នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak បំពេញទស្សនកិច្ចនៅក្រុងកៀវ ដើម្បីប្រកាសអំពីកញ្ចប់ជំនួយថ្មីមួយឱ្យអ៊ុយក្រែន មានរួមការបង្កើនជំនួយយោធាសម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ខុទ្ទកាល័យលោក ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AP។
សេចក្តីថ្លែងការណ៍នេះចែងថា នៅថ្ងៃសុក្រនេះ គេរំពឹងថា លោក Sunak នឹងប្រកាសថាជំនួយយោធាសម្រាប់អ៊ុយក្រែនក្នុងឆ្នាំសារពើពន្ធខាងមុខនឹងមានទឹកប្រាក់២ពាន់ ៥រយលានផោន ស្មើនឹង ៣,២ ពាន់លានដុល្លារ។ ការផ្តល់ប្រាក់ជំនួយនេះគឺសម្រាប់ការទិញមីស៊ីលបាញ់ក្នុងចម្ងាយឆ្ងាយ ការការពារដែនអាកាស គ្រាប់កាំភ្លើងធំនិងសន្តិសុខដែនសមុទ្រ។
លោក Sunak បានបំពេញទស្សនកិច្ចដំបូងនៅប្រទេសអ៊ុយក្រែនកាលពីខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅ ក្នុងពេលខ្លី ក្រោយលោកកាន់តំណែងនាយករដ្ឋមន្ត្រី។ ចក្រភពអង់គ្លេសជាអ្នកគាំទ្រខ្លាំងក្លាមួយដល់អ៊ុយក្រែន។
ចក្រភពអង់គ្លេសគឺជាប្រទេសដែលផ្តល់ជំនួយយោធាធំជាងគេទី ២ ដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក ដែលផ្តល់ជំនួយសរុបចំនួនជិត ៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣។
មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskyy កំពុងជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងកៀវ ផ្តល់ការគាំទ្រដល់អ៊ុយក្រែនបន្ថែមទៀតលើជំនួយយោធារាប់ពាន់លានដុល្លារ ដែលប្រទេសនេះបានទទួលរួចហើយ។
នៅសប្តាហ៍នេះ លោកបានទៅប្រទេសបាល់ទិកតូចៗចំនួនបី គឺលីទុយអានី អេស្តូនី និងឡាតវី ដើម្បីស្វែងរកការសន្យាថ្មី។ បណ្តាប្រទេសនៅអឺរ៉ុបខាងកើតទាំងនេះ ដែលស្ថិតក្នុងចំណោមអ្នកគាំទ្រដ៏រឹងមាំបំផុតរបស់ទីក្រុងកៀវបានសន្យាថា នឹងផ្តល់មីស៊ីល ដ្រូន យន្តហោះចម្បាំង និងគ្រាប់កាំភ្លើងធំ។
លោក Zelenskyy បានព្រមានថា អ៊ុយក្រែន ជាពិសេសត្រូវការប្រព័ន្ធការពារដែនអាកាស ដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ យោងតាមមន្ត្រីនៅទីក្រុងកៀវការវាយប្រហារតាមអាកាសដ៏ធំនាពេលថ្មីៗនេះរបស់រុស្ស៊ីដោយដ្រូននិងមីស៊ីលជាង ៥០០ គ្រឿង នៅចន្លោះថ្ងៃទី ២៩ ខែធ្នូ និងថ្ងៃទី២ ខែមករា ធ្វើឲ្យធនធានការពារដែនអាកាសរបស់អ៊ុយក្រែនខ្សោះនិងងាយរងគ្រោះ។
លោក Sunak បាននិយាយថា ចក្រភពអង់គ្លេសទទួលស្គាល់ថា សន្តិសុខអ៊ុយក្រែន «ជាសន្តិសុខរបស់យើង»។
លោកបាននិយាយបន្តថា៖ «ថ្ងៃនេះ យើងនឹងបន្តទៅមុខទៀតដោយបង្កើនជំនួយយោធារបស់យើង ផ្តល់ដ្រូនរាប់ពាន់គ្រឿង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខថ្មីជាប្រវត្តិសាស្ត្រ ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវការធានាតាមតម្រូវការសម្រាប់រយៈពេលវែង»៕