កាសែត The Cambodia Daily ប្រកាស​បញ្ចប់​ការ​បោះពុម្ព​ផ្សាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ

ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)

កាសែត The Cambodia Daily ប្រកាស​បិទ​បញ្ចប់​ការ​ចេញផ្សាយ​របស់​ខ្លួន​ត្រឹម​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ ដោយ​បាន​ហៅ​រដ្ឋាភិបាល​កម្ពុជា​ថា ជា​អ្នក​បំផ្លាញ​កាសែត​មួយ​នេះ ក្រោយ​ពី​កាសែតនេះ បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​២៤​ឆ្នាំ​មក​ហើយ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយរបស់​កាសែត The Cambodia Daily ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​បិទ​កាសែត​នេះ ប្រសិន​បើ​កាសែត​ជា​ភាសា​អង់គ្លេស​និង​ភាសា​ខ្មែរមួយ​នេះ មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​នូវទឹក​ប្រាក់​ចំនួន​ជាង​៦​លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​កម្ពុជា និយាយ​ថា កាសែត​នេះ​ ខកខាន​មិន​បាន​បង់​ អស់រយៈពេល​១០ឆ្នាំ​ចុងក្រោយ​នេះ។

ប៉ុន្តែ ចាងហ្វាង​កាសែត​នេះ និយាយ​ថា ការ​តម្រូវ​ឲ្យ​បង់​ពន្ធ​នេះ គឺ​គ្រាន់​តែ​ជា​លេស​នយោបាយ​ប៉ុណ្ណោះ ដោយសារ​រដ្ឋាភិបាល​ មិន​បាន​ពិចារណា​ ពិនិត្យ​មើល​គណនេយ្យ​ចំណូល​និង​ចំណាយ​របស់​កាសែត​នេះ តាម​ការ​ស្នើ​សុំ​នោះ​ឡើយ។

សេចក្ដី​ថ្លែងការណ៍​របស់​កាសែត The Cambodia Daily បញ្ជាក់​ថា នៅ​ត្រឹម​ថ្ងៃ​ច័ន្ទ ខ្លួន​នឹង​បញ្ចប់​ការ​ផ្ដល់​សេវាកម្ម​ព័ត៌មាន​ ដល់​ពលរដ្ឋ​កម្ពុជា ហើយ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​និង​បុគ្គលិក​របស់​ខ្លួន ដែល​បាន​ព្យាយាម​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន ដើម្បី​រាយការណ៍​«រាល់​ដំណឹង​ទាំងអស់​ដោយ​ឥត​ភ័យ​ខ្លាច​ឬ​លម្អៀង»ឡើយ។

និពន្ធ​នាយក​កាសែត​ The Cambodia Daily ​គឺ​លោកស្រី Jodie Dejongeបាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ថា «នេះ​គឺ​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​មួយ​សម្រាប់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា»។

ការ​ប្រកាស​បញ្ចប់​ការ​ចេញ​ផ្សាយ​របស់​កាសែត​ The Cambodia Daily ​នេះ កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​គឺ​លោក កឹម សុខា ត្រូវ​បាន​ចាប់ខ្លួននៅ​គេហដ្ឋាន​របស់​លោក ទាំង​រំលង​អធ្រាត្រ​ថ្ងៃ​សៅរ៍ ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​នេះ ពី​បទ«ក្បត់ជាតិ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារព័ត៌មាន​ AFP ដដែល។

ការ​ប្រកាស​បិទ​ទ្វារ​របស់​កាសែត​ The Cambodia Daily​ នេះ ក៏​ធ្វើឡើង​ចំ​ពេល​ដែល​ក្រសួង​ព័ត៌មាន បាន​បង្គាប់​ឲ្យ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​យ៉ាង​តិច​ពីរ​ទៀត​គឺ​វិទ្យុ​សំបុក​ឃ្មុំ FM 105 និង​វិទ្យុ​ព័ត៌មាន​ស្ត្រី​កម្ពុជា FM 102​ បញ្ឈប់​ការ​ចាក់​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOAនិង​វិទ្យុ​អាស៊ី​សេរី RFA​ ផង​ដែរ។

កាសែត The Cambodia Daily គឺ​ជា​កាសែត​ឯករាជ្យ​មួយ​ក្នុង​ចំណោម​សារព័ត៌មាន​ឯករាជ្យ​តិចតួច​ប៉ុណ្ណោះដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា។

កាសែត​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​២៤​ឆ្នាំ​មុន ដោយ​អ្នក​កាសែត​អាមេរិកាំង​ជើង​ចាស់​មួយ​រូប​គឺ​លោក Bernard Krisher។ កាសែត​នេះ បោះពុម្ព​ជា​ភាសា​អង់គ្លេស ហើយ​ក៏​មាន​អត្ថបទ​ជា​ភាសា​ខ្មែរ​ខ្លះ​ដែរ ដែល​ភាគច្រើន រិះគន់​រដ្ឋាភិបាល​កម្ពុជា។

កាល​ពី​ខែ​មុន អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា បាន​លើកឡើង​ថា កាសែតThe Cambodia Daily បាន​ជំពាក់​ពន្ធ​រដ្ឋ​ចំនួន​៦.៣​លាន​ដុល្លារ​អាមេរិក ហើយ​ក្រោយ​មក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ហៅ​ម្ចាស់​កាសែត​នេះ​ថា​ជា​«ចោរ» ហើយ​ក៏​បាន​ព្រមាន​បិទ​កាសែត​នេះ​ចោល ប្រសិន​បើ​កាសែត​នេះ មិន​ព្រម​បង់ពន្ធ​ទេ​នោះ៕