ប្រទេស​នាំ​ចូល​អាវុធ​ច្រើន​ជាង​គេ​បង្អស់​លើ​លោក​គឺ​ប្រទេស​កូរ៉េ​ខាងត្បូង

លោក​ស្រី Park Geun-hye ប្រធានាធិបតី​របស់​កូរ៉េ​ខាង​ត្បូង​ត្រួត​ពិនិត្យ​ទាហាន​ជួរ​មុខ​នៅ​ក្នុង​ក្រុង Kyung-gi do កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥។

របាយការណ៍​មួយ​របស់​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញ​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល បាន​ទិញ​សព្វាវុធ​ដែល​មាន​ទឹក​ប្រាក់​សរុប​៧ពាន់​៨រយ​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៤ ដែល​អាវុធ​ភាគច្រើន​ទិញ​ពី​សហរដ្ឋ​អាមេរិក។

របាយការណ៍​នោះ​បង្ហាញ​ថា កូរ៉េ​ខាង​ត្បូង​គឺ​ជា​ប្រទេស​នាំ​ចូល​អាវុធ​ច្រើន​ជាងគេ​បង្អស់​លើ​លោក ដោយ​សារ​ប្រធានាធិបតី​នៃ​ប្រទេស​នេះ គឹ​លោកស្រី Park Geun-hye បាន​សង្កត់​ធ្ងន់​ទៅ​លើ​គោល​នយោបាយ​ទប់ទល់​ជាមួយ​កូរ៉េ​ខាង​ជើង។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ថា អ្នក​ដែល​ឈ្នះ​នៅក្នុង​គោលនយោបាយ​នោះ គឺ​ជា​ប្រទេស​ផលិត​អាវុធ​នៅ​ជុំវិញ​ពិភពលោក។

កាល​ពី​ថ្ងៃ​ទី​សៅរ៍ សប្តាហ៍​មុន កាសែត The New York Times បាន​រាយការណ៍​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​កិច្ច​សន្យា​ទិញ​អាវុធ​ដែល​មាន​តម្លៃ​៧​ពាន់​៨​លាន​ដុល្លារ​អាមេរិក​នេះ​កាល​ពី​ឆ្នាំ​២០១៤ គឺ​ច្រើន​ជាង​ប្រទេស​ណាណា​ទាំង​អស់ ដោយ​បាន​ដក​ស្រង់​របាយការណ៍​មួយ​របស់​សេវាកម្ម​ស្រាវជ្រាវ​នៃ​សភា​អាមេរិក។

កាសែត​ដដែល​បាន​រាយការណ៍​ថា អាវុធ​ដែល​មាន​តម្លៃ​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​ដែល​កូរ៉េ​ខាង​ត្បូង​ទិញ គឺ​ផលិត​នៅ​អាមេរិក។ សព្វាវុធ​ទាំង​នោះ​រួម​បញ្ចូល​យន្តហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក និង​ឧទ្ធម្ភាគចក្រ​សម្រាប់​ដឹកជញ្ជូន​ផង​ដែរ។

បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង ប្រទេស​អ៊ីរ៉ាក់​បាន​ទិញ​អាវុធ ដែល​មាន​ទឹក​ប្រាក់​៧ពាន់​៣រយ​លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន ក្រោយ​ពី​ការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​នោះ។

ប្រទេស​ប្រេស៊ីល​ជាប់​ចំណាត់​ថ្នាក់​ទី​៣​ក្នុង​តារាង​ ដោយ​បាន​ទិញ​សព្វាវុធ ដែល​មាន​ទឹកប្រាក់​៦ពាន់​៥រយ​លាន​ដុល្លារ​អាមេរិក។ សព្វាវុធ​ទាំង​នោះ រួម​មាន​យន្ត​ហោះ ដែល​ផលិត​នៅ​ប្រទេស​ស៊ុយអែត​ផងដែរ។

ចំណែក​ឯ​ ប្រទេស​នាំ​ចេញ​អាវុធ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក គឺ​សហរដ្ឋ​អាមេរិក ដោយ​ប្រទេស​នេះ គ្រប់គ្រង​ជាង​៥០​ភាគ​រយ​នៃ​ទីផ្សារ​នាំ​ចេញ​អាវុធ​លើ​ពិភពលោក។

ការ​នាំ​ចេញ​អាវុធ​របស់​សហរដ្ឋ​អាមេរិក មាន​ទឹក​ប្រាក់​៣ម៉ឺន​៦ពាន់​២រយ​លាន​ដុល្លារនៅ​ឆ្នាំ២០១៤ គឺ​កើន​ឡើង​ជាង​ឆ្នាំ​២០១៣ ប្រមាណ​៣៥ភាគរយ។ កាល​ពី​ឆ្នាំ​២០១៣​នោះ អាមេរិក​លក់​អាវុធ ដែល​មាន​តម្លៃ​២ម៉ឺន​៦ពាន់​៧រយ​លាន​ដុល្លារ។

ក្រៅ​ពី​កូរ៉េ​ខាងត្បូង​ អតិថិជន​សំខាន់ៗ​របស់​អាមេរិក រួម​បញ្ចូល​ប្រទេស​ហ្គាតា និង​អារ៉ាប៊ី​សាអូឌីត​ផងដែរ។

បើ​គិត​ពី​ទឹក​ប្រាក់​ដែល​បាន​ពី​ការ​លក់​អាវុធ​ក្នុង​សកលលោក ដែល​មាន​ការកើន​ឡើង​តែ​បន្តិច គឺ​ពី​៧ម៉ឺន​១​រយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ២០១៣ ទៅ​ដល់​៧ម៉ឺន​១ពាន់​៨រយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ទៅ​មិញ​នោះ ក្រុម​ហ៊ុន​ផលិត​អាវុធ​នៅ​សហរដ្ឋ​អាមរិក​ហាក់ដូច​ជា​រក​ស៊ី​បាន​កាក់កប​គ្រាន់​បើ​ដែរ ក្នុង​អំឡុង​ពេល​នោះ។

ប្រទេស​នាំ​ចេញ​អាវុធ​ធំ​ជាង​គេ​ទី​២​លើ​លោក គឺ​ប្រទេស​រុស្សី។ ប្រទេស​រុស្សី​បាន​លក់​អាវុធ​ដែល​មាន​តម្លៃ​១ម៉ឺន​២រយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន គឺ​ធ្លាក់​ចុះ​តែ​បន្តិច​ប៉ុណ្ណោះ​ពី​១ម៉ឺន​៣រយលាន​ដុល្លារ ដែល​ប្រទេស​នេះ លក់​បាន​កាល​ពី​ឆ្នាំ​២០១៣៕