ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស៖ ការ​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ជា​ការ​ដាក់​សម្ពាធ​បន្ថែម


កញ្ញា ​សេង ធារី​ ស្លៀកពាក់​ដូច​រូបសំណាកសេរីភាព ឈរនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/ វីអូអេ)
កញ្ញា ​សេង ធារី​ ស្លៀកពាក់​ដូច​រូបសំណាកសេរីភាព ឈរនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/ វីអូអេ)

មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចាត់​ទុក​ការ​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ពី​ពន្ធនាគារ​ព្រៃស​ ក្នុង​រាជធានី​ភ្នំពេញ ទៅ​កាន់​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះ​វិហារ ជា​ការ​ដាក់​បន្ទុក​បន្ថែម​លើ​មេធាវី​ខ្មែរ​អាមេរិកាំង​រូប​នេះ និង​ជា​«ការ​ព្រមាន»​មួយ​ដល់អ្នក​តស៊ូ​មតិ ដើម្បី​សិទ្ធិ​សេរីភាព​ដទៃ​ទៀត។

មេធាវី​ខ្មែរ​អាមេរិកាំង កញ្ញា ​សេង ធារី ត្រូវ​កម្លាំង​សន្តិសុខ​ចម្រុះ​ចាប់​ខ្លួន​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ក្រោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ឱ្យ​អ្នក​ច្បាប់​រូប​នេះ​ មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន​៦​ឆ្នាំ​ ពី​បទ​«រួម​គំនិត​ក្បត់» ដែល​មាន​ទំនាក់ទំនង​នឹង​ផែនការ​មាតុភូមិនិវត្តន៍​មិន​ជោគជ័យ​របស់​លោក ​សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។

ក្រោយ​ពី​ស្ថិត​ក្រោម​ការឃុំឃាំង​នៅពន្ធនាគារ​ព្រៃ​ស ក្នុង​ក្រុង​ភ្នំពេញ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន កញ្ញា សេង ធារី ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះ​វិហារ កាល​ពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​មិថុនា កន្លង​ទៅ​នេះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ចាត់​ទុក​ការ​បញ្ជូន​កញ្ញា សេង ធារី ចេញ​ឆ្ងាយ​ពី​ក្រុង​ភ្នំពេញ​ជា​ការ​ឆ្លើយ​តប​បែប​«ព្រមាន»​មួយ​ទៅ​មួយ​ទៅ​កាន់​អ្នក​តស៊ូ​មតិ ដើម្បី​ប្រជាធិបតេយ្យ ឬ​សិទ្ធិ​សេរីភាព​មូលដ្ឋាន។ លោក​ក៏​បាន​បង្ហាញ​មន្ទិល​ជុំវិញ​ហេតុ​ផល​សន្តិសុខ​និង​សុវត្ថិ​ភាព ដែល​អាជ្ញាធរ​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ខ្លួន​មេធាវី​ខ្មែរ​អាមេរិកាំង​រូប​នេះ​ទៅ​កាន់​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយ​ថា​កាល​ពី​ពេល​កន្លង​មក​ លោក​សង្កេត​ឃើញ​ថា​ មិន​មាន​បញ្ហា​ចោទ​ជា​ចម្បង​នោះ​ទេ​ នៅ​ពេល​មាន​ការ​សម្តែង​ការ​គាំទ្រ​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃស ក្នុង​ក្រុង​ភ្នំពេញ ចំពោះ​មេដឹកនាំ​សហជីព​មួយ​ចំនួន។

លោក​ថ្លែង​ថា៖ «ទាក់​ទង​នឹង​សន្តិសុខសុវត្ថិភាព​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ដូចជា​រឿង​ការ​តស៊ូ​មតិ​អីជា​ដើម​ យើង​ឃើញ​ថា ពី​មុនៗ​មក​ ដូចជា​មេដឹកនាំ​សហជីព និង​តំណាង​សហគមន៍​ដី​ធ្លី ដែល​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ហ្នឹង ក៏​នៅ​មាន​ការ​តស៊ូ​មតិ​នៅ​ខាង​មុខ​ហ្នឹង​ដែរ។ ប៉ុន្តែ​ដូចជា​មិន​មាន​ហានិភ័យ​អី​កើត​ឡើង​ទេ​ណា​ ទៅ​តាម​អ្វី​ដែល​អាជ្ញាធរ​លើកឡើង​នោះ​ទេ»។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ចាត់​ទុកការ​បញ្ជូន​ខ្លួន​កញ្ញា​ សេង ធារី ទៅ​កាន់​ពន្ធនាគារ​ថ្មី​មួយ​ទៀត​ជា​«ការ​សង​សឹក ឬ​ការ​ដៅ​មុខ​សញ្ញា​បន្ថែម​ទៀត» លើស​ពីស្ថាន​ទម្ងន់ទោសដែល​កំពុង​មាន​ស្រាប់។

អ្នកស្រីនិយាយ​ថា​ សកម្មភាព​នៃ​ការ​បញ្ជូន​ខ្លួន កញ្ញា​ សេង​ ធារី នេះ ក៏ជា​រូប​ភាព​នៃ​ការ​ដក​ហូត​សិទ្ធិ​សេរី​ភាព​របស់​សកម្ម​ជន​សិទ្ធិ​មនុស្ស​រូប​នេះ​ផង​ដែរ​ជុំវិញ​ដំណើរ​ការ​ទទួល​បាន​ការ​ការពារ​តាមផ្លូវ​ច្បាប់។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ដឹង​ហើយ​ថា ​ការ​កាត់​ទោស​លើ​ពួក​គាត់​នេះ​មិន​ទាន់​ចូល​ជា​ស្ថាពរ​នៅ​ឡើយ​ទេ។ បាន​ន័យ​ថា​ពួក​គាត់​អាច​នឹង​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ប្តឹង​បន្ត​ទៀត។ អ៊ីចឹង​បើ​សិន​ជា​ក្នុង​ការ​បញ្ជូន​អ្នក​នាង ​សេង ធារី ទៅ​ឆ្ងាយ​នោះ​ វា​នឹង​ដក​ហូត​នូវ​សិទ្ធិ​មួយ​ចំនួន​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ពិគ្រោះ​យោបល់​ជាមួយ​មេធាវី​របស់​គាត់ ព្រោះ​វា​បង្ក​នូវ​ផល​លំបាក​ ដែល​មេធាវី​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ ដើម្បី​ប្រឹក្សា​យោបល់​នានា»។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Chad Roedemeier បាន​ឆ្លើយ​តប​វីអូអេ​តាម​រយៈ​សារ​ជា​អ៊ីមែល​នា​ថ្ងៃ​ចន្ទ​នេះ​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​បាន​ប្រែ​សម្រួល​ក្នុង​ន័យ​ដើម​ថា៖ «មន្ត្រី​ស្ថានទូត​អាមេរិក​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​កញ្ញា សេង ធារី នៅ​ឡើយ​ទេ។ យើង​នៅ​តែ​បន្ត​ទាក់ទង​ជាមួយ​តំណាង​របស់​កញ្ញា ហើយ​នឹង​ផ្តល់​សេវា​កុងស៊ុល​សម​ស្រប កាន់​តែ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

លោក​បាន​បន្ត​ថា៖ «សា​ជា​ថ្មី សហរដ្ឋ​អាមេរិក​ស្នើ​សុំ​ឱ្យ​មាន​ការ​ដោះ​លែងកញ្ញា សេង ធារី និង​សកម្មជន​គណបក្ស​ប្រឆាំង​ដទៃទៀត ដែល​ត្រូវ​បាន​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ជា​បន្ទាន់។ យើង​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​សវនាការ​ជំរុញ​ពី​ក្រោយ​ដោយ​ហេតុ​ផល​នយោបាយ​ ប្រឆាំង​នឹង ពលរដ្ឋ​កម្ពុជា ដែល​អនុវត្ត​សេរីភាព​មូលដ្ឋាន​របស់​ពួកគេ»។

អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ លោក នុត សវនា បាន​ឱ្យ​ដឹង​ថា​ ការ​បញ្ជូន​ខ្លួន​កញ្ញា​ សេង ធារី ទៅ​កាន់​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ​គឺ​ដោយ​សារ​ហេតុ​ផល​សន្តិសុខ និង​សណ្តាប់​ធ្នាប់។ លោក​បន្ថែម​ថា ​ការណ៍​នេះ គឺ​ដើម្បី​បញ្ចៀស​ពី​បញ្ហា​ជាយ​ថា​ហេតុ​ផល​ផ្សេងៗ​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​គាំទ្រ​កញ្ញា សេង ធារី និង​ការ​ពារ​មិន​ឱ្យ​មាន​ការ​រំខាន​ដល់​ការងារ​មន្ត្រី ពលរដ្ឋ​និង​កន្លែង​សាធារណៈ​ជុំវិញ​ពន្ធនាគារ ក៏​ដូចជា​ក្រុម​គ្រួសារ​ជន​ជាប់​ឃុំ​ដែល​មក​សួរ​សុខ​ទុក្ខ។

លោក នុត សវនា បន្តថា ​ទោះ​បី​ការ​បញ្ជូន​ខ្លួន​កញ្ញា​ សេង ធារី ទៅ​កាន់ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ អាច​បង្ក​ការ​លំបាក​ខ្លះ​ដល់​មេធាវី​ការពារ​ក្តី ប៉ុន្តែ​លោក​ថា​ ការណ៍​នេះ​មិន​មាន​គោល​បំណង​បំបាក់​ស្មារតី​មក​លើ​កញ្ញា​ សេង ធារី ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ចោទ​ថា​ជា​ការ​បំបាក់​ស្មារតី​ហ្នឹង មិន​មែន​ជា​ការ​បំបាក់​ស្មារតី​នោះ​ទេ។ នៅ​[ពន្ធនាគារ] ម​២​[មណ្ឌល​អប់រំ​កែ​ប្រែ​ទី​២]​នេះ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​បន្ទប់​ហ្អា ដោយ​សារ​តែ​វា​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ។ អ៊ីចឹង​នៅ​ព្រះ​វិហារ​នោះ​ តាម​ពិត​កន្លែង​ស្នាក់​នៅ វា​ស្រួល​ជាង ព្រោះ​វា​អត់​ចង្អៀត។ ហើយ​យើង​មិន​មែន​ដាក់​គាត់​អី​ឃុំ​ដោយ​ឡែក​ខុស​ពី​គ្នា​ទេ។ យើង​ដាក់​គាត់​ជាមួយ​ស្ត្រី​ដទៃ​ទៀត​ដែរ ដើម្បី​កុំ​ឱ្យ​គាត់​ប៉ះ​ពាល់​សតិ​អារម្មណ៍»។

លោក ជូង ជូងី មេធាវី​របស់​កញ្ញា សេង ធារី ថ្លែង​ថា​ ការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ឆ្ងាយ​បែប​នេះ បង្ក​ការ​លំបាក​សម្រាប់​រូប​លោក​ក្នុង​ការ​ទៅ​ជួប និង​ផ្តល់​ការ​ប្រឹក្សា​ដល់​កូន​ក្តី​របស់​លោក។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា​លោក​នឹង​ទៅ​ជួប​កូន​ក្តី​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះ​វិហារ ដើម្បី​រៀបចំ​ពាក្យ​បណ្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​ផ្តន្ទា​ទោស​លើ​កញ្ញា សេង ធារី៕

XS
SM
MD
LG