គ្រូពេទ្យ​នឹង​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​តាម​ទូរស័ព្ទ​ ឬ​វីដេអូ ជំនួស​ការ​ជួប​ផ្ទាល់

នេះ​ជា​រូបភាព​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​អ្នក​ជំងឺ និង​គ្រូពេទ្យ​តាម​រយៈ​វីដេអូ។

នៅ​ពេល​ដែល​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​វាយលុក​នៅ​ក្នុង​សហរដ្ឋអាមេរិក​កាលពី​ពាក់​កណ្តាល​ខែ​មីនា ការ​ទៅ​ពិនិត្យ​សុខភាព​នៅ​គ្លីនិក​ដោយ​ផ្ទាល់​បាន​ធ្លាក់​ចុះ​ខ្លាំង ខណៈ​ដែល​មនុស្សម្នា​នាំ​គ្នា​នៅ​ក្នុង​ផ្ទះ​ដើម្បី​ការពារ​ខ្លួន​ពួកគេ​ពី​វីរុស​នេះ។

ប៉ុន្តែ​បទ​បញ្ជា​ឲ្យ​នៅ​ផ្ទះនេះ​បាន​ជំរុញ​ឲ្យ​ម្នាក់ៗ​ស្វែងរក​វិធី​ផ្សេង​ដើម្បី​ពិគ្រោះ​យោបល់​បញ្ហា​សុខភាព​ជាមួយ​នឹង​វេជ្ជបណ្ឌិត​របស់​ពួកគេ ដោយ​និយាយ​តាម​ទូរស័ព្ទ​ សារ​អេឡិចត្រូនិច​ ឬ​អ៊ីម៉ែល ឬ​និយាយ​ឆ្លើយឆ្លង​តាម​វីដេអូ​ជាដើម។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មីមួយ​ដែល​បាន​រក​ឃើញ។

បច្ចុប្បន្ន​នេះ ៣០ភាគរយ​នៃ​អ្នក​ជំងឺ​ពិគ្រោះ​យោបល់​បញ្ហា​សុខភាពជួប​គ្រូពេទ្យ​តាម​ទូរស័ព្ទ​ ឬ​វីដេអូ ដែលនេះ​កើន​ពី​ក្រោម​១ភាគរយ​កាលពី​ដើម​ខែ​មីនា។ នេះ​បើ​យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ Harvard និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថែរក្សា​សុខភាព Phreesia។

លោក Ateev Mehrotra សាស្ត្រាចារ្យ​មួយរូប​នៅ​សាលាពេទ្យ​នៃ​សាកលវិទ្យាល័យ​ Harvard​ និង​ជា​អ្នក​ស្រាវជ្រាវ​ក្នុង​ការ​សិក្សា​មួយ​នេះ​ផងដែរ​បាន​ថ្លែងថា៖ «នេះ​ជា​ការ​ផ្លាស់​ប្តូរ​ខ្លាំង​មួយ។ ការ​ផ្លាស់ប្តូរ​នេះ​យើង​រំពឹង​ថា​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​មួយ​ទសវត្សរ៍ មិនមែន​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ទេ»។

ការ​រង់ចាំ​បដិវត្តន៍​នៃ​ការ​ពិនិត្យ​សុខភាព​តាម​ទូរស័ព្ទ​ ឬ​វីដេអូ

ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ជាមួយ​នឹង​វេជ្ជបណ្ឌិត​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ ជាមួយ​នឹង​អ្នក​ជំនាញ​សើស្បែក​និង​បញ្ហា​ផ្លូវ​ចិត្ត ការ​ជួប​ជាមួយ​នឹង​ពេទ្យ​តាម​ទូរស័ព្ទ ​ឬ​វីដេអូ​គឺ​ជា​រឿង​ធម្មតា។

នៅ​ក្នុង​សហគមន៍​តាម​ជន​បទ​នានា​ក្នុង​សហរដ្ឋ​អាមេរិក ដែល​យើង​ឃើញ​ចំនួន​មន្ទីពេទ្យ​និង​គ្រូពេទ្យ​មាន​ការ​ធ្លាក់​ចុះ​នោះ ការ​ជួប​ពេទ្យ​តាម​ទូរស័ព្ទ​ និង​វីដេអូ​ក្លាយ​ជា​ការ​ចាំ​បាច់។

ប៉ុន្តែ​ទាក់ទង​នឹង​ការ​ជួប​គ្រូពេទ្យ​ប្រចាំកាយ​វិញ ក្រុម​វេជ្ជបណ្ឌិត អ្នក​ជំងឺ​និង​អ្នក​តាក់តែង​ច្បាប់​ទំនង​ជាប់គាំង​គ្មាន​ដំណោះស្រាយ​ដើម្បី​ស្វែង​រក​វិធី​ពិគ្រោះ​ឬ​ពិនិត្យ​សុខភាព​ណា​ក្រៅពី​ការ​ជួប​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ។

វេជ្ជបណ្ឌិត​មួយ​ចំនួន​ថ្លែងថា ការណាត់​ជួប​តាម​វីដេអូ​អាច​ពិនិត្យ​បាន​ច្រើន។

លោក​វេជ្ជបណ្ឌិត Edward Lee វេជ្ជបណ្ឌិត​ទូទៅ​និង​ជា​នាយក​ផ្នែក​ព័ត៌មាន​នៅ​សហព័ន្ធ​មន្ទីពេទ្យ Kaiser Permanente ដែល​មាន​អ្នកជំងឺ​ ឬ​សមាជិក​ជាង១២លាន​នាក់​បាន​ថ្លែង​ថា៖ «ការ​ពិនិត្យ​មើល​ស្បែក​កន្តួល​រមាស់ ប្រជ្រុយ​នៅ​លើ​ដៃ យើង​អាចពិនិត្យ​បាន​យ៉ាង​ល្អ​តាម​វីដេអូ (telehealth)»។

លោក​បាន​ថ្លែងថា៖ «ប្រសិន​បើ​យើង​ត្រូវ​ចាក់​ថ្នាំ ឬ​ព្យាបាល ​(វះកាត់)​ បន្តិចបន្តួច យើង​មិន​អាច​ធ្វើ​បាន​តាម​ទូរស័ព្ទ​ ឬ​វីដេអូ​នោះ​ទេ។ ហើយ​ក្នុង​ស្ថានភាព​ដែល​ចាំបាច់ យើង​ត្រូវ​ឲ្យ​អ្នក​ជំងឺ​មក​ជួប​យើង​នៅ​មន្ទីរពេទ្យ»។

លោក Mehrotra សាស្ត្រាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ Harvard ថ្លែងថា ក្រុម​វេជ្ជបណ្ឌិត​និង​អ្នក​ជំងឺ​កំពុង​ព្យាយាម​ប្រើប្រាស់​ការ​ពិគ្រោះ​បញ្ហា​សុខភាព​តាម​ទូរស័ព្ទ​និង​វីដេអូ ប៉ុន្តែ​វា​មាន​កំណត់។

លោក​បាន​ថ្លែងថា៖ «បើ​យោង​តាម​អ្វី​ដែល​យើង​ឮ​ពី​គ្រូពេទ្យ​ដែល​បាន​សាកល្បង​ជួប​អ្នក​ជំងឺ​តាម​ទូរស័ព្ទ ​ឬ​វីដេអូ ខ្ញុំគិតថា​និន្នាការ​នេះ​នឹង​បន្ត​កើន​ឡើង​ក្រោយ​ជំងឺ​រាតត្បាត​នេះ​បញ្ចប់។ ប៉ុន្តែ​ខ្ញុំ​ក៏​ឮ​ពី​វេជ្ជបណ្ឌិត​ជា​ច្រើន​ផង​ដែរ​ថា ពួកគេ​ចូលចិត្ត​ការ​ពិគ្រោះ​សុខភាព​តាម​ទូរស័ព្ទ​ ឬ​វីដេអូ ប៉ុន្តែ​ពួកគេ​នៅ​តែ​ចូលចិត្ត​ការ​ជួប​អ្នក​ជំងឺ​ដោយ​ផ្ទាល់​ជាង។ ពួកគេ​ថា​មិន​អាច​ពិនិត្យ​សុខភាព​ឲ្យ​បាន​ពេញលេញ​តាម​ទូរស័ព្ទ ​ឬ​វីដេអូ​នោះ​ទេ»។

តម្លៃ​ជួប​គ្រូពេទ្យ​តាម​វីដេអូ​ស្មើ​នឹង​តម្លៃ​ជួប​ដោយ​ផ្ទាល់

ការ​សម្រេច​ខាង​គោល​នយោបាយ​នេះ​ក៏​កំពុង​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​ ការ​ពិគ្រោះ​បញ្ហា​សុខភាព​តាម​ទូរស័ព្ទ​ ឬ​វីដេអូ​ផងដែរ។ នៅ​មុន​ការ​រាតត្បាត​នៃ​កូវីដ១៩ ទីភ្នាក់ងារ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​សុខភាព​ចំណាយ​តិច​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ដែល​ពួកគេ​ចំណាយ​ជា​ធម្មតា ពេល​គ្រូពេទ្យ​ពិគ្រោះ​បញ្ហា​សុខភាព​តាម​ទូរស័ព្ទ​ ឬ​វីដេអូ។ ឥឡូវ​ពួក​គេ​បាន​បង្កើន​ការបង់ថ្លៃ​សេវា​ពិគ្រោះ​តាម​ទូរស័ព្ទ​ឬ​វីដេអូ​ឲ្យ​ស្មើ​នឹងតម្លៃ​ការ​ជូបពិគ្រោះ​ផ្ទាល់ នេះ​បើ​តាម​គេហទំព័រ​ព័ត៌មាន​សុខភាព Kaiser Health News។

អ្នកតាក់តែង​ច្បាប់​សហព័ន្ធ​ក៏​បាន​ផ្អាក​បណ្តោះ​អាសន្ន​ក្នុង​ការ​គោរព​ទៅ​ច្បាប់​ឯកជន​ភាព​របស់​អ្នកជំងឺ។ ការ​ធ្វើ​ដូច្នេះ​ក្រុម​វេជ្ជបណ្ឌិត​អាច​ប្រើប្រាស់​កម្មវិធី​បច្ចេកវិទ្យា​ដូចជា Skype FaceTime និង Whatsapp ជាដើម។ នេះ​បើ​យោង​តាម​អង្គការ Consumer Reports។ វីធី​មួយ​ផ្សេង​ទៀត​សម្រាប់​មន្ទីរពេទ្យ​និង​ក្រុម​វេជ្ជបណ្ឌិត​គឺ​ស្វែង​រក​ក្រុមហ៊ុន​ដែល​ផ្តោត​លើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺ​ដែល​អាច​ផ្តល់​ការ​ហៅទូរស័ព្ទ​ ឬ​វីដេអូ​ដែល​មាន​សុវត្ថិភាព។ ប៉ុន្តែ​វា​អាច​ចំណាយ​ពេល​យូរ​បន្តិច។

លោក Mehrotra មិន​ប្រាកដ​ថា ការ​កើន​ឡើង​នៃ​ការ​ពិគ្រោះ​បញ្ហា​សុខភាព​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ និង​វីដេអូ​ក្រោយ​ការ​រាតត្បាត​នេះ​ជា​មាគ៌ា​ត្រឹមត្រូវ​សម្រាប់​ប្រព័ន្ធសុខាភិបាល​អាមេរិក​ទេ។

ប៉ុន្តែ​លោក​ថ្លែងថា កន្លែង​មួយ​ដែល​ការ​ពិគ្រោះ​បញ្ហា​សុខភាព​អាច​ត្រូវ​ការ​ពេល​យូរ​នោះ​គឺ​នៅតាម​តំបន់​ជនបទ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍ ទីដែល​ការ​ជួប​គ្រូពេទ្យ​អាច​មាន​ការ​លំបាក។

លោក​ថ្លែងថា៖ «​នៅ​តំបន់​ទាំង​នេះ ការ​ពិនិត្យ​សុខភាព​តាម​ទូរស័ព្ទ​និង​វីដេអូ​មាន​សក្តានុពល។ វា​អាច​ជួយសង្គ្រោះ​ជីវិតបាន»៕

ប្រែសម្រួល​ដោយ​ ស្រេង លក្ខិណា