ពិធីបំពាក់មេដាយជាទូទៅ គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលតំណាងឲ្យការប្រកួតកីឡាអូឡាំពិក នៅពេលដែលក្រុមអត្តពលិកគ្រប់វិញ្ញាសារ ឱនក្បាលដើម្បីទទួលយកនូវការបំពាក់មេដាយដែលពួកគេទទួលបាន។
ប៉ុន្តែ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកក្កដា ក្រុមអត្តពលិក នឹងត្រូវបានប្រគល់មេដាយទាំងនោះ ដែលត្រូវបានដាក់នៅលើថាសទៅវិញ។ ហើយពួកគេនឹងលើកមេដាយទាំងនោះពាក់លើកដោយខ្លួនឯង។
ពិធីប្រគល់មេដាយដោយពាក់ដោយខ្លួនឯងនេះ គឺជាការផ្លាស់ប្តូរមួយក្នុងចំណោមការផ្លាស់ប្តូរជាច្រើន នៅក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំនេះ ខុសពីអ្វីដែលធ្លាប់រៀបចំកាលពីពេលមុនៗ។
បន្ថែមលើនេះ ការផ្លាស់ប្តូរសំខាន់ៗផ្សេងទៀត រួមមានកីឡដ្ឋានធំៗនឹងគ្មានមនុស្សទស្សនាដោយផ្ទាល់ ការហាមឃាត់ក្រុមអត្តពលិកមិនឲ្យអបអរសាទរដោយការទះដៃគ្នា ឬការឱបគ្នា ហើយក៏គ្មានកម្មវិធីកាន់ភ្លើងគប់ផងដែរ។
លោក Alessandro Libri ដែលជាអ្នកសារព័ត៌មានម្នាក់ប្រចាំទីក្រុងតូក្យូថ្លែងថា ព្រឹត្តិការណ៍ដែលធ្វើឡើងដោយមានការរឹតត្បិតបែបនេះ គួរឲ្យសោកស្តាយណាស់។
លោក Libri ថ្លែងថា៖ «ពិតណាស់ ជនជាតិជប៉ុន គឺជាក្រុមអ្នកដែលពូកែខាងរៀបចំព្រឹត្តិការណ៍សាកលលោកបានយ៉ាងល្អ។ ប៉ុន្តែ វាជាកិច្ចការដ៏ពិបាកបំផុត ក្នុងការព្យាយាមធ្វើឲ្យការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ ដែលគ្មានការចូលរួមអបអរសាទរដែលជាធាតុស្នូលដ៏សំខាន់សម្រាប់ការប្រកួតគ្រប់វិញ្ញាសាររបស់កីឡាអូឡាំពិក ទទួលបាននូវស្មារតីគាំទ្រឡើងវិញ»។
សំណួរដែលពិបាកឆ្លើយមួយទៀតនោះគឺថា តើមនុស្សនៅជុំវិញពិភពលោក ចាប់អារម្មណ៍លើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំនេះដល់កម្រិតណា។
ខណៈដែលការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ កំពុងតែស្ថិតនៅក្នុងស្ថានភាពមួយដ៏គួរឲ្យព្រួយបារម្ភនៅឡើយ មានការរំពឹងទុកថា មនុស្សតិចតួចណាស់ នឹងមានចំណាប់អារម្មណ៍លើព្រឹត្តិការណ៍ឆ្នាំនេះ ដែលសារព័ត៌មានមួយចំនួនបានហៅការប្រកួតកីឡាអូឡាំពិកឆ្នាំថា ជា«កីឡាអូឡាំពិកដែលគ្មានភាពរីករាយ»។
យោងតាមការស្ទង់មតិមួយរបស់ក្រុមហ៊ុន Ipsos ៤៦ ភាគរយនៃអ្នកចូលរួមក្នុងការស្ទង់មតិនេះនិយាយថា ពួកគេចាប់អារម្មណ៍លើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំនេះ ដែលប្រព្រឹត្តឡើងនៅទីក្រុងតូក្យូ។
អ្វីដែលជាការព្រួយបារម្ភមួយទៀតនោះគឺថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំនេះអាចនឹងក្លាយជាព្រឹត្តិការណ៍ចម្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅទីក្រុងតូក្យូ។
បច្ចុប្បន្ននេះ ទីក្រុងតូក្យូកំពុងស្ថិតនៅក្នុងស្ថានភាពអាសន្ននៅឡើយ បន្ទាប់ពីករណីឆ្លងជំងឺកូវីដ១៩ បានកើនឡើង។ លោក Libri និយាយថា មកទល់ពេលនេះ ក្រុមអត្តពលិកបីនាក់ហើយត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ ដែលបង្កឲ្យសារព័ត៌មានជាច្រើនសរសេរអត្ថបទបែបរិះគន់ខ្លាំងៗលើព្រឹត្តការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំនេះ។
លោក Libri ថ្លែងថា៖ «វាមិនគួរក្លាយទៅជាយ៉ាងនេះសោះ។ ច្បាស់ណាស់ រាល់ព្រឹត្តិការណ៍កីឡាអូឡាំពិក អ្នកសារព័ត៌មានទទួលបាននូវឱកាសរិះគន់ខ្លះៗ ពីនេះពីនោះដែរ ប៉ុន្តែស្ថានភាពពេលនេះគឺថា មានការរិះគន់ខ្លាំងណាស់ ក្នុងរយៈពេលត្រឹមពីរបីថ្ងៃ មុនការប្រកួតចាប់ផ្តើមដំណើរការប៉ុណ្ណោះ»។
ទោះជាយ៉ាងណាក្តី ក្រុមអ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកសង្ឃឹមថា នៅពេលការប្រកួតចាប់ផ្ដើម ចំណាប់អារម្មណ៍របស់មនុស្សនឹងងាកចេញពីជំងឺរាតត្បាតកូវីដ១៩។ ក៏ប៉ុន្តែ ការបង្វែរចំណាប់អារម្មណ៍នេះ អាចពិបាកនឹងកើតឡើងណាស់។
លោក Jack Tarrant គឺជាអ្នកសារព័ត៌មានសេរីម្នាក់ប្រចាំទីក្រុងតូក្យូ។ លោកនិយាយថា មានការរឹតត្បិតខ្លាំងណាស់លើការចូលទៅជួបកីឡាករពីសំណាក់ក្រុមការងាររបស់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ក្រោមគោលការណ៍ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
លោក Tarrant ថ្លែងថា៖ «យើងនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទៅជិតក្រុមអត្តពលិក ដើម្បីស្គាល់ពួកគេឲ្យបានច្បាស់ និងដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេទេ។ ហើយការដឹងរឿងរ៉ាវផ្ទាល់ខ្លួនទាំងនេះ គឺជាផ្នែកដ៏សំខាន់មួយនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ។ ផ្ទុយទៅវិញ អ្វីៗនឹងធ្វើឡើងតាមរយៈការសម្ភាសជាវីដេអូតាមប្រព័ន្ធអ៊ីនធឺណិតទៅវិញ»។
ហើយដើម្បីបង្កើតទំនាក់ទំនងជាមួយនឹងអ្នកទស្សនា ក្រុមអ្នករៀបចំកម្មវិធីពឹងផ្អែកទាំងស្រុងលើប្រព័ន្ធបច្ចេកវិទ្យាតាមអ៊ីនធឺណិត។ អ្នកគាំទ្រអាចបង្ហោះរូបភាពសែលហ្វី ដែលនឹងលេចឡើងនៅលើផ្ទាំងបង្ហាញរូបភាពធំៗជាសាធារណៈ។ ពួកគេក៏អាចសរសេរពាក្យថា «អបអរសាទរ» តាមអនឡាញ ហើយសារអបអរនោះនឹងផ្សព្វផ្សាយក្នុងទម្រង់ឌីជីថល នៅលើបណ្ដាញសង្គម និងនៅលើផ្ទាំងកញ្ចក់ទូរទស្សន៍នៅក្នុងកីឡដ្ឋានផងដែរ។ ក្រុមអត្តពលិកដែលបានបញ្ចប់ការប្រកួតប្រជែងក៏អាចបង្ហាញប្រតិកម្មតបទៅមិត្តភក្តិ និងក្រុមគ្រួសារនៅឯប្រទេសកំណើតរបស់ខ្លួន តាមរយៈសារជាវីដេអូតាមបណ្តាញសង្គមផងដែរ។
ប៉ុន្តែ លោក Tarrant និយាយថា វីធីបែបនេះ ត្រូវបានគេព្យាយាមសាកល្បងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡានានានៅលើពិភពលោករួចហើយ ហើយវាបរាជ័យ ក្នុងការបង្កើតស្មារតីអបអរសាទរជារួម និងពិតប្រាកដ។
លោក Tarrant ថ្លែងថា៖ «វាមិនអាចដូចគ្នាទេ។ ខ្ញុំគិតថា ព្រឹត្តិការណ៍កីឡាអូឡាំពិកប្រហែលជាត្រូវការការប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញឲ្យមានស្មារតីចូលរួមដ៏ពិតប្រាកដ ពីព្រោះព្រឹត្តិការណ៍នេះខុសពីការប្រកួតកីឡាតាមក្លឹប ឧទាហរណ៍ដូចជានៅសហរដ្ឋអាមេរិកជាដើម។ សម្រាប់ព្រឹត្តិការណ៍នេះ អ្នកគាំទ្រហាក់ដូចជាមិនសូវជាចាប់អារម្មណ៍ខ្លាំងលើក្រុមកីឡាករ ឬលើកីឡាករណាមួយឲ្យជាក់លាក់នោះទេ។ មនុស្សភាគច្រើនទស្សនាព្រឹត្តិការណ៍អូឡាពិកនេះម្ដងម្កាលប៉ុណ្ណោះ។ ដូច្នេះយើងក៏មិនគួរមានការភ្ញាក់ផ្អើលដែរ នៅពេលឃើញទីលានប្រកួតគ្មានមនុស្សចូលទស្សនា ហើយដែលមើលទៅហាក់ដូចជាគ្មានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ»។
យ៉ាងណាមិញ ពិធីសម្ពោធចាប់ផ្ដើមការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ នឹងត្រូវប្រារព្ធធ្វើឡើងដូចធម្មតា តាមប្រពៃណីរបស់កីឡានេះកាលពីពេលមុនៗ ដោយមានការដើរក្បួនព្យុហយាត្រារបស់ក្រុមកីឡាករ ការសម្ដែងតន្ត្រី និងការបាញ់កាំជ្រួច។
ក៏ប៉ុន្តែ មនុស្សត្រឹមតែជាង១ពាន់នាក់ប៉ុណ្ណោះត្រូវគេរំពឹងថា នឹងអាចចូលរួមព្រឹត្តិការណ៍បើកសម្ពោធនេះបាន។ នេះមានន័យថា ភាគច្រើននៃកៅអីសម្រាប់អ្នកចូលរួមសរុបប្រមាណ ៦ម៉ឺនកៅអីនៅក្នុងកីឡដ្ឋានដែលមានតម្លៃជាទឹកប្រាក់ ១,៤ ពាន់លានដុល្លារ នឹងគ្មានមនុស្សអង្គុយ។ ហើយកីឡដ្ឋានដ៏ថ្លៃមួយនេះ ត្រូវបានគេសាងសង់ឡើងក្នុងគោលបំណងសម្រាប់តែព្រឹត្តិការណ៍នេះតែប៉ុណ្ណោះ៕