ​ថា៖ «ពួកគេកំពុង​ប្រើ​តុលាការ​ជា​វាំងនន​ដើម្បី​បិទ​បាំង ទិដ្ឋភាព​នៃ​ការពិត​ជាក់ស្តែង ដែល​ជា​ឆាកល្ខោន​នយោបាយ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ»។

បណ្តាញ​ព័ត៌មាន​ជុំវិញ​ពិភពលោក​បាន​រាយការណ៍​អំពីការកាត់​ទោសកញ្ញា ធារី ដោយ​បង្ហាញ​រូបថត​ជាច្រើន​សន្លឹក​របស់នាង​ក្នុង​សម្លៀកបំពាក់​តំណាង​ឲ្យ​សេរីភាព​ខ្មែរ ដែល​ត្រូវ​បាន​មន្រ្តី​ប៉ូលីស​ចាប់​អូស​ចេញ​ពី​បរិវេណ​តុលាការ​ក្រុង​ភ្នំពេញ។ ក្រុម​អ្នក​ឃ្លាំ​មើល​ ក្នុង​នោះរួមមាន​គណៈមេធាវី​អាមេរិក និងអង្គការឃ្លាំ​មើលសិទ្ធិមនុស្សបានរិះគន់ដំណើរការកាត់​ទោស​នេះ។

លោក Genser បានថ្លែងអំពីលោក ហ៊ុន សែន ថា៖ «វា​ជា​ឱកាសមួយនៅ​ក្នុង​កាលៈទេសៈនេះពី​ការតស៊ូ​ប្រឆាំង​របស់​នាង។ ​វាជាឱកាសមួយ ដែលលោក [ហ៊ុន សែន] បាន​ដាក់​ [សេង ធារី] ក្នុងពន្ធនាគារ​ ដោយសារនាង​មិ​ន​អាច​ធ្វើបានច្រើន​ដើម្បី​ទាញយក​ចំណាប់​អារម្មណ៍​ចំពោះ​រឿង​ដ៏​អាក្រក់ ​ដែលលោក ហ៊ុន សែន ​កំពុង​ធ្វើ​នៅក្នុ​ង​ប្រទេស​កម្ពុជា [...] ដូច្នេះបើ​លោក ហ៊ុន សែន ​ដឹងកាន់តែ​ឆាប់ថា នេះជា​កំហុស ហើយ​អនុញ្ញាតឲ្យ​នាង [សេង ធារី] ចេញពី​ពន្ធនាគារ នោះ​ស្ថានភាព​នឹង​កាន់​តែ​ប្រសើរ​ដល់​លោក ហ៊ុន សែន»។

កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​រៀបចំ​ផែន​ការ​ឲ្យ​កូន​ប្រុសច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ដោយ​បង្ហាញ​ពី​ការ​បង្រួម​អំណាច​ទាំង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​លើ​ស្ថាប័ន​រដ្ឋ និង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស។ លោក ម៉ាណែត អាយុ ៤៤ ឆ្នាំ កំពុង​ទទួល​បន្ទុក​ផ្នែក​កងទ័ព​រួច​ទៅ​ហើយ ហើយ​បាន​បញ្ចប់ការសិក្សា​ពី​បណ្ឌិត​សភា​យោធា​សហរដ្ឋ​អាមេរិក​ West Point ។

ក្រៅពីធ្វើការ​រឹតត្បិត​លើ​សកម្មភាព​របស់គណបក្ស​ប្រឆាំង ហើយ​បច្ចុប្បន្ន​កំពុង​កាន់​គ្រប់​អាសនៈ​ក្នុង​រដ្ឋ​សភា​ គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន បាន​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំ​នួនធំ ទប់ស្កាត់​ការតវ៉ា​គ្រប់​ទម្រង់ និង​បង្កើន​ការ​ចូលរួម​ជាមួយ​យុវជន​ក្នុង​ប្រទេស​តាមរយៈ​ស្ថាប័ន គណបក្ស​ដូចជា កាយរឹទ្ធិ និង​កាកបាទ​ក្រហម​កម្ពុជា​ជាដើម។

ភាពស្ងប់ស្ងាត់នៅកម្ពុជា

ក្រោយត្រូវ​បាន​ចាប់ខ្លួន ​កញ្ញា សេង ធារី ត្រូវបាន​បញ្ជូន​ខ្លួន​ចេញពី​រាជធានីភ្នំពេញ ទៅឃុំ​ក្នុង​ពន្ធនាគារដាច់ស្រយាល​មួយ​ក្នុងខេត្តព្រះវិហារ។ មេធាវី​ជនជាតិ​កម្ពុជា​លោក ជូង ជូងី បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​កាត់ទោស​នេះ។ លោក ជូង ជូងី បានបន្ត​ថា នាងបានសម្រេចចិត្តមិនស្នើ​សុំ​ផ្ទេរមកភ្នំពេញវិញ​ទេ ព្រោះលក្ខខណ្ឌនៅពន្ធនាគារ​ខេត្ត​ព្រះ​វិហារ​មាន​ភាពល្អ​ប្រសើរ​ជាង​ពន្ធនាគារព្រៃ​ស​។

លោក​ ជូងី បាន​បន្ត​ថា​៖ «ស្ថានភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​នាង ​គឺ​ល្អ»។ លោក​ប្រាប់ VOA បន្ថែមថា សារ​របស់​កញ្ញា សេង ធារី ​ចំពោះ​សាធារណជន ជាពិសេស​យុវជន​គឺថា៖ «​តស៊ូ​ដើម្បី​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​ដោយ​សន្តិវិធី»។

ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ​មាន​ការ​ចាប់​អារម្មណ៍​តិច​តួច​សម្រាប់​ការ​តស៊ូ​មតិ​ជា​សាធារណៈ​ដើម្បី​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជាក្តី​ ក៏​ក្រុមបាតុករ​ដែល​បន្ត​តស៊ូមតិ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ជុំវិញ​បញ្ហា​ជម្លោះ​ដីធ្លី ឧក្រិដ្ឋកម្ម និង​អំពើ​ពុករលួយ ដែល​គេ​ហៅ​ថា «ស្រ្តី​ថ្ងៃ​សុក្រ» កំពុង​គិតចង់​ទៅ​ទៅសួរ​សុខទុក្ខ​កញ្ញា សេង ធារី នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ។ ប៉ុន្តែពួកគេ​បាន​សម្រេច​មិន​ទៅវិញ ​បន្ទាប់​ពី​បាន​ដឹង​ថា​កញ្ញា សេង ធារី ​អាច​នឹង​ត្រូវ​ផ្លាស់​មក​ភ្នំពេញ​វិញ។ ហើយ​ពួកគេ​កំពុង​គិតគូរ​អំពីផែនការ​ថ្មី។ នេះបើយោង​តាម​អ្នក​ដឹកនាំ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ។

លោក សេង ម៉ារ៉ាឌី ជា​បង​ប្រុសរបស់កញ្ញា សេង ធារី គឺជា​ឥស្សរជន​នយោបាយ​ប្រឆាំង​យូរ​លង់​ម្នាក់ ​ដែលនៅ​បន្ត​រស់​នៅក្នុងប្រទេសកម្ពុជា។ លោក​បាន​បដិសេធ​មិនផ្តល់​អត្ថាធិប្បាយ។

លោកស្រី មូរ សុខហួរ ដែល​ធ្លាប់​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​មុន​ពេល​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​កាលពីឆ្នាំ​ ២០១៧ បាន​និយាយ​ថា ប្រជាពលរដ្ឋ​ខ្លះ​ភ័យ​ខ្លាច​ក្នុងការដើរ​តាម​ផ្លូវ។

លោក​ស្រី​បាន​ថ្លែង​បញ្ជាក់​ថា៖ «លំហ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​កំពុងតែ​រួម​តូច ប៉ុន្តែ​យើង​ព្យាយាម​ ក្នុង​នាម​គណបក្ស​សង្គ្រោះជា​តិ យើង​បាន​ព្យាយាម​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​មនុស្ស​ដើរ​តាម​ ហើយ​ក្រុម​តែ​មួយ​គត់​ដែ​ល​នៅ​តែ​មាន​សំឡេង​ខ្លាំង និង​អាច​មើល​ឃើញ​នោះ​គឺ​ ស្ត្រីថ្ងៃ​សុក្រ និង​កូដករ​ណាហ្គាវើលដ៍»។

លោកស្រី មូរ សុខហួរ បានថ្លែងបន្តថា៖ «ខ្ញុំ​គិត​ថា យើង​ត្រូវតែ​មាន​ភាព​ប្រាកដ​និយម។ ប្រជាជន​មិន​ហ៊ាន (តវ៉ា)។ ខ្លះ​រស់នៅ​កន្លែងសុខ​ស្រួល ទោះ​បី​ដី​ត្រូវ​គេ​យក ពួកគេ​ធ្វើកា​រតវ៉ា ប៉ុន្តែ​បែរ​ជា​ត្រូវ​បែក​បាក់​គ្នា​ទៅ​វិញ ដោយសារ​បញ្ហាញ​បច្ចេកទេស និង​កលល្បិច​របស់​លោក ហ៊ុន សែន ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ​ ឬអាវុធរបស់លោក​។ អាវុធរបស់តុលាការ មានប្រសិទ្ធភាពណាស់»។

រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) និងលោកស្រី មូរ សុខហួរ (ស្តាំ) ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

ការបង្កើនសម្ពាធ

នៅ​សហរដ្ឋអាមេរិក សំឡេង​ប្រឆាំង​នឹង​លោក​ ហ៊ុន សែន នៅក្នុង​ចំណោម​សហគមន៍​ខ្មែរអាមេរិកាំង ដោយផ្ទាល់​និង​តាម​អ៊ីនធឺណិត នៅ​បន្ត​កើត​ឡើង ទោះ​ជាមាន​ករណី​ប្តឹងផ្តល់​លើ​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​ម្នាក់​ក្តី។

សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់​ទៅកាន់​លោក ហ៊ុន សែន កាល​ពី​ប៉ុន្មាន​ខែ​មុន ក្នុង​អំឡុងទស្សនកិច្ចរបស់លោក​មក​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ ដើម្បី​ចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន-អាមេរិក។ ក្នុងពេល​ស្វាគមន៍​អ្នក​គាំទ្រ​ លោក ហ៊ុន សែន ត្រូវបាន​បុរសខ្មែរអាមេរិកាំង​ម្នាក់​ គប់​ស្បែកជើងដាក់។

នៅ​តាម​រដ្ឋ​ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន ដូចជា​រដ្ឋ Massachusetts និង​រដ្ឋ California សមាជិកនៃ​រដ្ឋាភិបាល​សហព័ន្ធ​ដូចជា​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​ ជា​ទូទៅ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​លើរដ្ឋាភិបាលកម្ពុជា។ ទោះ​យ៉ាង​ណាក៏​ដោយ សេចក្តី​ស្នើ​ច្បាប់ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា អាច​នឹង​ក្លាយ​ជា​ឧទាហរណ៍​ដ៏​កម្រ​មួយ​ដែល​សភា ឬ​ព្រឹទ្ធសភា​អាមេរិក​ទាំងមូល​ គាំទ្រ​ឲ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​នេះ។ កាលពី​ពេល​កន្លង​មក សេចក្តី​ស្នើ​ច្បាប់​បែប​នេះ​ចំនួន​ពីរ​ ត្រូវ​បាន​ទម្លាក់​ចោល​ត្រឹមគណៈកម្មាធិការ​ប្រចាំ​ព្រឹទ្ធសភា​អាមេរិក។

លោក មាជ សុវណ្ណារ៉ា អតីត​បេក្ខភាព​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ដែល​បាន​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ ខែ​កាលពីឆ្នាំ​ ២០១៥ បាន​និយាយ​ថា លោក​ជឿជាក់​ថា ការ​ចរចា​នឹង​កើត​ឡើង​ នៅ​ពី​ក្រោយ​ឆាក​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដើម្បី​ដោះលែង​កញ្ញា សេង ធារី និង​ទម្លាក់ ឬ​កាត់​បន្ថយ​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ដែល​មាន​អាយុ​ ៦៩ ​ឆ្នាំ ដោយ​អនុញ្ញាត​ឲ្យលោកវិលចូលធ្វើ​នយោបាយវិញ។

លោក​បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​តួនាទី​អានុភាព​ដ៏​សំខាន់នៅកម្ពុជា ដោយសារលទ្ធភាព​នៃការ​ផ្តល់​ឲ្យ​កម្ពុជាវិញ​នូវ​អត្ថប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​តាម​រយៈ​ប្រព័ន្ធ Generalized System of Preferences (GSP) ដែល​បាន​ផុត​កំណ​ត់ ​កាលពី​ឆ្នាំ​ ២០២០ ហើយ​ត្រូវ​បាន​គេរំ​ពឹង​ថា អាច​នឹង​បន្ត​ជា​ថ្មី​នៅ​ចំណុច​ណាមួយ​នា​ពេល​ខាង​មុខ​នេះ។ ប្រសិនបើ​កម្ពុជា​ទទួល​បាន​ការអនុគ្រោះ​ពន្ធ​សម្រាប់ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ម្តង​ទៀត នោះ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍ដល់វិស័យកាត់ដេរ​ដ៏​សំខាន់​នៅ​កម្ពុជា។​

លោក មាជ សុវណ្ណារ៉ា ដែល​រស់នៅ​រដ្ឋកាលី​ហ្វ័រញ៉ា លើក​ឡើង​ថា៖ «ពួកគេ​បារម្ភ​អំពី GSP… និង​ទណ្ឌកម្ម»។​

ប៉ុន្តែ​លោក​អះអាង​ថា លោក​គ្រោង​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ​លោក​ក៏​បាន​កត់​សម្គាល់​ថា មន្ត្រី​គណបក្ស​ប្រជាជន និង​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ដែល​ពឹង​ផ្អែក​លើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក សុវណ្ណារ៉ា សង្ឃឹម​ថា កិច្ចប្រជុំ​កំពូល​ការទូត​នាពេល​ខាងមុខ រួម​ជាមួយ​នឹង​ដំណើរ​ទស្សន​កិច្ច​នា​ពេលថ្មីៗ​នេះ​របស់​មន្ត្រី​អាមេរិក ដូចជា​បុគ្គលិក​ជាន់ខ្ពស់​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា លោក Paul Grove ដែល​ជា​អតីត​សកម្មជន​ប្រជាធិបតេយ្យ​នៅ​អាស៊ី នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ច​ចរចា​មួយ​ចំនួន​នៅ​កម្ពុជា។

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ​បាន​ផ្តល់​ព័ត៌មាន​តិចតួច​អំពី​ស្ថានភាព​នៃ​ការ​ពិភាក្សា​ចរចា​ទាំង​នោះ។ អ្នក​នាំពាក្យ​ស្ថានទូត​ លោកស្រី Stephanie Arzate បាន​បង្វែរ​សំណួរ​អំពី​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ​ទៅ​កាន់​សមាជិក​សភា​អាមេរិក ហើយ​បាន​កត់​សម្គាល់​ថា កម្មវិធី GSP មិន​ត្រូវ​បានផ្តល់ឡើង​វិញដោយសភាអាមេរិក​នោះ​ទេ។

លោកស្រី Arzate បាន​ថ្លែង​ថា៖ «សហរដ្ឋអាមេរិកអំពាវនាវឲ្យដោះលែងសកម្មជនបក្សប្រឆាំង​ដែលកំពុ​ងជាប់ឃុំដោយអយុត្តិធម៌ជាបន្ទាន់ រួមទាំងកញ្ញា សេង ធារី ផង​ដែរ។ យើង​តែងតែ​លើកឡើងនូវការ​ព្រួយបារម្ភរបស់យើង អំពីសិទ្ធិ​មនុស្សនៅក្នុងគ្រប់កិច្ចប្រជុំជាមួយមន្ត្រីកម្ពុជា»។

លោក Jared Genser មេធាវី​របស់​កញ្ញា សេង ធារី មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ចាំបាច់​ត្រូវ​មើល​ឃើញ​ «នូវ​ភាពចាំ​ក្នុង​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​របស់​លោក​ដើម្បី ទប់ទល់​នឹង​សម្ពាធ​និង​ការ​យកចិត្ត​ទុកដាក់​[ពី​សហគមន៍​អន្តរជាតិ] ដើម្បី​ជឿ​ថា​ លោក​ចាំបាច់​ត្រូវ​តែ​ធ្វើ​អ្វីមួយ​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​តានតឹង​នេះ»។

លោក Genser បាន​ថ្លែង​ទៀត​ថា៖ «ជន​ផ្តាច់ការ​មិន​ដែល​ដោះលែង​អ្នក​ទោស​នយោបាយ នៅពេល​ពួកគេ​ចង់​នោះ​ទេ។ ពួកគេ​ដោះលែង​អ្នកទោស នៅពេល​ស្ថានការណ៍​ចាំបាច់ និងនៅពេល​ពួកគេ​ខាតបង់​ប្រយោជន៍​ច្រើន ដោយសារ​តែការ​ឃុំឃាំង​អ្នកទោស​នយោបាយ​នោះ»។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ថតរូបរួមគ្នា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

ហានិភ័យក្នុងតំបន់

លោក John Ciorciari សាស្ត្រាចារ្យ និង​ជា​នាយក​មជ្ឈមណ្ឌល​ការទូត​នៃ​សាកល​វិទ្យាល័យ Michigan's Gerald R. Ford School of Public Policy មាន​ប្រសាសន៍​ថា ប្រសិនបើ​លោក ហ៊ុន សែន មិន​ព្រម​ដោះលែង​កញ្ញា សេង ធារី ឬ​សកម្មជន​ផ្សេង​ទៀត​ទេ នោះ​ការដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ក៏អាចធ្វើ​ឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

«វិធានការ​របស់​សហរដ្ឋ​អាមេរិក… អាច​ធ្វើ​ឲ្យ​អាមេរិក​ធ្លាក់​ក្នុង​អន្ទាក់​របស់កិច្ច​ប្រឹងប្រែង​របស់​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក​ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​លោក​ខាង​លិច​លើ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម។ សម្ពាធ​បន្ថែម​ទៀត​របស់​សហរដ្ឋ​អាមេរិក ក៏​អាច​ជំរុញ​ឲ្យ​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ផងដែរ»។

ហើយ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​កម្ពុជា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន ដែល​ជា និមិត្តរូប​តាម​ការ​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទៅ​កាន់​សេតវិមាន​ក្នុងកិច្ច​ប្រជុំ​កំពូលអាមេរិក​-អាស៊ាន​ កាលពីខែ​ឧសភា​កន្លង​ទៅ។

លោក Ciorciari បាន​ថ្លែង​ថា៖ «ពេលខ្លះ​គម្លាត​រវាង​វិធីសាស្រ្ត​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​ គឺ​មាន​ប្រយោជន៍ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ការទូត​ដើរ​តួ​ជា​អ្នក​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដ៏​ល្អ ខណៈ​ដែល​សភា​អាមេរិកគំរាម​ចាត់វិធានការ​តឹងរ៉ឹង​នោះ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ជួនកាល​សភាអាចមេរិក​បានចងដៃ​រដ្ឋបាល​ប្រធានាធិបតី​តឹង​ពេក ដោយ​លុប​បំបាត់​ឱកាស​ក្នុង​ការ​ប្រើ​វិធីសាស្ត្រ​ការទូត។ នោះ​ជា​ហានិភ័យពិត​ប្រាកដ នៅពេលនេះ»។

រូបឯកសារ៖ សន្តិសុខតុលាការណែនាំកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា មាន​ប្រសាសន៍​ថា សកម្មភាព​របស់​សហរដ្ឋ​អាមេរិក នឹង​មិនមាន​ឥទ្ធិពល​លើ​ករណី​កញ្ញា សេង ធារី នោះ​ទេ។ ហើយ​លោក​បាន​អះអាង​ថា ច្បាប់ដាក់ទណ្ឌកម្មរបស់ព្រឹទ្ធសភា​អាមេរិក ​មិនសំដៅលើសិទ្ធិ​មនុស្ស ឬតុលាការរបស់ប្រទេស​កម្ពុជា​ទេ តែដើម្បី​ភូមិសាស្ត្រនយោបាយ​ក្នុង​តំបន់របស់​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។

លោក ម៉ាលីន បាន​លើកឡើង​អំពី​ការ​គំរាម​កំហែង​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ថា៖ «​អាហ្នឹង​វា​ជា​ទម្លាប់​នយោបាយ​អន្តរជាតិ​គ្មាន​សណ្តាប់ធ្នាប់​របស់​គាត់ ​ដើម្បីសម្រេច​មហិច្ឆតា​នយោបាយភូមិសាស្រ្ត​តំបន់របស់​គាត់។ ភាគី​ណា​ក៏ដោយ​ដែល​ចង់​ជួយ​ដល់បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​នៅ​កម្ពុជា មិនត្រូវ​យក​ជំនួយ​ហ្នឹង​មក​គំរាម​នោះ​ទេ ហើយ​ដាក់​សម្ពាធ ដាក់​ទណ្ឌកម្ម​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ»។

ទោះជា​យ៉ាងណា​ក៏ដោយ កញ្ញា សេង ធារី គ្រាន់​តែ​ជា​សញ្ញា​ចុងក្រោយ​នៃ​ការ​ផ្លាស់ប្តូរ​ដើរ​ឆ្ពោះទៅ​រក​របប​ផ្តាច់​ការ​នៅកម្ពុជា ដែល​អ្នក​តវ៉ានិង​អ្នក​បញ្ចេញ​មតិ​ជាបន្តបន្ទាប់ ​ត្រូវបាន​ចាប់ខ្លួន​ពី​បទល្មើស​នានា ក្នុង​នោះ​រួមមានការ​សម្តែង​មតិ​បែប​លេង​សើច​នឹង​គោលនយោបាយ​ទប់ស្កាត់​ជំងឺកូវីដ-១៩ របស់​រដ្ឋាភិបាល ការ​ចងក្រង​ឯកសារ​បង្ហាញ​ពី​សកម្មភាព​បង្ហូរ​កាក​សំណល់របស់​ក្រុមហ៊ុនចូលក្នុង​បឹងទន្លេ​សាប​នៅ​រាជធានី​ភ្នំពេញ និង​ការ​ច្រៀងចម្រៀង​រ៉េប​អំពី​បញ្ហា​សង្គម​ជាដើម។

កញ្ញា សេង ធារី គឺជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដោយ​បើកចំហ។ នាង​បាន​បង្ហោះ​រូបថត​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់នាង​ជាមួយ​លោក សម រង្ស៊ី និង​ពាក់ស្លាក​សញ្ញា​គណបក្ស​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៤ ​ក្នុង​អំឡុង​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាន​ដើរ​តាម​ដង​ផ្លូវ។ កញ្ញា សេង ធារី បាន​ចូលរួម​ធ្វើ​សកម្មភាព​ទាំងនេះ ដើម្បី​បញ្ជាក់ពី​ជីវិត​ការងារ​របស់នាង រួម​ជាមួយ​នឹង​សកម្មជន​ជា​ច្រើន​នាក់ ​ដែល​បាន​ជ្រោមជ្រែង​ឲ្យ​មាន​ការ​បើក​លំហ​ចំហ​លទ្ធិប្រជាធិបតេយ្យ។

កញ្ញា សេង ធារី បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពីឆ្នាំ​ ២០១០ ជាមួយ​មជ្ឈមណ្ឌល Berkley សម្រាប់​សាសនា សន្តិភាព និង​កិច្ចការ​ពិភពលោក​នៃ​សាកល​វិទ្យាល័យ Georgetown ថា៖​ «ចន្លោះ​ប្រហោង​គឺ​នៅ​ទីនោះ [កម្ពុជា]។ គំនិត​ខ្ញុំ​គឺ​ការគិត​ថា​តើ​កន្លែងណា​ដែល​យើង​អាច​គ្រាន់តែ​រុញ រុញ រុញ [ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ] ព្រោះ​នេះ​ជាតួនាទី​របស់​ខ្ញុំ​គឺរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ហើយ​បន្ទាប់មក​ខ្ញុំ​បន្តទៅ​កន្លែង​ផ្សេងទៀត ហើយ​ឲ្យ​អ្នកផ្សេង​ទៀត​ចូល​មក​បំពេញ​ចន្លោះ​ប្រហោង​ពីមុន​នោះ»។

លោក Jared Genser បាន​និយាយ​ថា កូនក្តី​របស់​លោក​នឹង​បន្ត​សកម្មភាព​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ភ្លាមៗ​នៅ​ពេល​ដែល​នាង​ចេញ​ពី​ពន្ធនាគារ។ ប៉ុន្តែ​នៅ​មិន​ច្បាស់​ទេ​ថា តើការ​ផ្លាស់ប្តូរ​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា តើសកម្មភាពរបស់សហរដ្ឋអាមេរិកនឹង​ប៉ះពាល់ ឬជួយដល់បុព្វហេតុរបស់កញ្ញា សេង ធារី ដល់កម្រិតណា? ឬ​ថា​តើ​មា​ន​ចន្លោះ​ប្រហោង​ណាមួយ​ដែល​ត្រូវ​ស្វែង​រក​បន្ថែម​ទៀត​នោះ?៕