ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ថ្កោលទោស​កូរ៉េ​ខាង​ជើង​បន្ទាប់​ពី​បាន​បាញ់​គ្រាប់​បែក​នុយក្លេអ៊ែរ


ទីតាំងអាវុធ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​​កូរ៉េខាង​ជើង
ទីតាំងអាវុធ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​​កូរ៉េខាង​ជើង
ភ្នំពេញ៖ ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចូលរួម​ជាមួយ​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ដោយ​បូក​រួម​ទាំង​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ថ្កោល​ទោស​ភ្លាមៗ​ចំពោះ​ការបាញ់​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​ដែល​ប្រកាន់​តឹង​របប​កុម្មុយនីស្ត​ឯកកោ​កូរ៉េខាងជើង។​
យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ពី​បរទេស​បាន​រាយការណ៍​ថា​នៅថ្ងៃ​អង្គារ​នេះ​ប្រទេស​ កូរ៉េ​ខាងជើង​បានបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​ដ៏​មហា​ប្រល័យ​ចេញពី​ក្រោមដី​បាន​សម្រេច​ជា​លើក​ទីបី​ បន្ទាប់​ពី​ការ​បាញ់​លើក​ទីមួយ​ឆ្នាំ​២០០៦​និង​លើក​ទីពីរ​ឆ្នាំ​២០០៩។ ទោះ​បីជា​មាន​ការជំទាស់​ដ៏​ខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិ​ជា​ពិសេស​សហរដ្ឋ​អាមេរិក​យ៉ាងណា​ក៏ដោយ។​

លោក​កុយ កួង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ហៅ​ការ​បាញ់​សាកល្បង​អាវុធនុយ​ក្លេអ៊ែរ​នេះ​ថា​ជា​សកម្មភាព​បង្ក​ហេតុ​ដល់​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​ផង​និង​នៅក្នុង​តំបន់​ផង។​

«កម្ពុជា​មាន​ការសោក​ស្តាយ​យ៉ាងខ្លាំង​ដែល​កូរ៉េខាង​ជើង​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ។​ដោយកូរ៉េខាង​ជើង​ប្រកាន់​យក​វិធាន​ការ​បង្ក​ហេតុ​គំរាម​កំហែង​ដល់​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​ក៏​ដូច​ជានៅ​ក្នុង​តំបន់»។​

ប្រទេស​កូរ៉េ​ខាងជើង​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួនថា​ការបាញ់​សាកល្បង​នេះ​គឺជាវិធាន​ការ​ជាក់ស្តែង​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ខ្លួន​និង​ ប្រឆាំង​នឹង​ នយោបាយ​ចង​អាឃាត​របស់​សហរដ្ឋ​អាមេរិក​ជា​អ្វី​ដែល​កូរ៉េ​ខាង​ជើង​អះអាង​ថា​ជា​ការបំពាន​សិទ្ធិ​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​បាញ់ផ្កាយ​រណប​ក្នុង​គោលដៅ​សន្តិភាព​នាពេល​កន្លង​មក។​

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​និយាយ​ថា​ការបាញ់​សាកល្បង​នេះ​ គឺ​ប្រកប​ដោយសុវត្ថិភាព​និង​ល្អ​ឥតខ្ចោះ​ដោយ​បានបំពាក់​ជាមួយ​គ្រាប់បែកតូចៗនិង​គ្រាប់​ប្រភេទ​A ​ដែល​ពន្លឺ​ថែម​ទៀត​មិន​ដូច​ពី​ការ បាញ់​លើកមុន​នោះ​ទេ​ ប៉ុន្តែ​ថា​វា​មាន​កម្លាំង​ថាមពល​ខ្លាំង​អស្ចារ្យ​ និង​មិន​ធ្វើឱ្យ​ខូចខាត​ដល់​បរិស្ថានដែល​នៅជុំវិញ​តំបន់​នោះ​ទេ។​

អង្គការ​សហ​ប្រជាជាតិ ​សហរដ្ឋ​អាមេរិក ​កូរ៉េខាងត្បូង ​ជប៉ុន ​ចិន ​រុស្ស៊ី ​និង​ប្រទេស​អង់គ្លេស​បាន​ផ្តន្ទាទោស​កូរ៉េ​ខាងជើង​ភ្លាមៗ​ចំពោះ​ទង្វើ​នៃ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែ​ដែល​មានរយៈ​ចម្ងាយ​ឆ្ងាយ​រហូត​ទៅ​ដល់ដែន​ដី​សហរដ្ឋ​អាមេរិក។​

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ធ្វើការ​ថ្កោល​ទោស​ភ្លាមៗ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួនដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។​ដោយ​បាន​ហៅ​ការបាញ់​សាកល្បង​នេះ​ជា​សកម្មភាព​បង្កហេតុ​ដែល​មាន​កម្រិត​ខ្ពស់​ដល់​សន្តិសុខ​ និង​ស្ថេរភាព​ក្នុង​តំបន់​ព្រមទាំង​បានរំលោភ​ទៅលើ​កិច្ចព្រម​ព្រៀង​របស់​អង្គការ​សហ​ប្រជាជាតិ។​

ការបាញ់​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាង​ជើង​បានបង្ក​ឱ្យ​មាន​ការរញ្ជួញ​ដី​កម្រិត​៤,៩​នៃ​រង្វាស់​រ៉ិចទ័រ​ ដែល​មាន​ជម្រៅ​ "សូន្យ" ​គីឡូម៉ែត្រ ​បានកើតមាន​នៅ​ប្រទេស​កូរ៉េ​ខាងជើង។
កាល​ពីពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំ​មុន​នេះ​ប្រទេស​កុម្មុយនីស្ត​ឯកកោ​មួយ​នេះ​បាន​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​ដោយ​បាន​ភ្ជាប់​ជាមួយ​ផ្កាយ​រណប​ប្រកប​ដោយជោគជ័យ​ចេញពី​ឆ្នេរសមុទ្រ​ខាងលិច​នៃ​ប្រទេស
​ហើយ​បាន​បង្ក​ឲ្យ​មាន​ការថ្កោល​ ទោស​ពី​សហគមន៍​អន្តរជាតិ​ជា​ខ្លាំង៕​
XS
SM
MD
LG