លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីនៅថ្ងៃសៅរ៍ខាងមុខ និងជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននៅថ្ងៃអាទិត្យ នៅពេលដែលមេដឹកនាំទាំង២ចាប់ផ្តើមរៀបចំជំនួបកំពូលលើកទី២រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានទាយទុកជាមុននៃដំណើរទស្សនកិច្ចនេះថា ជំនួបរវាងលោកត្រាំ និងលោកគីមនឹងកើតមាននៅពេលណាមួយខាងមុខ។ ដំណើរទស្សនកិច្ចរបស់លោក Pompeo ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងសេអ៊ូលបានទទួលស្គាល់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចមានអាវុធនុយក្លែអ៊ែរចំនួន៦០គ្រាប់ ដែលបានស្តុកទុក។ កិច្ចការនៃការរៀបចំគម្រោងពិភាក្សាមិនធ្វើឲ្យមានអាវុធនុយក្លែអ៊ែរ ប្រហែលមានការពិបាក។
អស់រយៈពេលមួយឆ្នាំ ដែលកូរ៉េខាងជើងបានចូលរួមក្នុងសហគមន៍អន្តរជាតិ ប្រទេសមួយចំនួនបានអំពាវនាវឲ្យមានការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កូរ៉េខាងជើងជាការលើកទឹកចិត្តចំពោះឥរិយាបទរបស់ខ្លួន។ នេះបើយោងតាមលោកEvan Rees អ្នកវិភាគសម្រាប់តំបន់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិកនៅអង្គការ Stratfor។
រដ្ឋាភិបាលក្រុងប៉េកាំង និងម៉ូស្គូបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យវាយតម្លៃឡើងវិញពីការដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បាននិយាយថា ចំណងទាក់ទងដ៏កក់ក្តៅឡើង និងការអភិវឌ្ឍប្រកបដោយវិជ្ជមានរវាងកូរ៉េខាងជើង និងខាងត្បូង និងទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយសហរដ្ឋអាមេរិក ត្រូវតែមានការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនយល់ស្រប ដោយនិយាយថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើងនឹងនៅតែស្ថិតជាធរមាន៕